ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិស្ស AIS សាខាសៀមរាប ទទួលបានជ័យលាភីលេខ៣ ពីការប្រកួតខ្លែងសេរី ក្នុងព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ ឆ្នាំ២០២៦

បានផ្សាយចេញ | ២៣ កុម្ភៈ ២០២៦ 837

សិស្ស AIS សាខាសៀមរាប ទទួលបានជ័យលាភីលេខ៣ ពីការប្រកួតខ្លែងសេរី ក្នុងព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ ឆ្នាំ២០២៦

សៀមរាប៖ សិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ៣ ពីការចូលរួមប្រកួតខ្លែងសេរី កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ក្រោមការរៀបចំដោយរដ្ឋបាលខេត្តសៀមរាប និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប។

លោក ម៉ាក់ ផល្លីម ប្រធានគ្រូកីឡា និងវិន័យ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប បានឱ្យដឹងថា នេះ ជាលើកទី១ ដែលសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប មានកិត្តិយសក្នុងការចូលរួម កម្មពិធីបុណ្យបង្ហើរខ្លែងឯក និងខ្លែងសេរី ឆ្នាំ២០២៦ ។ ការចូលរួមនេះ មិនត្រឹមជាសកម្មភាពវប្បធម៌ទេ ប៉ុន្តែជាការបង្ហាញពីចក្ខុវិស័យអប់រំ ដែលផ្តោតលើការបណ្តុះសិស្សឱ្យមានស្មារតីសហការ ស្នាដៃច្នៃប្រឌិត និងការយល់ដឹងអំពីតម្លៃវប្បធម៌ជាតិ។

លោកបានបន្ថែមថា ពិធីបុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី គឺជាព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យ ដែលបង្ហាញពីអត្តសញ្ញាណ ប្រពៃណី និងប្រាជ្ញាបុរាណរបស់ជនជាតិខ្មែរ។ ខ្លែងឯកខ្មែរ ជាមួយសំឡេង “ឯក” ដ៏ពីរោះ បញ្ជាក់ពីជីវិតជនបទ និងភាពសាមញ្ញជាប់ធម្មជាតិ ខណៈដែលខ្លែងសេរី បង្ហាញពីភាពច្នៃប្រឌិតសម័យថ្មី ពណ៌ស្រស់ស្អាត និងថាមពលយុវជន។
តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍នេះ សិស្សានុសិស្សបានរៀនពីការធ្វើការជាក្រុម ការទទួលខុសត្រូវ និងការចូលរួមអភិរក្សវប្បធម៌ប្រពៃណីដូនតា។ វាជាវេទិកាសិក្សាជាក់ស្តែង ដែលភ្ជាប់ការអប់រំ និងវប្បធម៌ ឱ្យក្លាយជាបទពិសោធមានន័យ និងមានតម្លៃសម្រាប់ជីវិត។

លោក ម៉ាក់ ផល្លីម បន្តថា សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប ប្តេជ្ញាចិត្តបន្តគាំទ្រ និងលើកតម្កើងសកម្មភាពវប្បធម៌នេះ ដើម្បីឱ្យវប្បធម៌ខ្មែរ នៅតែរស់រវើក គង់វង្ស និងអាចផ្សព្វផ្សាយទៅកាន់ឆាកជាតិ និងអន្តរជាតិបានយ៉ាងមានមោទនភាព។

សូមបញ្ជាក់ផងដែរថា សម្រាប់ជ័យលាភីលេខ៣នេះ សិស្ស AIS ទទួលបានពានរង្វាន់ បណ្ណសរសើរ និងថវិកាជារង្វាន់ លើកទឹកចិត្តដល់ការខិតខំប្រឹងប្រែង និងការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវប្បធម៌–កីឡាប្រពៃណីខ្មែរ។ ជ័យលាភី ដែលសិស្ស AIS សម្រេចបានលើកនេះ មិនត្រឹមតែជាមោទនភាពសម្រាប់សាលាប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមចំណែកយ៉ាងមានអត្ថន័យក្នុងការរក្សា និងលើកតម្កើងវប្បធម៌ប្រពៃណីជាតិខ្មែរ ឱ្យបន្តរស់រវើកក្នុងសង្គមសម័យបច្ចេកវិទ្យាឌីជីថល៕






អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Reading Test.jpg

សាលារៀនអន្តរទ្វីប អាមេរិកាំង រៀបចំការប្រកួតអានអត្ថបទភាស...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Student Attent Testing.jpg

សិស្ស AIS ចំនួន ៥៦នាក់ ចូលរួមប្រឡងជ្រើសរើសសិស្សពូកែ រាជ...

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Cover.jpg

ចូលរួមដោយសេរី! មកទស្សនា មកគាំទ្រស្នាដៃសិស្ស ក្នុងកម្មវិ...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Culture Contest.jpg

រកឃើញម្ចាស់ជ័យលាភី ក្នុងកម្មវិធីប្រកួតចំណេះដឹងវប្បធម៌-អ...