គណៈគ្រប់គ្រង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីអបអរសាទរ ទិវាជាតិអំណាន លើកទី១១ ក្រោមប្រធានបទ “សំណេរ និងអំណានក្នុងបរិបទថ្មី” ដើម្បីលើកកម្ពស់វប្បធម៌អំណាន និងជំរុញការស្រឡាញ់ការអានក្នុងចំណោមសិស្សានុសិស្ស ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅបណ្ណាល័យ ម៉េងលី ជេ. គួច អគារ ងិន ហួយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល នាព្រឹកថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២៦ កន្លងទៅ។

លោកស្រី ស៊ូ សុជាតា ប្រធានបណ្ណារក្ស បានឱ្យដឹងថា «ក្នុងនាមជាប្រធានបណ្ណារក្ស ខ្ញុំមានសេចក្តីរីករាយ និងកិត្តិយសយ៉ាងខ្លាំង ដែលបានចូលរួមរៀបចំ និងអនុវត្តកម្មវិធីអបអរសាទរ ទិវាជាតិអំណាន ដែលជាកម្មវិធីមានសារៈសំខាន់ក្នុងការលើកកម្ពស់វប្បធម៌អំណាននៅក្នុងសង្គម»។
លោកស្រីបន្តថា ការរៀបចំកម្មវិធីនេះ គឺជាឱកាសដ៏ល្អក្នុងការជំរុញឱ្យសិស្សានុសិស្ស អ្នកសិក្សា និងសាធារណជន ទទួលស្គាល់ពីតម្លៃនៃការអានសៀវភៅ។ ការអានមិនត្រឹមតែជួយបង្កើនចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍសមត្ថភាពគិតវិភាគ ការស្រមៃ និងជំរុញការសិក្សាដោយខ្លួនឯងផងដែរ។

លោកស្រីបានបន្ថែមថា បណ្ណាល័យនៃសាលារៀន អន្តរទ្វីប អាមេរិកាំង មានតួនាទីសំខាន់ក្នុងការផ្តល់ប្រភពឯកសារ បរិយាកាសសិក្សា និងការលើកទឹកចិត្តឱ្យសិស្សានុសិស្សបង្កើតទម្លាប់អានសៀវភៅជាប្រចាំ។ ទន្ទឹមនឹងនេះ កម្មវិធីអបអរសាទរទិវាជាតិអំណាន ក៏ជាវេទិកាមួយសម្រាប់បង្កើតការចាប់អារម្មណ៍ និងជំរុញឱ្យអ្នកប្រើប្រាស់បណ្ណាល័យកាន់តែស្រឡាញ់ និងឱ្យតម្លៃលើការអាន។
លោកស្រីបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ បុគ្គលិកបណ្ណាល័យ គ្រូបង្រៀន សិស្សានុសិស្ស និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រ និងធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយជោគជ័យ។
លោកស្រីក៏បានបង្ហាញក្តីសង្ឃឹមថា ការរៀបចំកម្មវិធីនេះនឹងជួយបង្កើនការយល់ដឹង និងលើកកម្ពស់វប្បធម៌អំណានឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ទាំងក្នុងស្ថាប័ន និងសង្គមទាំងមូល។
ជាមួយគ្នានេះ ដើម្បីអបអរសាទរ ទិវាជាតិអំណាន លើកទី១១ ក្រោមប្រធានបទ “សំណេរ និងអំណានក្នុងបរិបទថ្មី” សាលារៀន អន្តរទ្វីប អាមេរិកាំង ក៏បានចូលរួមដាក់តាំងពិព័រណ៍សៀវភៅ នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។

គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែរៀបចំកម្មវិធីអបអរសាទរ ទិវាជាតិអំណាន ក្នុងគោលបំណងលើកកម្ពស់វប្បធម៌អំណាន ជំរុញឱ្យសិស្សានុសិស្សស្រឡាញ់ការអាន និងអភិវឌ្ឍទម្លាប់អានសៀវភៅជាប្រចាំ ដើម្បីបង្កើនចំណេះដឹង និងពង្រីកចក្ខុវិស័យឱ្យកាន់តែទូលំទូលាយ។
ជាមួយគ្នានេះ ការអានក៏ជួយអភិវឌ្ឍសមត្ថភាពភាសា និងការគិតវិភាគ ដោយជួយពង្រឹងវាក្យសព្ទ ការសរសេរ និងការយល់ដឹងជ្រាលជ្រៅលើមាតិកាផ្សេងៗ។ លើសពីនេះ សៀវភៅក៏ជួយបើកចំហគំនិត និងជំរុញភាពច្នៃប្រឌិត ព្រមទាំងការស្រមើស្រមៃរបស់សិស្សានុសិស្ស ដែលជាមូលដ្ឋានសម្រាប់ភាពជោគជ័យក្នុងការសិក្សា និងជីវិត។ ទន្ទឹមនឹងនេះ ការអានក៏ជាជំនាញសំខាន់សម្រាប់ការរៀនសូត្រពេញមួយជីវិតផងដែរ៕



 (5).png)