គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ដឹកនាំដោយ លោក រឿង សុភាព និង លោកស្រី សាឯម កម្រង អនុប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)រួមទាំងនាយក នាយិកាចាងហ្វាង ចាងហ្វាង សាខាមួយចំនួន និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) បាននាំយកនូវអំណោយលើកទី១១ របស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច ទៅប្រគល់ជូនដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ សម្រាប់ចែកជូនបន្តទៅពលរដ្ឋភៀសសឹក និងក្រុមគ្រួសារវីរកងទ័ពដែលកំពុងរងនូវផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់យោធាថៃនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា–ថៃ។

សូមជម្រាបផងដែរថា នៅក្នុងគ្រាដ៏លំបាកនេះ មូលនិធិ ម៉េងលី ជេ. គួច តែងតែបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារសង្គមជាពិសេសសាលាទាំងពីរ (Aii និង AIS) ដែលមានអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាថ្នាក់ដឹកនាំផ្ទាល់លោកក៏បាននឹងកំពុងបន្តយុទ្ធនាការបំផុសស្មារតី ដើម្បីកៀរគរជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗពីសប្បុរសជននានាតាមតាមរយៈ មូលនិធិ ម៉េងលី ជេ. គួច ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ពលរដ្ឋភៀសសឹក និងក្រុមគ្រួសារវីរកងទ័ពនៅតាមបន្ទាត់ព្រំដែនជាពិសេសស្រ្តីមានផ្ទៃពោះ ចាស់ជរា កុមារ និងជនមានពិការភាព។
សម្រាប់អំណោយលើកទី១១ ដែលប្រគល់ជូននាពេលនោះមានជាគ្រឿងឧបភោគ បរិភោគ ដូចជា អង្ករ មី ត្រីខ និងទឹកសុទ្ធ។

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងនៃសាលាទាំងពីរក៏បាននាំយកនូវជំនួយសប្បុរសធម៌ទៅជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ហើយអ្នកឧកញ៉ាក៏បានដឹកនាំក្រុមការងារចុះចែកជំនួយសប្បុរសធម៌ដល់ពលរដ្ឋភៀសសឹកដោយផ្ទាល់ផងដែរនៅតាមបណ្តោយព្រំដែនកាលពីពេលកន្លងទៅថ្មីៗនេះ៕