ក្នុងចំណោមសិស្សានុសិស្សជាច្រើននៅសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាទួលសង្កែ សិស្ស អ៊ុន ឆាយអាន ថ្នាក់ទី៤ ក ត្រូវបានជ្រើសរើសជាសិស្សឆ្នើមប្រចាំថ្នាក់ តាមរយៈកម្មវិធី «សិស្សឆ្នើមប្រចាំថ្នាក់» ដែលមានគោលបំណងលើកទឹកចិត្ត និងបង្ហាញគំរូល្អដល់សិស្សដទៃទៀត។
សិស្ស អ៊ុន ឆាយអាន បានប្រាប់ឱ្យដឹងថា ការទទួលបានជាសិស្សឆ្នើមនេះ ធ្វើឱ្យប្អូនមានអារម្មណ៍រំភើប រីករាយ និងមានមោទនភាពយ៉ាងខ្លាំង។ ជាពិសេស វាជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងកន្លងមក ហើយក៏ជាការរំលឹកឱ្យប្អូនមានទំនួលខុសត្រូវខ្ពស់ ក្នុងការធ្វើជាគំរូល្អសម្រាប់មិត្តរួមថ្នាក់ផងដែរ។

ទោះបីជាប្អូនមានលទ្ធផលល្អក៏ដោយ ប្អូនក៏បានជួបការលំបាកក្នុងការសិក្សាដែរ។ ប្អូនបានបញ្ជាក់ថា នៅពេលជួបមេរៀនពិបាក ប្អូនមិនបោះបង់ឡើយ តែតែងសួរលោកគ្រូ អ្នកគ្រូភ្លាមៗនៅចំណុចមិនយល់ ហើយបង្កើតក្រុមសិក្សាជាមួយមិត្តភក្តិ ដើម្បីជួយពន្យល់គ្នាទៅវិញទៅមក។ ការអនុវត្តលំហាត់ជាប្រចាំនៅផ្ទះ ក៏ជាគន្លឹះសំខាន់មួយដែលជួយឱ្យប្អូនអភិវឌ្ឍសមត្ថភាពបន្ថែម។
សម្រាប់វិធីសាស្ត្រសិក្សា សិស្ស អ៊ុន ឆាយអាន បានចែករំលែកថា ការស្តាប់គ្រូឱ្យយល់ក្នុងថ្នាក់ គឺជាចំណុចសំខាន់បំផុត។ បន្ទាប់មក គឺការកត់ត្រាដោយប្រើប៊ិកពណ៌ ដើម្បីចំណាំនិយមន័យ ឬចំណុចសំខាន់ៗ និងការរំលឹកមេរៀនមុនពេលគេងប្រហែល ១៥ ទៅ ៣០ នាទី ដែលជួយឱ្យចងចាំបានយូរ។

កុមារា អ៊ុន ឆាយ អាន បានលើកឡើងថា «ក្រៅពីការសិក្សា ខ្ញុំក៏ចេះរៀបចំពេលវេលាយ៉ាងមានប្រសិទ្ធភាព ពេលវេលានៅសាលា និងពេលធ្វើកិច្ចការផ្ទះ គឺត្រូវផ្ដោតអារម្មណ៍ពេញលេញ មិនលេងទូរស័ព្ទ។
បន្ទាប់ពីកិច្ចការសិក្សារួចរាល់ ខ្ញុំតែងតែទុកពេលជួយកិច្ចការផ្ទះឪពុកម្តាយ ជួបជុំគ្រួសារ លេងកីឡា ឬមើលរឿងកម្សាន្តខ្លះ ដើម្បីកុំឱ្យខួរក្បាលមានសម្ពាធខ្លាំងពេក។»
ជោគជ័យរបស់ប្អូន មិនអាចខ្វះការគាំទ្រពីមនុស្សជុំវិញបានទេ។ ប្អូនបានលើកឡើងថា ឪពុកម្តាយជាអ្នកផ្តល់កម្លាំងចិត្ត និងលះបង់គ្រប់បែបយ៉ាង លោកគ្រូ អ្នកគ្រូជាអ្នកផ្តល់ចំណេះដឹង ដាស់តឿន និងណែនាំផ្លូវត្រឹមត្រូវ ខណៈមិត្តភក្តិជាអ្នកជួយគាំទ្រ ជួយដោះស្រាយលំហាត់ និងជំរុញទឹកចិត្តពេលជួបការលំបាក។

