ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

បូរ៉ា លីនដា ក្លាយជាសិស្សនិទ្ទេស A ដំបូងរបស់ AIS សាខាសៀមរាប ជំនាន់ទី៤

បានផ្សាយចេញ | ៣០ កញ្ញា ២០២៦ 161

បូរ៉ា លីនដា ក្លាយជាសិស្សនិទ្ទេស A ដំបូងរបស់ AIS សាខាសៀមរាប ជំនាន់ទី៤

យុវតី បូរ៉ា លីនដា សិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាសៀមរាប ជំនាន់ទី៤ បានបង្កើតកំណត់ត្រាថ្មីសម្រាប់សាខា ដោយទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាមួយមធ្យមភាគ ៩៩.៦៩៩ និងរួមចំណែកឱ្យ AIS សាខាសៀមរាប សម្រេចបានអត្រាជាប់ ១០០% ជាលើកដំបូង។


ក្រោយដឹងលទ្ធផលប្រឡង បូរ៉ា លីនដា បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងរំភើបយ៉ាងខ្លាំង ព្រោះដំបូងឡើយ ប្អូនស្ទើរតែមិនជឿថាខ្លួនអាចទទួលបានលទ្ធផលនេះឡើយ។ អំឡុងពេលត្រៀមប្រឡង ប្អូនក៏មានការព្រួយបារម្ភ និងសម្ពាធមួយចំនួន ប៉ុន្តែការខិតខំប្រឹងប្រែងជាប់លាប់ និងការមិនបោះបង់ បានជួយឱ្យប្អូនឈានដល់គោលដៅ។

ប្អូនបានចាត់ទុកសមិទ្ធផលនេះថា ជាលទ្ធផលដែលកើតចេញពីការខិតខំរបស់ខ្លួន រួមជាមួយការលះបង់ និងការគាំទ្រពីឪពុកម្តាយ និងគ្រួសារ ព្រមទាំងការបង្រៀន ណែនាំ និងលើកទឹកចិត្តពីលោកគ្រូ អ្នកគ្រូនៅ AIS។ ជាពិសេស បូរ៉ា លីនដា មានមោទនភាពដែលបានក្លាយជាសិស្សនិទ្ទេស A ដំបូងរបស់ AIS សាខាសៀមរាប និងបានរួមចំណែកបង្កើតសមិទ្ធផលថ្មីសម្រាប់សាលា។

ចំពោះវិធីសាស្ត្រសិក្សា ប្អូនបានបញ្ជាក់ថា មិនបានពឹងផ្អែកលើការរៀនខ្លាំងតែមួយរយៈពេលខ្លីនោះទេ ប៉ុន្តែបានរៀនជាប្រចាំ ធ្វើលំហាត់ សួរគ្រូនៅពេលមិនយល់ និងពិនិត្យមេរៀនឡើងវិញ។ នៅពេលជិតប្រឡង ប្អូនផ្តោតលើការធ្វើវិញ្ញាសាចាស់ៗ និងស្វែងរកចំណុចដែលខ្លួននៅខ្សោយ ដើម្បីពង្រឹង និងកែលម្អបន្ថែម។

សម្រាប់បូរ៉ា លីនដា ការទទួលបាននិទ្ទេស A មិនមែនកើតឡើងដោយសារតែការរៀនពូកែតាំងពីដំបូងនោះទេ ប៉ុន្តែជាលទ្ធផលនៃ ការខិតខំជាប់លាប់ វិន័យ និងការមិនបោះបង់នៅពេលជួបការលំបាក។
ក្រៅពីការសិក្សាក្នុងថ្នាក់ បរិយាកាសសិក្សា និងសកម្មភាពផ្សេងៗនៅ AIS ក៏បានផ្តល់បទពិសោធសំខាន់ៗដល់ប្អូនផងដែរ។ ការចូលរួមក្នុងកម្មវិធី និងសកម្មភាពរបស់សាលា បានជួយអភិវឌ្ឍជំនាញទំនាក់ទំនង ការធ្វើការជាក្រុម ការទទួលខុសត្រូវ និងភាពជឿជាក់លើខ្លួនឯង។ បទពិសោធទាំងនេះបានជួយឱ្យប្អូនយល់ថា ការសិក្សាមិនមានត្រឹមតែការទទួលបានពិន្ទុល្អទេ ប៉ុន្តែថែមទាំងជាការរៀនចេះគ្រប់គ្រងខ្លួនឯង និងតស៊ូដើម្បីសម្រេចគោលដៅ។

