សិស្សថ្នាក់ទី៣ខ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានឡើងធ្វើបទបង្ហាញមួយជាភាសាអង់គ្លេស ក្រោមប្រធានបទ “Cambodia Needs Peace (កម្ពុជាត្រូវការសន្តិភាព) ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតម្លៃនៃសន្តិភាពនៅក្នុងសង្គមរស់នៅ។ បទបង្ហាញនេះដឹកនាំដោយ លោក ស្រស់ គឹមសឿន គ្រូភាសាអង់គ្លេសកម្រិតទី៣។
.jpg)
ការធ្វើបទបង្ហាញនេះ មានគោលបំណងបណ្តុះស្មារតីឱ្យសិស្សស្រឡាញ់សន្តិភាព ព្រមទាំងលើកឡើងអំពីផលវិបាកនៃសង្គ្រាម និងការចងចាំមេរៀនពីអតីតកាល ដើម្បីរួមចំណែកកសាងអនាគតដ៏ល្អប្រសើរ។ សិស្សបានប្រើសិល្បៈគំនូរជាមធ្យោបាយបង្ហាញគំនិត និងអារម្មណ៍របស់ខ្លួនយ៉ាងច្នៃប្រឌិត និងជ្រាលជ្រៅ។
លោក ស្រស់ គឹមសឿន គ្រូភាសាអង់គ្លេសកម្រិតទី៣ បានប្រាប់ថា ក្នុងចំណោមរូបភាពគំនូរ មានរូបមួយដែលសិស្សយល់ថាមានអត្ថន័យជ្រាលជ្រៅបំផុត ដោយនៅចំកណ្តាលផ្នែកខាងក្រោម មានអក្សរធំៗសរសេរថា “CAMBODIA NEEDS PEACE!” (កម្ពុជាត្រូវការសន្តិភាព!) ដែលជាសារដ៏រឹងមាំ និងជាបេះដូងនៃគំនូរទាំងមូល។ លើសពីនេះ មានរូបគំនូរកុមារីលើកដៃសំពះ និងរូបយុវជនដែលមានទឹកមុខក្រៀមក្រំ អមដោយសម្តី “We don’t want war!” (យើងមិនចង់បានសង្គ្រាមទេ!) និង “Cambodia only needs peace” (កម្ពុជាត្រូវការតែសន្តិភាពប៉ុណ្ណោះ) ដែលបង្ហាញយ៉ាងច្បាស់ពីការទាមទារសិទ្ធិរស់រានមានជីវិតដោយសុខសាន្តរបស់កុមារ។
គំនូរនេះក៏បានបង្ហាញពីក្តីសង្ឃឹម ភាពកក់ក្តៅ និងស្នាមញញឹម ដោយឆ្លុះបញ្ចាំងថា នៅពេលមានសន្តិភាព គ្រួសារអាចរស់នៅជួបជុំគ្នាដោយគ្មានការភ័យខ្លាច ខណៈកុមារអាចលេងកម្សាន្ត និងរៀនសូត្របានយ៉ាងពេញលេញ។
.jpg)
តាមរយៈស្នាដៃនេះ សិស្សចង់ផ្ញើសារទៅកាន់សង្គម និងពិភពលោកថា “សន្តិភាពមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែកើតចេញពីការយោគយល់ និងការអត់ឱនឱ្យគ្នា”។ សិស្សបានបញ្ជាក់ថា កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព និងប្រាថ្នាឱ្យពិភពលោកទាំងមូលជៀសផុតពីភ្លើងសង្គ្រាម។
សិស្សក៏បានលើកឡើងថា សន្តិភាពមានសារៈសំខាន់យ៉ាងខ្លាំងចំពោះអនាគតកុមារកម្ពុជា ដោយសន្តិភាពប្រៀបដូចជា “ដង្ហើមនៃអនាគត”។ បើគ្មានសន្តិភាព កុមារមិនអាចទៅសាលារៀន មិនអាចមានសុខភាពល្អ និងមិនអាចសម្រេចសុបិនរបស់ខ្លួនបានឡើយ ខណៈសន្តិភាពជាធាតុធានានូវការលូតលាស់ទាំងស្មារតី និងចំណេះដឹង។
លើសពីនេះ សិស្សបានរំលែកពីវិធីដែលខ្លួនអាចចូលរួមលើកកម្ពស់សន្តិភាពនៅសាលារៀន និងក្នុងសហគមន៍ ដោយចាប់ផ្តើមពីការមិនប្រើអំពើហិង្សា ការដោះស្រាយបញ្ហាតាមរយៈការពិភាក្សា ការរាប់អានមិត្តភក្តិដោយស្មោះត្រង់ និងការចែករំលែកចំណេះដឹងអំពីតម្លៃនៃសន្តិភាពទៅកាន់អ្នកជុំវិញខ្លួន។
ការធ្វើគំនូរជាក្រុមក្នុងគម្រោងនេះ បានបង្រៀនសិស្សអំពីការសហការ ការគោរពគ្នាទៅវិញទៅមក និងការស្តាប់មតិគ្នា។ ពណ៌ផ្សេងៗដែលបានយកមកលាបលើផ្ទាំងគំនូរតែមួយ ត្រូវបានប្រៀបធៀបដូចជាមនុស្សដែលមានមតិខុសគ្នា ប៉ុន្តែអាចបង្កើតលទ្ធផលដ៏ស្រស់ស្អាតបាន ប្រសិនបើមានសាមគ្គីភាព និងការសហការល្អ។
លោកគ្រូ ស្រស់ គឹមសឿន បានបញ្ជាក់បន្ថែមថា បន្ទាប់ពីបញ្ចប់គម្រោងនេះ សិស្សបានសន្និដ្ឋានមេរៀនដ៏សំខាន់ថា “ការថែរក្សាសន្តិភាព គឺចាប់ផ្តើមពីយើងទាំងអស់គ្នា”។ សិស្សយល់ច្បាស់ថា សន្តិភាពមានតម្លៃមហាសាល ហើយសាមគ្គីភាពគឺជាអាវុធដ៏មានប្រសិទ្ធភាពបំផុតក្នុងការប្រឆាំងនឹងសង្គ្រាម៕

.png)