ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិស្ស AIS និទ្ទេស A គ្រប់មុខវិជ្ជា សុខ ហ៊ុង ដាក់ក្តីស្រមៃក្លាយជាគ្រូពេទ្យឯកទេសឆ្អឹង

បានផ្សាយចេញ | ០៨ កញ្ញា ២០២៦ 225

សិស្ស AIS និទ្ទេស A គ្រប់មុខវិជ្ជា សុខ ហ៊ុង ដាក់ក្តីស្រមៃក្លាយជាគ្រូពេទ្យឯកទេសឆ្អឹង

បន្ទាប់ពីទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ យុវតី សុខ ហ៊ុង សិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាផ្សារថ្មី ទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា មានគម្រោងបន្តការសិក្សាផ្នែកវេជ្ជសាស្ត្រ ដោយសារនេះជាជំនាញដែលប្អូនស្រឡាញ់ និងជាក្តីស្រមៃតាំងពីកុមារភាព។ នៅថ្ងៃអនាគត យុវតីរូបនេះមានបំណងក្លាយជាគ្រូពេទ្យឯកទេសឆ្អឹងដ៏ឆ្នើមម្នាក់ មានវិជ្ជាជីវៈខ្ពស់ និងមានសមត្ថភាពព្យាបាល និងសង្គ្រោះជីវិតមនុស្ស ព្រមទាំងចង់យកចំណេះដឹង និងជំនាញដែលទទួលបានទៅជួយប្រជាពលរដ្ឋ និងចូលរួមក្នុងសកម្មភាពសប្បុរសធម៌នានា ដើម្បីចូលរួមលើកកម្ពស់សុខភាពប្រជាជន និងប្រព័ន្ធសុខាភិបាលនៅកម្ពុជា។

សុខ ហ៊ុង បានឱ្យដឹងថា ការជ្រើសរើសបន្តការសិក្សាផ្នែកវេជ្ជសាស្ត្រ មិនមែនជាការសម្រេចចិត្តដែលទើបកើតឡើងនាពេលនេះទេ ប៉ុន្តែជាក្តីស្រមៃដែលប្អូនមានតាំងពីកុមារភាព។ នាងសង្ឃឹមថា ការខិតខំប្រឹងប្រែងក្នុងការសិក្សានាពេលនេះ នឹងក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់បន្តដំណើរទៅសម្រេចក្តីស្រមៃរបស់ខ្លួននៅថ្ងៃអនាគត។
ទន្ទឹមនឹងការកំណត់គោលដៅសម្រាប់អនាគត យុវតី សុខ ហ៊ុង ក៏បានរំលឹកថា នៅពេលដឹងថាខ្លួនទទួលបាននិទ្ទេស A ប្អូនមានអារម្មណ៍រំភើប និងសប្បាយរីករាយជាពន់ពេក ព្រោះលទ្ធផលនេះគឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង និងការលះបង់ទាំងយប់ទាំងថ្ងៃកន្លងមក។

សុខ ហ៊ុង បានចាត់ទុកភាពជោគជ័យនេះថា មិនមែនជាសមិទ្ធផលរបស់ខ្លួនតែម្នាក់ឯងឡើយ ប៉ុន្តែជាលទ្ធផលដែលមានការចូលរួមពីគ្រួសារ និងលោកគ្រូ អ្នកគ្រូ។ ប្អូនបានថ្លែងអំណរគុណចំពោះការជួយជ្រោមជ្រែង ការលះបង់ និងការលើកទឹកចិត្តពីក្រុមគ្រួសារ ព្រមទាំងការផ្ទេរចំណេះដឹង និងការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ ដែលបានរួមចំណែកជួយឱ្យប្អូនអាចឈានដល់លទ្ធផលដ៏គួរឱ្យមោទនភាពនេះ។
សុខ ហ៊ុង បានលើកឡើងថា បរិយាកាសសិក្សានៅ AIS គឺជាកត្តាសំខាន់មួយដែលជួយជំរុញឱ្យប្អូនខិតខំរៀនសូត្រ។ លោកគ្រូ អ្នកគ្រូតែងតែណែនាំ និងពន្យល់មេរៀនឱ្យបានច្បាស់លាស់ ព្រមទាំងផ្តល់លំហាត់ជាច្រើន ដើម្បីឱ្យសិស្សអាចបន្តសិក្សា និងឈ្វេងយល់បន្ថែមដោយខ្លួនឯង។

