ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ពីការខិតខំតូចៗ រាល់ថ្ងៃ ទៅកាន់សមិទ្ធផលធំមួយ៖ គន្លឹះជោគជ័យរបស់សិស្សឆ្នើមថ្នាក់ទី១២ AIS

បានផ្សាយចេញ | ៣១ កក្កដា ២០២៦ 578

ពីការខិតខំតូចៗ រាល់ថ្ងៃ ទៅកាន់សមិទ្ធផលធំមួយ៖ គន្លឹះជោគជ័យរបស់សិស្សឆ្នើមថ្នាក់ទី១២ AIS

ក្នុងបរិយាកាសសិក្សាដែលពោរពេញដោយការប្រកួតប្រជែង សិស្សម្នាក់បានបង្ហាញយ៉ាងច្បាស់ថា ជោគជ័យមិនមែនកើតឡើងដោយសំណាង ឬទេពកោសល្យតែមួយទេ ប៉ុន្តែចេញពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ និងវិន័យដ៏មុតមាំ។ យុវតី ហ៊ាង ច័ន្ទសុមនា សិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ ត្រូវបានជ្រើសរើសជាសិស្សឆ្នើមប្រចាំថ្នាក់ ជាភស្តុតាងនៃការខិតខំប្រឹងប្រែងពេញមួយឆ្នាំសិក្សាកន្លងមក។

ជាមួយនឹងក្តីសង្ឃឹមពោរពេញដោយមោទនភាព ច័ន្ទសុមនា បានចែករំលែកថា «ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ដែលត្រូវបានជ្រើសរើសជាសិស្សឆ្នើម»។ សម្រាប់ខ្លួនឯង ជោគជ័យនេះមិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែជាលទ្ធផលនៃការខិតខំប្រឹងប្រែងរៀងរាល់ថ្ងៃ។ មិត្តរួមថ្នាក់ទាំងអស់ក៏ខិតខំដូចគ្នា ដែលបានបង្កើតបរិយាកាសសិក្សាដ៏ប្រកួតប្រជែង និងជំរុញឱ្យមានការខិតខំបន្ថែមជានិច្ច។

ក្នុងដំណើរសិក្សា ច័ន្ទសុមនា ក៏បានជួបបញ្ហានានាដូចសិស្សទូទៅដែរ។ នៅពេលមិនយល់មេរៀន ឬចងចាំមិនបាន តែងតែសួរលោកគ្រូ អ្នកគ្រូ ដើម្បីយល់ឱ្យច្បាស់។ ខណៈពេលមានអារម្មណ៍ហត់នឿយ តែងជ្រើសរើសសម្រាកសិន មុនបន្តសិក្សាវិញ ដើម្បីរក្សាប្រសិទ្ធភាព និងបន្ថយសម្ពាធ។

ច័ន្ទសុមនា បានឱ្យដឹងបន្ថែមថា វិធីសិក្សាសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ គឺរៀនជាប្រចាំដោយមិនឱ្យមានការអាក់ខាន ទោះបីជាអាចធ្វើបានតិចតួចក្នុងមួយថ្ងៃក៏ដោយ។ «មួយលំហាត់ក៏ល្អជាងមិនធ្វើអ្វីសោះ» ជាគំនិតដែលតែងអនុវត្តជារៀងរាល់ថ្ងៃ។ លើសពីនេះ ការយកចិត្តទុកដាក់ក្នុងម៉ោងរៀន និងការស្តាប់គ្រូយ៉ាងម៉ត់ចត់ ជាគន្លឹះសំខាន់ដែលជួយឱ្យយល់មេរៀនបានលឿន និងមានប្រសិទ្ធភាព។
ជីវិតសិក្សារបស់ ច័ន្ទសុមនា ត្រូវបានរៀបចំយ៉ាងមានវិន័យ។ ពេលព្រឹក ចូលរៀននៅសាលា បន្ទាប់មកសម្រាក មុនបន្តធ្វើលំហាត់នៅរសៀល និងចូលរៀនបំប៉នបន្ថែមរហូតដល់ល្ងាច។ នៅពេលយប់ បន្ទាប់ពីសម្រាក តែងបន្តសិក្សាផ្ទាល់ខ្លួនបន្ថែម ដើម្បីពង្រឹងចំណេះដឹង។ ទោះជាយ៉ាងណា ក៏មិនភ្លេចចំណាយពេលសម្រាក និងកម្សាន្ត ដើម្បីរក្សាសមតុល្យជីវិត។

ច័ន្ទសុមនា បន្តថា ក្រោយសមិទ្ធផលដ៏គួរឱ្យមោទនភាពនេះ មានមនុស្សសំខាន់ជាច្រើនដែលបានគាំទ្រ ជាពិសេស ម្តាយ ដែលតែងលើកទឹកចិត្តឱ្យខិតខំរៀន និងចូលរួមសកម្មភាពផ្សេងៗ។ ក៏ដូចជា លោកគ្រូ អ្នកគ្រូ ដែលបានផ្តល់ទាំងចំណេះដឹង និងកម្លាំងចិត្ត។ ពាក្យសរសើរដ៏សាមញ្ញ ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅនោះគឺ «កូនធ្វើបានល្អហើយ» បានក្លាយជាកម្លាំងជំរុញដ៏ធំធេងក្នុងការបន្តឆ្ពោះទៅមុខ។
សម្រាប់អនាគត  សិស្សឆ្នើម ច័ន្ទសុមនា មានគោលដៅច្បាស់លាស់ក្នុងការបន្តការសិក្សាឱ្យដល់ថ្នាក់អនុបណ្ឌិតក្នុងជំនាញវិស្វកម្ម ហើយស្វែងរកការងារល្អមួយ ដើម្បីអភិវឌ្ឍខ្លួនឯង និងចូលរួមអភិវឌ្ឍន៍សង្គមជាតិ។

ជាមួយនឹងបទពិសោធ និងការខិតខំរបស់ខ្លួន ច័ន្ទសុមនា បានផ្ញើសារទៅមិត្តភក្តិថា ការសិក្សាគឺជាកាតព្វកិច្ចសំខាន់សម្រាប់សិស្សគ្រប់រូប។ ការខិតខំប្រឹងប្រែងជាប្រចាំ ការស្វ័យសិក្សា និងការមានគោលដៅច្បាស់លាស់ គឺជាគន្លឹះនាំឱ្យឈានដល់ភាពជោគជ័យនៅថ្ងៃអនាគត៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/October/Pisal.jpg

ចេះគ្រប់គ្រងអារម្មណ៍ ជាគន្លឹះនៃការសិក្សា និងការរស់នៅប្រ...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/photo_2026-08-19_17-06-27.jpg

ពីការខិតខំរៀងរាល់ថ្ងៃ ទៅកាន់មោទនភាពសិស្សឆ្នើម

https://theirrawaddydolphin.com/storage/photos/news/article/2026/October/Phe.jpg

គា ជាវផេង បង្ហាញការខិតខំប្រឹងប្រែងរហូតក្លាយជាសិស្សឆ្នើម...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Student Top 1.jpg

សិស្ស គឺ សុភារ៉ា ចែករំលែកគន្លឹះ៤យ៉ាង ដើម្បីសិក្សាបានលទ្...