ក្រោមការរៀបចំយ៉ាងមានរបៀបរៀបរយ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ដំណើរទស្សនកិច្ចសិក្សារបស់សិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សម្រាប់សិស្សថ្នាក់ទី៧ និងទី៨ សាខាខេត្តតាកែវទៅកាន់ពុទ្ធមណ្ឌលកម្ពុជា បានប្រព្រឹត្តទៅដោយរលូន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ក្រោមបរិយាកាសសប្បាយរីករាយ ពោរពេញដោយសំណើច និងស្នាមញញឹមរបស់សិស្សានុសិស្ស។
លោកស្រី ហេង បូររឿង ចាងហ្វាង ទទួលបន្ទុកក្រោមមត្តេយ្យ មត្តេយ្យ បឋមសិក្សា មធ្យមសិក្សា បឋមភូមិ និងទុតិយភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាខេត្តតាកែវ បានមានប្រសាសន៍ឱ្យដឹងថា ការរៀបចំដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងឱ្យសិស្សទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ពិសេសចំណេះដឹងទាក់ទងនឹងពុទ្ធប្រវត្តិ ដែលត្រូវបានចងក្រង និងបង្ហាញយ៉ាងលម្អិតនៅពុទ្ធមណ្ឌលកម្ពុជា។
ជាមួយគ្នានេះផងដែរ សិស្សានុសិស្សក៏មានឱកាសរៀនអំពីការសហការធ្វើការងារជាក្រុម ការសាមគ្គីភាព ការចែករំលែក និងការយល់ដឹងពីតម្លៃនៃការជួយគ្នាទៅវិញទៅមក ជាពិសេសការចែករំលែកអ្វីដែលខ្លួនមានទៅកាន់អ្នកដែលខ្វះខាតនៅទីនោះ។
ចាងហ្វាង ហេង បូររឿង បានបញ្ជាក់បន្ថែមថា សាលារៀនរំពឹងទុកថា ដំណើរទស្សនកិច្ចសិក្សាពីមួយលើកទៅមួយលើក នឹងកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ជាងមុន ដោយផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សិស្ស ដូចជា ការយល់ដឹងអំពីពុទ្ធប្រវត្តិកាន់តែច្បាស់ និងការអភិវឌ្ឍបំណិនជីវិតជាក់ស្តែង។
គួរបញ្ជាក់ផងដែរថា ពុទ្ធមណ្ឌលកម្ពុជា ស្ថិតនៅក្នុងភូមិសូភី ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានចម្ងាយប្រមាណជាង ២០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ក្រៅពីការកសាងព្រះពុទ្ធបដិមា និងការរៀបរាប់ពុទ្ធប្រវត្តិចាប់តាំងពីព្រះអង្គប្រសូត រហូតដល់ចូលបរិនិព្វាន ពុទ្ធមណ្ឌលកម្ពុជាក៏បានរៀបចំជាសួនបុប្ផាស្រស់ស្អាត និងការរចនាបទនិទានអំពីដំណើរជីវិតរបស់ព្រះពុទ្ធ ព្រមទាំងរុក្ខជាតិធំៗខៀវស្រងាត់ ដែលបង្កើតបរិយាកាសស្រស់ស្រាយ និងសមស្របសម្រាប់ការសិក្សាស្រាវជ្រាវ៕