ក្នុងអំឡុងពេលត្រៀមប្រឡង គ្រួសារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ការគាំទ្រទាំងផ្លូវចិត្ត និងជីវភាពប្រចាំថ្ងៃ ដោយផ្តល់ពេលវេលា និងបរិយាកាសល្អសម្រាប់ការសិក្សា ព្រមទាំងតែងតែសួរនាំ និងលើកទឹកចិត្ត។ ពាក្យដែលប្អូនចងចាំជាពិសេស គឺ «កុំផ្តោតលើថាអ្នកដទៃធ្វើបានប៉ុណ្ណា តែត្រូវផ្តោតលើថា យើងអាចធ្វើបានល្អប៉ុណ្ណា។ ខិតខំឱ្យអស់ពីសមត្ថភាព ហើយកុំបោះបង់»។
បន្ទាប់ពីបញ្ចប់ថ្នាក់ទី១២ បូរ៉ា លីនដា មានគម្រោងបន្តការសិក្សានៅក្រៅប្រទេស ដើម្បីពង្រឹងចំណេះដឹង និងជំនាញឱ្យកាន់តែស៊ីជម្រៅ និងត្រៀមខ្លួនសម្រាប់អាជីពនៅថ្ងៃអនាគត។

ប្អូនមានក្តីស្រមៃចង់ក្លាយជាម្ចាស់អាជីវកម្មមួយ ដែលមិនត្រឹមតែមានសមត្ថភាពក្នុងវិជ្ជាជីវៈរបស់ខ្លួន ប៉ុន្តែអាចបង្កើតតម្លៃ និងមានប្រយោជន៍សម្រាប់អ្នកដទៃ និងសង្គម។
ប្អូនក៏មានបំណងយកចំណេះដឹង និងជំនាញដែលទទួលបានទៅប្រើប្រាស់ក្នុងការងារ និងការរស់នៅ ដើម្បីបង្កើតផលវិជ្ជមានសម្រាប់សង្គម តាមរយៈការចែករំលែកចំណេះដឹង ជួយអ្នកដទៃ និងចូលរួមក្នុងសកម្មភាពអភិវឌ្ឍសហគមន៍។

សម្រាប់សិស្ស AIS ជំនាន់ក្រោយដែលកំពុងត្រៀមប្រឡងបាក់ឌុប បូរ៉ា លីនដា បានផ្តល់សារលើកទឹកចិត្តថា កុំរង់ចាំដល់ជិតប្រឡងទើបចាប់ផ្តើមខិតខំ។ ត្រូវរៀនជាប្រចាំ មានវិន័យ រៀបចំពេលវេលាឱ្យបានល្អ និងកុំខ្លាចក្នុងការសួរគ្រូនៅពេលមិនយល់។ ជាពិសេស ត្រូវជឿជាក់លើខ្លួនឯង និងជឿលើការខិតខំរបស់ខ្លួន ព្រោះការខិតខំជាប់លាប់អាចជួយឱ្យសម្រេចបាននូវគោលដៅដែលធ្លាប់គិតថាពិបាក។
សមិទ្ធផលនិទ្ទេស A របស់ បូរ៉ា លីនដា ជាមួយមធ្យមភាគ ៩៩.៦៩៩ និងអត្រាជាប់ ១០០% របស់ AIS សាខាសៀមរាប ជំនាន់ទី៤ មិនត្រឹមតែជាសមិទ្ធផលផ្ទាល់ខ្លួនរបស់ប្អូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកំណត់ត្រាថ្មីមួយសម្រាប់ AIS សាខាសៀមរាប ដែលប្អូនសង្ឃឹមថា សិស្សជំនាន់ក្រោយនឹងបន្តខិតខំ និងបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់សាលា៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Mr Kavin.jpg

សិស្ស AIS សាខាចាក់អង្រែ សុភ័ក្រ្ត ខេវិន បង្ហើបពីផែនការស...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Posters A.jpg

AIS ត្រៀមប្រគល់មេដាយ បណ្ណសរសើរ និងរង្វាន់ដល់សិស្សនិទ្ទេ...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/MTT W1000px 667px (3) (2).jpg

វណ្ណៈ ពិសាល៖ សិស្ស AIS និទ្ទេស A បន្តក្តីស្រមៃក្លាយជាវិ...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Posters (6).jpg

សិស្ស AIS និទ្ទេស A គ្រប់មុខវិជ្ជា សុខ ហ៊ុង ដាក់ក្តីស្រ...