ភ្នំពេញ៖ សាលារៀន អន្តរទ្វីប អាមេរិកាំង(AIS) សាខាផ្សារថ្មី ជ្រោយចង្វារ និងទួលសង្កែ កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធីហ្វឹកហាត់សមជម្លៀសពេលមានអាសន្ន សម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ក្នុងគោលបំណងបង្កើនការយល់ដឹង និងត្រៀមខ្លួនឱ្យមានប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងស្ថានភាពអាសន្ន ដូចជា អគ្គិភ័យ និងគ្រោះមហន្តរាយផ្សេងៗ។

លោក ផេង ឧត្តម ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ សាខាទួលសង្កែ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានឱ្យដឹងថា ការហ្វឹកហាត់នេះផ្តោតសំខាន់លើការបង្កើនសមត្ថភាពសិស្សានុសិស្ស និងបុគ្គលិកឱ្យចេះគ្រប់គ្រងស្ថានភាពបន្ទាន់ ដោយប្រើវិធីសាស្ត្របង្រៀនខុសៗគ្នាតាមកម្រិតថ្នាក់។ សម្រាប់សិស្សថ្នាក់ក្រោមមត្តេយ្យ ដល់បឋមសិក្សា គ្រូបង្រៀនប្រើការណែនាំផ្ទាល់ ការបង្ហាញតាមរូបភាព វីដេអូ និងសកម្មភាពជាក់ស្តែង ដើម្បីឱ្យងាយយល់ ខណៈសិស្សថ្នាក់មធ្យមសិក្សា ត្រូវបានបណ្តុះបណ្តាលតាមរយៈបទបង្ហាញអំពីហានិភ័យ ការគ្រប់គ្រងអារម្មណ៍ ការសម្រេចចិត្ត និងការអនុវត្តជាក់ស្តែងក្នុងស្ថានភាពអាសន្ន។

តាមរយៈការហ្វឹកហាត់នេះ សិស្សានុសិស្ស និងបុគ្គលិកទទួលបានចំណេះដឹង និងជំនាញសំខាន់ៗជាច្រើន ដូចជា ការគ្រប់គ្រងអារម្មណ៍មិនឱ្យស្លន់ស្លោរ ការជម្លៀសខ្លួនចេញពីអគារ ឬតំបន់មានគ្រោះថ្នាក់ទៅកាន់ទីតាំងមានសុវត្ថិភាព ការជួយគ្នាក្នុងស្ថានភាពបន្ទាន់ និងការយល់ដឹងអំពីឧបករណ៍ពន្លត់អគ្គិភ័យ រួមទាំងការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ប្រភេទឧស្ម័ន ប្រភេទម្សៅ និងទុយយោបាញ់ទឹក។
កម្មវិធីនេះទទួលបានការចូលរួមយ៉ាងសកម្មពីសិស្សានុសិស្សភាគច្រើន ដែលអនុវត្តតាមការណែនាំបានយ៉ាងល្អប្រសើរ ទោះបីជាមានសិស្សខ្លះមានអារម្មណ៍ភ័យខ្លាចក្តី ក៏ការគ្រប់គ្រងស្ថានការណ៍ និងដំណើរការជម្លៀសត្រូវបានអនុវត្តបានត្រឹមត្រូវតាមផែនការដែលបានរៀបចំទុក។

ការបណ្តុះបណ្តាលនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់សិស្សានុសិស្ស និងបុគ្គលិក ដោយមិនត្រឹមតែផ្តល់ចំណេះដឹងអំពីការជម្លៀសអគ្គិភ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចអនុវត្តបានជាក់ស្តែង ពេលមានហេតុការណ៍កើតឡើង និងអាចយកចំណេះដឹងនេះទៅចែករំលែកដល់មិត្តភក្តិ គ្រួសារ និងសហគមន៍ផងដែរ។
ជាមួយគ្នានេះ សាលាក៏បានផ្ញើសារណែនាំដល់សិស្សានុសិស្ស និងបុគ្គលិកថា អគ្គិភ័យអាចបំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិតបានយ៉ាងធ្ងន់ធ្ងរ ដូច្នេះមិនគួរមើលស្រាល ឬលេងជាមួយភ្លើងឡើយ។ នៅពេលមានអគ្គិភ័យ ត្រូវរក្សាអារម្មណ៍ឱ្យមានស្ថិរភាព មិនស្លន់ស្លោរ និងត្រូវជម្លៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់ឱ្យបានឆាប់រហ័ស ព្រមទាំងរាយការណ៍ ឬស្រែកសុំជំនួយបន្ទាន់តាមស្ថានការណ៍។

កម្មវិធីនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់សាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងការអប់រំ និងការពារសុវត្ថិភាពសិស្សានុសិស្ស ឱ្យមានសមត្ថភាពរឹងមាំ ទាំងផ្នែកចំណេះដឹង និងជំនាញអនុវត្តក្នុងជីវិតប្រចាំថ្ងៃ៕
 (5).png)