«គ្រូខ្លឹម សិស្សខ្លាំង»
ក្នុងសង្គមបច្ចេកវិទ្យាទំនើប ការអប់រំកុមារតូចមិនត្រឹមតែបង្រៀនអាន សរសេរ និងគណនាប៉ុណ្ណោះទេ ប៉ុន្តែគួរតែផ្តោតលើការអភិវឌ្ឍសមត្ថភាពគិតវិភាគ បំណិនជីវិត និងការបង្កើតថ្មី។ លោកស្រី ធី វណ្ណរី គ្រូបង្គោលថ្នាក់ទី២ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាចោមចៅ បានបង្ហាញទស្សនៈថា ការបង្រៀនសម័យថ្មី គួរតែបណ្តុះកុមារឱ្យចេះយល់ពីខ្លួនឯង សង្គម និងពិភពលោកជុំវិញខ្លួន។ បច្ចេកវិទ្យា គួរត្រូវបានប្រើប្រាស់ជាឧបករណ៍ជួយសិក្សា ដោយមានការណែនាំ និងត្រួតពិនិត្យ មិនមែនធ្វើឱ្យកុមារពឹងផ្អែកលើវា និងបាត់បង់សមត្ថភាពគិតដោយខ្លួនឯងនោះទេ។

ក្នុងដំណើរការអប់រំកុមារតូច អ្នកគ្រូ ធី វណ្ណរី បានលើកឡើងថា គ្រូបង្រៀនត្រូវដើរតួនាទីជាអ្នកណែនាំ និងជាគំរូល្អ បង្កើតបរិយាកាសសិក្សាដែលជំរុញឱ្យកុមារចេះសួរ ចេះគិត ចេះសហការ និងចេះដោះស្រាយបញ្ហាដោយសន្តិវិធី។ ការបញ្ចូលសកម្មភាពអនុវត្តន៍ជាក់ស្តែង ការងារជាក្រុម និងការប្រើបច្ចេកវិទ្យាដោយមានការគ្រប់គ្រង ត្រូវបានចាត់ទុកថាជាគន្លឹះសំខាន់ ក្នុងការអភិវឌ្ឍសមត្ថភាពកុមារឱ្យបានពេញលេញ។
លើសពីចំណេះដឹង អ្នកគ្រូក៏បានផ្តោតសំខាន់លើការបណ្តុះសីលធម៌ វិន័យ និងការយល់ចិត្តដល់អ្នកដទៃ ដោយជឿជាក់ថា ការអប់រំក្នុងសម័យថ្មី ត្រូវបណ្តុះកុមារឱ្យក្លាយជាមនុស្សល្អ មានទំនួលខុសត្រូវ និងអាចរស់នៅក្នុងសង្គមបច្ចេកវិទ្យាបានយ៉ាងមានតម្លៃ និងមនុស្សធម៌។
អ្នកគ្រូ ធី វណ្ណរី មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ជាកូនទីពីរ ក្នុងចំណោមបងប្អូនបួននាក់ (ប្រុសម្នាក់ ស្រីបីនាក់)។ អ្នកគ្រូកើត និងធំធាត់ក្នុងគ្រួសារដែលមានឪពុក គឺលោក លាង ចន្ទធី អតីតអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ (និវត្តជន) និងម្តាយ គឺលោកស្រី ឈុន សុគន្ធ អតីតគ្រូពេទ្យ។ បរិយាកាសគ្រួសារដែលស្រឡាញ់ការអប់រំ បានបណ្តុះចិត្តគំនិត និងទស្សនៈវិជ្ជាជីវៈរបស់អ្នកគ្រូតាំងពីវ័យក្មេង។