ចំពោះវិធីសាស្ត្រសិក្សា សុខ ហ៊ុង បានចាប់ផ្តើមរៀនតាំងពីដើមឆ្នាំ និងបង្កើតទម្លាប់សិក្សាជាប្រចាំថ្ងៃ ទោះបីជាចំណាយពេលច្រើន ឬតិចក៏ដោយ។ សុខ ហ៊ុង បានរៀបចំកាលវិភាគស្វ័យសិក្សា ដើម្បីពង្រឹងចំណេះដឹងបន្ថែម ព្រមទាំងយកចិត្តទុកដាក់លើការសម្រាកឱ្យបានគ្រប់គ្រាន់ ដោយមិនបង្ខំខ្លួនឯងឱ្យសិក្សាដល់យប់ជ្រៅឡើយ។
អ្វីដែលសុខ ហ៊ុង អនុវត្តជាប្រចាំមួយទៀត គឺការសង្ខេបមេរៀនឱ្យបានច្បាស់លាស់ និងលម្អិតដាក់ក្នុងសៀវភៅមួយ ហើយតែងតែយកសៀវភៅសង្ខេបទាំងនោះមកអាន និងកត់ត្រាបន្ថែម ដើម្បីជួយពង្រឹងការចងចាំ និងការយល់ដឹងលើមេរៀន។

ក្នុងចំណោមបទពិសោធសិក្សានៅ AIS ដែលសុខ ហ៊ុង ចងចាំមិនភ្លេច គឺការសិក្សាជាក្រុមជាមួយមិត្ត
ភក្តិ។ សកម្មភាពនេះបានជួយឱ្យប្អូនចេះសហការជាមួយអ្នកដទៃ ស្គាល់ពីចំណុចខ្វះខាតរបស់ខ្លួនលើមុខវិជ្ជានីមួយៗ និងទទួលបានការជួយដាស់តឿន និងលើកទឹកចិត្តពីគ្នាទៅវិញទៅមក។
ជាមួយគ្នានេះ ក្រុមគ្រួសារក៏ជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ប្អូនផងដែរ។ សុខ ហ៊ុង បានឱ្យដឹងថា លោកឪពុក អ្នកម្តាយមិនដែលដាក់សម្ពាធឱ្យប្អូនត្រូវតែទទួលបាននិទ្ទេស A ឡើយ ប៉ុន្តែតែងតែលើកទឹកចិត្ត និងផ្តល់ភាពជឿជាក់ ដោយប្រាប់នាងថា «និទ្ទេសអ្វីគឺមិនសំខាន់ទេ ឱ្យតែអាចប្រឡងជាប់បានហើយ» និង «ខិតខំឱ្យអស់ពីសមត្ថភាពណា៎ ប៉ាម៉ាក់នឹងជួយគាំទ្រ និងលើកទឹកចិត្តកូនជានិច្ច»។

សម្រាប់ប្អូនៗជំនាន់ក្រោយដែលកំពុងត្រៀមប្រឡង សុខ ហ៊ុង បានផ្តល់ដំបូន្មានថា គួររៀបចំកាលវិភាគស្វ័យសិក្សាឱ្យបានទៀងទាត់ និងកុំរៀនដោយរង់ចាំតែការពន្យល់ពីគ្រូ។ សិស្សគួរព្យាយាមវិភាគមេរៀននីមួយៗឱ្យបានគ្រប់ជ្រុងជ្រោយ យល់ឱ្យច្បាស់ពីឫសគល់ និងបង្កើតទម្លាប់សិក្សាជារៀងរាល់ថ្ងៃ ទោះបីមានពេលតិចតួចក៏ដោយ។
សុខ ហ៊ុង ក៏បានផ្តាំថា ប្អូនៗមិនគួរបាក់ទឹកចិត្តឡើយ ប្រសិនបើទទួលបានលទ្ធផលមិនល្អក្នុងការប្រឡងប្រចាំខែ ឬឆមាស ព្រោះនៅមានពេលវេលាសម្រាប់កែតម្រូវកំហុស និងពង្រឹងចំណុចខ្វះខាត។ ជាពិសេស គួរកាត់បន្ថយការប្រើប្រាស់បណ្តាញសង្គម នៅពេលជិតដល់ពេលប្រឡង។ «លទ្ធផលល្អកើតចេញពីការព្យាយាមក្នុងទិសដៅត្រឹមត្រូវ និងការសន្សំនូវចំណេះដឹងពីមួយថ្ងៃទៅមួយថ្ងៃ»។ នេះជាសារដែលយុវតី សុខ ហ៊ុង ចង់ចែករំលែកទៅកាន់ប្អូនៗ ដើម្បីជំរុញឱ្យពួកគេបន្តខិតខំ និងឈានទៅសម្រេចលទ្ធផលល្អតាមបំណងប្រាថ្នា៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/September/MTT W1000px 667px (3) (2).jpg

វណ្ណៈ ពិសាល៖ សិស្ស AIS និទ្ទេស A បន្តក្តីស្រមៃក្លាយជាវិ...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Ly.jpg

ពីនិទ្ទេស A ទៅក្តីស្រមៃក្លាយជាគ្រូពេទ្យ៖ លី សុជាតា ប្តេ...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Ms Bora Linda.jpg

បូរ៉ា លីនដា ក្លាយជាសិស្សនិទ្ទេស A ដំបូងរបស់ AIS សាខាសៀម...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Poster-01 (2).Jpg

អបអរសាទរ! សិស្ស AIS ចំនួន ៩៨នាក់ ទទួលបាននិទ្ទេស A ក្នុង...