សកម្មភាពពិសោធវិទ្យាសាស្ត្រស្តីពី ការសម្គាល់អាស៊ីត–បាស ដោយប្រើទឹកស្ពៃក្ដោបពណ៌ស្វាយ ត្រូវបានរៀបចំឡើងសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាចោមចៅ ដឹកនាំការពិសោធដោយអ្នកគ្រូ សាន់ ធារី ក្នុងគោលបំណងជួយឱ្យសិស្សអាចផ្សារភ្ជាប់ចំណេះដឹងទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង។ សកម្មភាពនេះ សិស្សនឹងសង្កេតឃើញដោយផ្ទាល់នូវការប្រែប្រួលលក្ខណៈគីមី ជាពិសេសកម្រិត pH តាមរយៈការប្រើប្រាស់វត្ថុធាតុធម្មជាតិដែលងាយស្រួលរកក្នុងជីវភាពប្រចាំថ្ងៃ។
អ្នកគ្រូ សាន់ ធារី មុខវិជ្ជាគីមីវិទ្យាបានបញ្ជាក់ថា ការជ្រើសរើសប្រើ ទឹកស្ពៃក្ដោបពណ៌ស្វាយ ជាសារធាតុបង្ហាញ (Indicator) មានហេតុផលសំខាន់ៗជាចម្បង។ ជាដំបូង វាជាសារធាតុពណ៌ធម្មជាតិដែលអាចប្ដូរពណ៌បានយ៉ាងច្បាស់ទៅតាមកម្រិត pH នៃសូលុយស្យុង។ បន្ថែមពីនេះ វាមានសុវត្ថិភាពខ្ពស់ ព្រោះជារុក្ខជាតិធម្មជាតិមិនមានជាតិពុល ហើយងាយស្រួលរកទិញនៅលើទីផ្សារ ដែលអាចយកមកចម្រាញ់ធ្វើជាសារធាតុបង្ហាញបានដោយចំណាយថវិកាតិច។
ក្នុងអំឡុងពេលពិសោធន៍ សិស្សានុសិស្សបានសង្កេតឃើញការប្រែប្រួលពណ៌ផ្សេងៗគ្នា នៅពេលទឹកស្ពៃក្ដោបពណ៌ស្វាយប៉ះជាមួយសារធាតុដែលមានលក្ខណៈអាស៊ីត បាស និងណឺត។ ឧទាហរណ៍ នៅក្នុងមជ្ឈដ្ឋានអាស៊ីត ដូចជាទឹកក្រូច ឬភេសជ្ជៈកូកា ពណ៌ស្វាយនឹងប្រែទៅជាពណ៌ក្រហម ឬពណ៌ផ្កាឈូក។ ចំណែកឯមជ្ឈដ្ឋានណឺត ដូចជាទឹកសុទ្ធ ពណ៌នឹងនៅដដែល។ ខណៈពេលដែលនៅក្នុងមជ្ឈដ្ឋានបាស ដូចជាទឹកសាប៊ូ ពណ៌នឹងប្រែទៅជាពណ៌ខៀវ បៃតង ឬលឿង។

តាមរយៈសកម្មភាពពិសោធនេះ សិស្សអាចយល់ដឹងកាន់តែច្បាស់អំពីលក្ខណៈ និងកម្រិតភាពខ្លាំងខ្សោយនៃអាស៊ីត និងបាស ដោយផ្អែកលើការសង្កេតការប្រែប្រួលពណ៌នៃសូលុយស្យុង។ ការអនុវត្តជាក់ស្តែងបែបនេះក៏ជួយបង្កើនការចាប់អារម្មណ៍ក្នុងការសិក្សាមុខវិជ្ជាគីមីវិទ្យា និងធ្វើឱ្យមេរៀនមានភាពរស់រវើកជាងមុនផងដែរ។
លើសពីនេះ ការពិសោធជាក់ស្តែងមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពវិទ្យាសាស្ត្ររបស់សិស្ស ដោយជួយបណ្តុះជំនាញសង្កេត ការកត់ត្រា ការប្រៀបធៀប និងការធ្វើសន្និដ្ឋានផ្អែកលើលទ្ធផលពិត។ សិស្សក៏ទទួលបានបទពិសោធថ្មីៗ ដូចជាការប្រើប្រាស់ឧបករណ៍ពិសោធន៍ ការរៀបចំ និងលាយសូលុយស្យុង ក៏ដូចជាការវាស់បរិមាណឱ្យបានត្រឹមត្រូវ។
ក្រៅពីជំនាញបច្ចេកទេស សកម្មភាពនេះក៏ជួយអភិវឌ្ឍជំនាញទន់របស់សិស្សផងដែរ ដូចជា ការធ្វើការងារជាក្រុម ការបែងចែកភារកិច្ច ការប្រាស្រ័យទាក់ទង និងការយកចិត្តទុកដាក់ក្នុងការសិក្សា។
 (5).png)
អ្នកគ្រូបានលើកទឹកចិត្តឱ្យសិស្សយកចំណេះដឹងដែលទទួលបានពីការពិសោធនេះទៅអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ ដោយអាចសាកល្បងប្រើសូលុយស្យុងស្ពៃក្ដោបពណ៌ស្វាយ ដើម្បីតេស្តជាមួយរបស់របរប្រើប្រាស់ផ្សេងៗនៅផ្ទះ ដូចជា សាប៊ូកក់សក់ ភេសជ្ជៈ ឬសាប៊ូលាងដៃ។ ការសាកល្បងបែបនេះអាចជួយឱ្យសិស្សយល់ដឹងកាន់តែច្បាស់អំពីលក្ខណៈគីមីនៃផលិតផល និងជ្រើសរើសការប្រើប្រាស់ឱ្យសមស្រប និងមានសុវត្ថិភាពចំពោះសុខភាព។
អ្នកគ្រូក៏បានផ្ញើសារលើកទឹកចិត្តដល់សិស្សថា វិទ្យាសាស្ត្រមាននៅគ្រប់ទីកន្លែងជុំវិញជីវិតប្រចាំថ្ងៃ។ ចាប់ពីខ្យល់ដែលយើងដកដង្ហើម រហូតដល់អាហារដែលយើងទទួលទាន សុទ្ធតែពាក់ព័ន្ធនឹងគីមីវិទ្យា។ ដូច្នេះ ការសិក្សាវិទ្យាសាស្ត្រមិនត្រឹមតែជាចំណេះដឹងក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែជាចំណេះដឹងដែលអាចយកទៅអនុវត្ត និងយល់ដឹងអំពីពិភពលោកជុំវិញខ្លួនបានកាន់តែច្បាស់ផងដែរ។ អ្នកគ្រូសង្ឃឹមថាការពិសោធថ្ងៃនេះ នឹងក្លាយជាលទ្ធផលល្អ និងមានភាពពេញចិត្តនៅក្នុងការរៀនកាន់តែល្អជាងមុន៕