ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

អ្នកគ្រូ ម៉ី មករា៖ ការយល់ពីកុមារ គឺជាគន្លឹះនៃការបង្រៀន

បានផ្សាយចេញ | ១០ កញ្ញា ២០២៦ 215

អ្នកគ្រូ ម៉ី មករា៖ ការយល់ពីកុមារ គឺជាគន្លឹះនៃការបង្រៀន

សម្រាប់អ្នកគ្រូ ម៉ី មករា គ្រូបង្រៀនកុមារតូច មិនត្រឹមតែផ្តល់ចំណេះដឹងក្នុងថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកចូលរួមបណ្តុះបណ្តាលអត្តចរិត វិន័យ សីលធម៌ និងទម្លាប់ល្អៗ ដែលកុមារអាចយកទៅប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ និងសង្គមនាពេលអនាគត។


អ្នកគ្រូ ម៉ី មករា បច្ចុប្បន្នជាគ្រូបង្រៀនថ្នាក់ក្រោមមត្តេយ្យសិក្សា៣ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ។ អ្នកគ្រូមានស្រុកកំណើតនៅខេត្តកំពង់ចាម ជាកូនទី៣ ក្នុងចំណោមបងប្អូន៣នាក់ ដោយលោកឪពុក អ្នកម្តាយជាមន្ត្រីរាជការ។ អ្នកគ្រូបានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រ និងបានជ្រើសរើសអាជីពជាគ្រូបង្រៀន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា។

ក្នុងបទពិសោធបង្រៀនកុមារតូច អ្នកគ្រូ មករា យល់ថា ការយល់ពីចិត្ត និងតម្រូវការរបស់កុមារ គឺជាចំណុចសំខាន់មួយដែលគ្រូត្រូវយកចិត្តទុកដាក់។ អ្នកគ្រូតែងប្រើចិត្តវិទ្យា ដើម្បីឈ្វេងយល់ថា «តើកុមារចង់បានអ្វីពីគ្រូ?» និងព្យាយាមបង្កើតបរិយាកាសដែលធ្វើឱ្យកុមារមានអារម្មណ៍ថា គ្រូគឺជាមនុស្សជិតស្និទ្ធ ដូចជាសមាជិកម្នាក់ក្នុងគ្រួសាររបស់ពួកគេ។

តាមរយៈការប្រើគរុកោសល្យ និងបច្ចេកទេសបង្រៀនសមស្រប អ្នកគ្រូផ្តោតលើការបង្កើតឱ្យកុមារមានភាពជាម្ចាស់ការលើខ្លួនឯង ចេះស្តាប់ ចេះគោរពវិន័យ និងចេះប្រព្រឹត្តអំពើល្អ។ សម្រាប់អ្នកគ្រូ ការបង្រៀនដែលមានប្រសិទ្ធភាព មិនមែនគ្រាន់តែធ្វើឱ្យកុមារចេះអាន ចេះសរសេរ ឬទទួលបានចំណេះដឹងទូលំទូលាយនោះទេ ប៉ុន្តែត្រូវធ្វើឱ្យពួកគេចេះរស់នៅជាមួយអ្នកដទៃដោយការគោរព និងសុជីវធម៌ផង
ដែរ។

ជាពិសេស សុវត្ថិភាពរបស់សិស្ស អនាម័យ ភាពស្និទ្ធស្នាល សុជីវធម៌ និងទម្លាប់ល្អៗ គឺជាអ្វីដែលអ្នកគ្រូតែងយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលកុមារជារៀងរាល់ថ្ងៃ។ អ្នកគ្រូជឿថា ទម្លាប់ល្អដែលកុមារចាប់ផ្តើមរៀនពីវ័យតូច នឹងក្លាយជាមូលដ្ឋានសំខាន់សម្រាប់ការរស់នៅ និងការរីកចម្រើនរបស់ពួកគេនៅថ្ងៃ
អនាគត។

អ្វីដែលធ្វើឱ្យអ្នកគ្រូមានមោទកភាព និងមានកម្លាំងចិត្តក្នុងការបន្តអាជីពនេះ គឺនៅពេលឃើញសិស្សមានការរីកចម្រើន ទទួលបានជោគជ័យ ចេះគោរពវិន័យ មានសីលធម៌ និងទទួលបានចំណេះដឹងកាន់តែទូលំទូលាយ។ ជាមួយគ្នានេះ ពាក្យ «អរគុណ» ពីអ្នកអាណាព្យាបាលដែលចេញពីចិត្ត ក៏ជាកម្លាំងចិត្តដ៏មានតម្លៃមួយសម្រាប់អ្នកគ្រូផងដែរ។

ក្នុងយុគសម័យបច្ចេកវិទ្យា អ្នកគ្រូ មករា មើលឃើញថា ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអប់រំកុមារតូច គឺជារឿងល្អ និងអាចផ្តល់អត្ថប្រយោជន៍ជាច្រើន ប្រសិនបើប្រើប្រាស់បានត្រឹមត្រូវ។ ទោះជាយ៉ាងណា កុមារគួរតែទទួលបានការណែនាំ និងត្រួតពិនិត្យពីអ្នកអាណាព្យាបាល និងគ្រូ ព្រោះបច្ចេកវិទ្យាមានទាំងចំណុចល្អ និងចំណុចដែលអាចប៉ះពាល់ដល់កុមារ ប្រសិនបើប្រើប្រាស់ដោយគ្មានការណែនាំត្រឹមត្រូវ។

សម្រាប់អ្នកគ្រូ ម៉ី មករា គោលដៅនៃអាជីពជាគ្រូបង្រៀន មិនមានអ្វីស្មុគស្មាញនោះទេ គឺគ្រាន់តែចង់ឃើញកូនសិស្សរបស់ខ្លួនរីកចម្រើន ក្លាយជាសិស្សល្អ មិត្តល្អ និងជាមនុស្សល្អនៅក្នុងសង្គមនាពេល
អនាគត។ ព្រោះសម្រាប់អ្នកគ្រូ ការឃើញកុមារធំធាត់ឡើងជាមួយចំណេះដឹង គុណធម៌ និងទម្លាប់ល្អ គឺជាសមិទ្ធផលដ៏មានន័យបំផុតសម្រាប់អាជីពជាគ្រូបង្រៀន៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Mr vanry.jpg

អ្នកគ្រូ ធី វណ្ណរី និងការចូលរួមលើកកម្ពស់គុណភាពអប់រំនៅសា...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/T-echer Lon.jpg

លោកគ្រូ ខេង លន់៖ ពីកូនកសិករ ទៅជាគ្រូបណ្តុះចំណេះដឹង និងគ...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/kid make eat bread.jpg

«ពីកូនកសិករម្នាក់ ទៅជាគ្រូដែលជួយសិស្សឱ្យរីកចម្រើនឆ្ពោះទ...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Ms Sokhary2.jpg

គ្រូបង្រៀនភាសាខ្មែរ ជា សុខារី បន្តមរតកអក្សរសាស្ត្រខ្មែរ...