ពាក្យលើកទឹកចិត្តពីម្តាយ និងគ្រូបង្រៀន បានក្លាយជាថាមពលសំខាន់ក្នុងការជំរុញឱ្យឆាយអានបន្តខិតខំ។ “ម៉ាក់ប៉ាមិនមានទ្រព្យសម្បត្តិមាសប្រាក់ទុកឱ្យកូនទេ មានតែចំណេះដឹងនេះឯងដែលអាចជួយកូនពេញមួយជីវិត” និង “ការខំប្រឹងមិនដែលក្បត់យើងទេ” គឺជាពាក្យដែល ឆាយអានចងចាំ និងយកធ្វើជាមូលដ្ឋានក្នុងជីវិតសិក្សា។
មើលទៅអនាគត អ៊ុន ឆាយអានមានបំណងបន្តរក្សាលទ្ធផលល្អ និងសម្រេចក្តីសុបិនក្លាយជាគ្រូពេទ្យ ដើម្បីជួយគ្រួសារ និងសង្គមជាតិ។ ជាមួយគ្នានេះ ប្អូនក៏ផ្ញើសារដល់មិត្តភក្តិថា ការរៀនអាចពិបាកនៅដំបូង ប៉ុន្តែបើមានការអត់ធ្មត់ និងចាប់ផ្តើមពីអ្វីដែលខ្លួនចូលចិត្ត នោះការសិក្សានឹងក្លាយជារឿងសប្បាយ និងជោគជ័យមិនខាន។
ជាមួយគ្នានេះ អ្នកគ្រូ ញ៉ុន ម៉ាយ៉ា គ្រូបន្ទុកថ្នាក់ បានមានប្រសាសន៍ថា ការជ្រើសរើសសិស្សឆ្នើម ត្រូវផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន៣ គឺ លទ្ធផលសិក្សាខ្ពស់ វិន័យ និងសីលធម៌ល្អ ព្រមទាំងភាពសកម្មក្នុងសកម្មភាពសិក្សា និងសកម្មភាពរួមផ្សេងៗរបស់សាលា។
អ្នកគ្រូបានបន្ថែមថា ការវាយតម្លៃសិស្សឆ្នើមក្នុងបរិបទសម័យថ្មី មិនមែនផ្អែកតែលើពិន្ទុប្រឡងប៉ុណ្ណោះទេ ប៉ុន្តែផ្តោតលើការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ រួមមានអាកប្បកិរិយាល្អ ស្វ័យវិន័យ ភាពស្មោះត្រង់ក្នុងការសិក្សា ជំនាញទន់ ដូចជាការសហការក្នុងក្រុម ភាពជាអ្នកដឹកនាំ និងស្មារតីជួយគ្នាទៅវិញទៅមកក្នុងថ្នាក់រៀន។
ជាចុងក្រោយ អ្នកគ្រូបានផ្ញើសារលើកទឹកចិត្តទៅកាន់សិស្សទាំងអស់ថា ការធ្វើជាសិស្សឆ្នើម មិនមែនជាសមត្ថភាពពីកំណើតនោះទេ ប៉ុន្តែជាលទ្ធផលនៃការជ្រើសរើស និងការខិតខំប្រឹងប្រែងរៀងរាល់ថ្ងៃ។ អ្នកគ្រូណែនាំឱ្យសិស្សកុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ប៉ុន្តែត្រូវប្រៀបធៀបខ្លួនឯងជាមួយអ្វីដែលបានធ្វើកាលពីម្សិលមិញ មានវិន័យលើខ្លួនឯង ហ៊ានសួរពេលមិនយល់ និងមិនបោះបង់ការព្យាយាម កូនគ្រប់គ្នាសុទ្ធតែអាចក្លាយជាសិស្សឆ្នើមតាមរបៀបរបស់កូនបានទាំងអស់។គ្រូជឿជាក់លើកូន!។
កម្មវិធី «សិស្សឆ្នើមប្រចាំថ្នាក់» របស់សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) មិនត្រឹមតែបង្ហាញសមត្ថភាពសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាសំខាន់មួយក្នុងការចែករំលែកបទពិសោធ និងជំរុញទឹកចិត្តឱ្យសិស្សទាំងអស់ខិតខំប្រឹងប្រែង ដើម្បីសម្រេចគោលដៅអនាគត៕
ទំនាក់ទំនង៖
សាខាទួលសង្កែ មានអាសយដ្ឋាននៅស្ថិតនៅដីឡូលេខ៤០៦០ លើផ្លូវបេតុងលេខ១០៣ ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
(885) 11 968 494 , (885) 16 829 556
អ៊ីម៉ែល: info@ais.edu.kh
 (5).png)