ក្រោយពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ នៅវិទ្យាល័យកំពង់ស្ពឺ អ្នកគ្រូបានបន្តការសិក្សានៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ស្ពឺ រយៈពេលពីរឆ្នាំ។ ក្រោមការលើកទឹកចិត្តពីឪពុក និងដោយក្តីស្រឡាញ់ចំពោះវិស័យអប់រំ អ្នកគ្រូបានជ្រើសរើសអាជីពជាគ្រូបង្រៀន ដោយមានបំណងសាបព្រួសចំណេះដឹង សីលធម៌ និងចូលរួមកសាងធនធានមនុស្សល្អសម្រាប់សង្គមជាតិ។ អ្នកគ្រូជឿជាក់ថា ការអប់រំគឺជាកម្លាំងសំខាន់បំផុត ក្នុងការផ្លាស់ប្តូរជីវិតមនុស្ស និងអនាគតសង្គម។
ក្នុងអាជីពបង្រៀន បទពិសោធដ៏មានតម្លៃបំផុតសម្រាប់អ្នកគ្រូ គឺការបានជួយសិស្សដែលរៀនយឺត និងខ្វះទំនុកចិត្តខ្លួនឯង ឱ្យក្លាយជាសិស្សសកម្ម មានទំនុកចិត្ត និងទទួលបានជោគជ័យលើការសិក្សា។ ជាមួយគ្នានេះ អ្នកគ្រូក៏បានបណ្តុះសិស្សដែលមានសមត្ថភាពល្អ ឱ្យចេះចែករំលែកចំណេះដឹង ជួយមិត្តរួមថ្នាក់ ។ សមិទ្ធផលទាំងនេះ បានក្លាយជាកម្លាំងចិត្តសំខាន់ ឱ្យអ្នកគ្រូបន្តអភិវឌ្ឍខ្លួន និងស្វែងរកវិធីសាស្ត្របង្រៀនថ្មីៗជានិច្ច។
ចំពោះការអនុវត្តការបង្រៀន អ្នកគ្រូបានប្រើប្រាស់វិធីសាស្ត្រអប់រំទំនើបជាច្រើន ដូចជា ការបង្រៀនផ្តោតលើសិស្ស ការបង្រៀនផ្អែកលើបញ្ហា និងគម្រោង ការប្រើបច្ចេកវិទ្យាក្នុងថ្នាក់រៀន ថ្នាក់រៀនបញ្ច្រាស ការសហការជាក្រុម ការបង្រៀនផ្អែកលើសមត្ថភាព ការគិតវិភាគ និងការបង្រៀនដោយយល់ចិត្ត (SEL)។ វិធីសាស្ត្រទាំងនេះ ត្រូវបានបញ្ចូលជាមួយសកម្មភាពជាក់ស្តែង ដើម្បីបង្កើនការចូលរួម និងក្តីរីករាយក្នុងការសិក្សារបស់សិស្ស។

សម្រាប់អនាគត អ្នកគ្រូ ធី វណ្ណរី «ខ្ញុំមានបំណងបន្តអភិវឌ្ឍខ្លួនជាប្រចាំ ពង្រឹងគុណភាពបង្រៀន និងចូលរួមកសាងបរិយាកាសសិក្សាដែលមានគុណភាព ផាសុកភាព និងជាទីរីករាយសម្រាប់សិស្សទាំងអស់ ដោយបន្សល់ទុកនូវកេរ្តិ៍ឈ្មោះ ជាគ្រូម្នាក់ដែលអាចផ្លាស់ប្តូរជីវិតសិស្ស ឱ្យប្រសើរឡើង និងមានអនាគតភ្លឺស្វាង»។
ដោយសារភាពជាគំរូ ភាពយុត្តិធម៌ ចិត្តមេត្តា និងសមត្ថភាពវិជ្ជាជីវៈពិតប្រាកដ អ្នកគ្រូ ធី វណ្ណរី បានទទួលការគោរព និងភាពទុកចិត្តយ៉ាងខ្ពស់ពីសិស្ស និងមាតាបិតា។ មោទនភាពដ៏ធំបំផុតរបស់អ្នកគ្រូ គឺនៅពេលឃើញសិស្សដែលធ្លាប់សិក្សាក្រោមការណែនាំរបស់ខ្លួន ក្លាយជាពលរដ្ឋល្អ មានការងារធ្វើសមរម្យ និងអាចរួមចំណែកជួយគ្រួសារ និងសង្គមជាតិ៕
.png)