ដើម្បីបង្ហាញទឹកចិត្តចែករំលែកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សហការជាមួយមូលនិធិ ម៉េងលី ជេ. គួច បាននាំយកអំណោយជាក្រមាចំនួនជាង៤០០០ក្រមា ដែលជាអំណោយសប្បុរសធម៌ចេញពីទឹកចិត្តរបស់សិស្សានុសិស្ស មាតាបិតា ឬអ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសប្បុរសជននានា ប្រគល់ជូនមន្ទីរអប់រំ យុវជន និងកីឡា ដើម្បីបន្តចែកជូនវីរកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារជាតិតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា–ថៃ។

លោក ដាង វិបុល នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានមានប្រសាសន៍ថា អំណោយជាក្រមាទាំងនេះ មិនត្រឹមតែជាសម្ភារប្រើប្រាស់សាមញ្ញប៉ុណ្ណោះទេ ប៉ុន្តែជារូបតំណាងនៃទឹកចិត្តចែករំលែក ការយកចិត្តទុកដាក់ និងស្មារតីសាមគ្គីភាព ដែលបានរួមចំណែកពីសិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និងសាលារៀនទាំងមូល។ ការចូលរួមនេះបង្ហាញពីការបណ្តុះបណ្តាលតម្លៃមនុស្សធម៌ និងការលើកកម្ពស់ស្មារតីសប្បុរសធម៌ក្នុងសហគមន៍សាលា AIS ឱ្យកាន់តែរឹងមាំ។
លោកបានបន្ថែមថា ការផ្តល់អំណោយក្នុងឱកាសនេះ គឺជាការបង្ហាញពីការគោរព និងអរគុណចំពោះវីរកងទ័ព ដែលបានប្តេជ្ញាចិត្តការពារសន្តិសុខ និងអធិបតេយ្យភាពជាតិ។ ជាពិសេស នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ក្រមាទាំងនេះក៏ជាសញ្ញានៃការផ្ញើសេចក្តីស្រឡាញ់ និងកម្លាំងចិត្តពីសហគមន៍សាលា ទៅកាន់បងប្អូនវីរកងទ័ពនៅតំបន់ព្រំដែនផងដែរ។
សូមបញ្ជាក់ផងដែរថា សកម្មភាពនេះមិនត្រឹមតែជាការចែករំលែកសម្ភារប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសំខាន់មួយក្នុងការបង្រៀនឱ្យសិស្សានុសិស្សយល់ដឹងអំពី តម្លៃនៃការចែករំលែក ក្តីមេត្តាករុណា និងការចូលរួមចំណែកក្នុងសង្គម ដែលជាគុណតម្លៃមូលដ្ឋានសម្រាប់ការអភិវឌ្ឍខ្លួន និងសង្គមជាតិឱ្យមាននិរន្តរភាព៕