សិស្សថ្នាក់ទី៣ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាតាកែវ បានចូលរួមសកម្មភាពបំណិនជីវិតស្តីពី “ការធ្វើភេសជ្ជៈទឹកប្រទាលកន្ទុយក្រពើ” កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដើម្បីបណ្តុះ បណ្តាលជំនាញបំណិន និងការយល់ដឹងអំពីភេសជ្ជៈសុខភាពតាមរយៈការអនុវត្តផ្ទាល់។
លោកស្រី ជ័យ ស្រីណាក់ អ្នកសម្របសម្រួលកម្មវិធីសិក្សាក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាតាកែវ បានឱ្យដឹងថា កម្មវិធីនេះមានគោលបំណងសំខាន់ក្នុងការបណ្តុះឱ្យសិស្សយល់ដឹងពីតម្លៃនៃភេសជ្ជៈធម្មជាតិ ដែលអាចធ្វើដោយខ្លួនឯង ជាជម្រើសល្អជំនួសភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ឬសារធាតុគីមី។ ជាពិសេស ការអនុវត្តតាមគោលការណ៍ “រៀនតាមរយៈការធ្វើ” (Learning by Doing) បានជួយឱ្យសិស្សអភិវឌ្ឍសមត្ថភាពសង្កេត ការរៀបចំ និងជំនាញមូលដ្ឋានក្នុងការងារផ្ទះបាយកម្រិតស្រាល។ បន្ថែមពីនេះ សិស្សក៏បានរៀនអំពីការប្រើប្រាស់ធនធាននៅជុំវិញខ្លួនឱ្យមានប្រយោជន៍ និងមានប្រសិទ្ធភាពផងដែរ។
ការជ្រើសរើសប្រទាលកន្ទុយក្រពើជាគ្រឿងផ្សំសម្រាប់សិស្សថ្នាក់ទី៣នាពេលនេះ ត្រូវបានពិចារណាដោយផ្អែកលើសុវត្ថិភាព និងភាពងាយស្រួលក្នុងការសិក្សា។ រុក្ខជាតិនេះងាយស្រួលរក ដំណើរការធ្វើមិនស្មុគស្មាញ ហើយសមស្របសម្រាប់កុមារវ័យកំពុងចង់ដឹងចង់ឃើញ។ ការប៉ះពាល់ផ្ទាល់ជាមួយសាច់ជែលរបស់ប្រទាលកន្ទុយក្រពើ ក៏ជួយបង្កើនភាពចាប់អារម្មណ៍ និងធ្វើឱ្យការរៀនមានភាពរស់រវើក និងងាយចងចាំ។
ក្នុងផ្នែកសុខភាព ប្រទាលកន្ទុយក្រពើត្រូវបានគេស្គាល់ថាមានអត្ថប្រយោជន៍ជាច្រើន ដូចជា ជួយដល់ប្រព័ន្ធរំលាយអាហារ បន្ថយកម្ដៅក្នុងខ្លួន ថែរក្សាស្បែកឱ្យមានសំណើម និងជួយពង្រឹងប្រព័ន្ធការពាររាងកាយ ដោយសារមានសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការយល់ដឹងទាំងនេះ បានជួយឱ្យសិស្សចាប់ផ្តើមមានទម្លាប់ជ្រើសរើសអាហារ និងភេសជ្ជៈដែលមានប្រយោជន៍សម្រាប់សុខភាព។
លោកស្រី ជ័យ ស្រីណាក់ បានឱ្យដឹងបន្ថែមថា សម្រាប់ការអនុវត្ត មេរៀននេះបានណែនាំឱ្យប្រើគ្រឿងផ្សំសាមញ្ញ ដូចជា ប្រទាលកន្ទុយក្រពើស្រស់ ស្ករ ស ឬស្ករពោត ស្លឹកតយ អំបិលបន្តិច និងទឹកស្អាត ដើម្បីបង្កើតភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ និងមានអនាម័យ។ ជាមួយនឹងជំហានអនុវត្តងាយៗ សិស្សអាចបន្តអនុវត្តនៅផ្ទះក្រោមការណែនាំពីអ្នកអាណាព្យាបាលតែប៉ុណ្ណោះ។
ជំហានទី១៖ សុំការជួយពីឪពុកម្តាយចិតសំបកពណ៌បៃតងចេញ ដើម្បីជៀសវាងការមុតកាំបិត។
ជំហានទី២៖ លាងសាច់ប្រទាលជាមួយទឹកអំបិលឱ្យស្អាត រួចហាន់ជាដុំតូចៗ។
ជំហានទី៣៖ ដាំទឹកឱ្យពុះ រួចដាក់ស្លឹកតយ និងស្ករចូល។
ជំហានទី៤៖ ដាក់សាច់ប្រទាលចូល រងចាំឱ្យពុះម្តងទៀត រួចទុកឱ្យត្រជាក់ជាការស្រេច។
លើសពីនេះ មេរៀនបំណិនជីវិតនេះបានជួយបណ្តុះសមត្ថភាពសំខាន់ៗដល់សិស្ស ដូចជា ភាពម្ចាស់ការ ទម្លាប់អនាម័យ និងការសន្សំសំចៃ តាមរយៈការប្រើប្រាស់ធនធានធម្មជាតិដែលមានស្រាប់ក្នុងគ្រួសារ។សរុបមក ការរៀនធ្វើទឹកប្រទាលកន្ទុយក្រពើ មិនមែនជាការបង្រៀនធ្វើភេសជ្ជៈធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាការបណ្តុះស្មារតីស្រឡាញ់សុខភាព ការរស់នៅមានវិន័យ និងការប្រើប្រាស់ធនធានធម្មជាតិឱ្យមានតម្លៃអតិបរមា ដែលជាគ្រឹះសម្រាប់ការអភិវឌ្ឍជីវិតរបស់សិស្សានុសិស្សនាពេលអនាគត៕

 (5).png)
ព័ត៌មានបន្ថែមៈ
ទាក់ទងលេខទូរសព្ទៈ 093 337 715
អ៊ីម៉ែលៈ info@ais.edu.kh
វេបសាយៈ ais.edu.kh
ហ្វេសប៊ុកផេកៈ https://www.facebook.com/AmericanInterconSchoolTakeo
អាសយដា្ឋនៈ ផ្លូវជាតិលេខ២ ភូមិផ្សារតាកោ សង្កាត់រកាក្នុង
ក្រុងដូនកែវ ខេត្តតាកែវ