ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

គា ជាវផេង បង្ហាញការខិតខំប្រឹងប្រែងរហូតក្លាយជាសិស្សឆ្នើមប្រចាំថ្នាក់

បានផ្សាយចេញ | ០២ តុលា ២០២៦ 407

គា ជាវផេង បង្ហាញការខិតខំប្រឹងប្រែងរហូតក្លាយជាសិស្សឆ្នើមប្រចាំថ្នាក់

ការខិតខំប្រឹងប្រែង និងការកែប្រែទម្លាប់សិក្សា បានជួយឱ្យ គា ជាវផេង សិស្សថ្នាក់ទី៤ខ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ ទទួលបានតួនាទីជាសិស្សឆ្នើមប្រចាំថ្នាក់។ ជាវផេង បានបង្ហាញថា ការខិតខំមើលមេរៀនជាប្រចាំ ប្រុងប្រយ័ត្នក្នុងការសិក្សា និងហ៊ានសួរគ្រូនៅពេលមិនយល់ គឺជាចំណុចសំខាន់ដែលជួយឱ្យខ្លួនទទួលបានលទ្ធផលល្អប្រសើរជាងមុន។

ជាវផេង បានរំឭកថា កន្លងមក ខ្លួនធ្លាប់ជួបការលំបាកក្នុងការសិក្សា ដោយសារមេរៀនមួយចំនួនមានភាពស្មុគស្មាញ និងខ្លួនមានភាពធ្វេសប្រហែសចំពោះការរៀនសូត្រ។ ដើម្បីកែប្រែស្ថានភាពនេះ ជាវផេង បានចាប់ផ្តើមខិតខំរៀនមេរៀន និងយកចិត្តទុកដាក់លើការសិក្សាជាងមុន។

ដើម្បីសម្រេចបានលទ្ធផលល្អ ជាវផេង មានទម្លាប់ក្រោកពីព្រលឹមដើម្បីរំឭកមេរៀន ខិតខំរៀនសូត្រមុនពេលប្រឡង និងហ៊ានសួរលោកគ្រូ អ្នកគ្រូ នៅពេលមានចម្ងល់។ ជាពិសេស ជាវផេង បានរៀបចំពេលវេលាសម្រាប់ការសិក្សាយ៉ាងច្បាស់ ដោយចំណាយពេលរៀនមេរៀនបន្ថែមប្រមាណ២ម៉ោងក្នុងមួយថ្ងៃ ខណៈពេលកម្សាន្តត្រូវបានកំណត់ត្រឹមប្រមាណ៣០នាទី។

ជាវផេង បាននិយាយថា ការទទួលបានតួនាទីជាសិស្សឆ្នើមប្រចាំថ្នាក់ ធ្វើឱ្យខ្លួនមានអារម្មណ៍រំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ព្រោះអាចធ្វើឱ្យឪពុកម្តាយមានមោទកភាព និងជួយសម្រាលក្តីបារម្ភរបស់ពួកគាត់បានមួយកម្រិត។

នៅពីក្រោយការខិតខំប្រឹងប្រែងរបស់ជាវផេង ក៏មានការគាំទ្រពីឪពុកម្តាយ និងលោកគ្រូ អ្នកគ្រូ ដែលតែងតែផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តឱ្យបន្តខិតខំរៀនសូត្រ។ ពាក្យដែលជាវផេងចងចាំ និងជំរុញទឹកចិត្តខ្លាំង គឺការណែនាំពីឪពុកម្តាយថា «កូនត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីមានអនាគតល្អ» និងការលើកទឹកចិត្តពីលោកគ្រូ អ្នកគ្រូឱ្យខិតខំរៀន ដើម្បីក្លាយជាសិស្សឆ្នើម។

សម្រាប់អនាគត ជាវផេង មានក្តីស្រមៃចង់ក្លាយជាអ្នកវិទ្យាសាស្ត្រ និងចង់ក្លាយជាសិស្សឆ្នើមប្រចាំឆ្នាំ។ ជាមួយគ្នានេះ ប្អូនក៏ចង់មានមិត្តភក្តិល្អៗ និងមានគ្រួសារមួយដែលរស់នៅប្រកបដោយសុភមង្គល។
ជាវផេង ក៏បានផ្តាំផ្ញើទៅកាន់មិត្តភក្តិឱ្យចូលចិត្តរៀន និងកុំបោះបង់ការខិតខំប្រឹងប្រែង ព្រោះនៅពេលយើងប្រឹងរៀន យើងអាចទទួលបានលទ្ធផលល្អ ក្លាយជាសិស្សឆ្នើម និងធ្វើឱ្យឪពុកម្តាយ លោកគ្រូ អ្នកគ្រូមានមោទកភាព៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Student of the Class1.jpg

សុបិនធំ ចាប់ផ្តើមពីជំហានតូច៖ រឿងរ៉ាវជោគជ័យរបស់សិស្សឆ្នើ...

https://theirrawaddydolphin.com/storage/photos/news/article/2026/October/Pisal.jpg

ចេះគ្រប់គ្រងអារម្មណ៍ ជាគន្លឹះនៃការសិក្សា និងការរស់នៅប្រ...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Student.jpg

“រៀនដោយយល់ មិនមែនទន្ទេញ” ៖ គន្លឹះសិក្សារបស់សិស្សឆ្នើមថ្...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Student of the Class.jpg

សិស្សឆ្នើមតូច បេះដូងធំ!  អ៊ុន ឆាយអាន ចែករំលែកគន្លឹះសិក្...