អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី លើកឡើងថា អនាគតរបស់កូនៗចាប់ផ្តើមពីការជ្រើសរើសដែលកូនៗធ្វើនៅថ្ងៃនេះ ព្រោះការសម្រេចចិត្តតូចៗប្រចាំថ្ងៃ ដូចជា មុខវិជ្ជាដែលជ្រើសរើស មិត្តភក្តិដែលរាប់អាន សៀវភៅដែលអាន និងរបៀបប្រើប្រាស់ពេលវេលា នឹងបង្កើតជាទម្លាប់ ហើយទម្លាប់នឹងក្លាយជាចរិតលក្ខណៈ ដែលជួយកំណត់ទិសដៅជីវិតនៅថ្ងៃអនាគត។
ការលើកឡើងនេះធ្វើឡើងក្នុងឱកាសអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អញ្ជើញចូលរួមប្រគល់វិញ្ញាបនបត្រជូនសិស្សានុសិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ឆ្នាំសិក្សា២០២៥-២០២៦ ប្រមាណជាង ៧០០នាក់ នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា សិស្សានុសិស្សកំពុងធំឡើងនៅក្នុងសម័យបញ្ញាសិប្បនិម្មិត (AI) ស្វ័យប្រវត្តិកម្ម សេដ្ឋកិច្ចឌីជីថល និងការប្រកួតប្រជែងជាសកល។ ក្នុងបរិបទនេះ ការងារ និងជំនាញនានានឹងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដូច្នេះកូនៗត្រូវត្រៀមខ្លួន និងបង្កើនជំនាញថ្មីៗជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងតម្រូវការនៃពិភពលោកនាពេលអនាគត។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបន្ថែមថា ការបញ្ចប់ការសិក្សានៅថ្ងៃនេះ មិនមែនជាចំណុចបញ្ចប់នោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃដំណើរថ្មីមួយ។ ចាប់ពីពេលនេះតទៅ ការជ្រើសរើសរបស់កូនៗនឹងកាន់តែមានឥទ្ធិពលលើអនាគតរបស់ខ្លួន។

មុខវិជ្ជាដែលក្មួយៗ កូនៗជ្រើសរើស មិត្តភក្តិដែលកូនៗរាប់អាន ទម្លាប់ដែលកូនៗបង្កើត សៀវភៅដែលកូនៗអាន និងរបៀបដែលកូនៗប្រើប្រាស់ពេលវេលា ជាពិសេសជាមួយទូរសព្ទ សុទ្ធតែជាការជ្រើសរើស
តូចៗដែលកើតឡើងជារៀងរាល់ថ្ងៃ។ ការជ្រើសរើសទាំងនេះនឹងបង្កើតជាទម្លាប់ ហើយនៅពេលធ្វើជាប្រចាំ ទម្លាប់នឹងក្លាយជាចរិតលក្ខណៈ និងបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ។
ដូច្នេះ អ្វីដែលកូនៗធ្វើជាប្រចាំ ទោះបីជាតូចតាចក៏ដោយ អាចបង្កើតផលធំសម្រាប់អនាគត។ ការជ្រើសរើសល្អនៅថ្ងៃនេះ នឹងក្លាយជាទម្លាប់ល្អនៅថ្ងៃស្អែក ហើយទម្លាប់ល្អនឹងជួយកសាងចរិតលក្ខណៈ និងអនាគតដ៏ប្រសើររបស់កូនៗ៕