ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ក្រុមប្រឹក្សាសិស្ស AIS ជំនាន់ទី៦ នាំយកអំណោយចែកជូនសិស្សសាលាបឋមសិក្សាព្រៃពាយ

បានផ្សាយចេញ | ០៦ តុលា ២០២៦ 243

ក្រុមប្រឹក្សាសិស្ស AIS ជំនាន់ទី៦ នាំយកអំណោយចែកជូនសិស្សសាលាបឋមសិក្សាព្រៃពាយ

ក្រុមប្រឹក្សាសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ជំនាន់ទី៦ សហការជាមួយមូលនិធិ ម៉េងលី ជេ. គួច បានរៀបចំកម្មវិធីទស្សនកិច្ចសប្បុរសធម៌ ដោយនាំយកអំណោយ និងសម្ភារសិក្សាទៅចែកជូនសិស្ស និងសាលាបឋមសិក្សាព្រៃពាយ ស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោកស្រី រស់ យ៉ាណា ប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង។

ទស្សនាវីដេអូ​តាមរយៈ Facebook 



កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌នៃការចែករំលែក បណ្តុះស្មារតីស្រឡាញ់ និងជួយសង្គម ព្រមទាំងលើកទឹកចិត្តសិស្សឱ្យចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្ត និងការងារសង្គម។ ជាមួយគ្នានេះ កម្មវិធីក៏ផ្តល់ឱកាសឱ្យសិស្សបានឈ្វេងយល់ពីស្ថានភាពរស់នៅ និងបរិយាកាសសិក្សារបស់សិស្សនៅតំបន់ជនបទ ព្រមទាំងពង្រឹងសមត្ថភាពធ្វើការងារជាក្រុម និងសាមគ្គីភាព។

ប្រធានក្រុមប្រឹក្សាសិស្ស AIS ជំនាន់ទី៦ យុវសិស្ស ជា វឌ្ឍនា បានឱ្យដឹងថា កម្មវិធីនេះមានគោលបំណងបន្តរក្សាវប្បធម៌នៃការចែករំលែក និងផ្តល់ជំនួយជាសម្ភារ ថវិកា គ្រឿងឧបភោគបរិភោគ ឬបរិក្ខារសិក្សា ដល់សាលារៀននៅតំបន់ដាច់ស្រយាល។ សកម្មភាពនេះក៏ជាឱកាសសម្រាប់សិស្សក្នុងការចូលរួមចំណែកជួយសង្គម បណ្តុះស្មារតីការងារស្ម័គ្រចិត្ត និងឈ្វេងយល់កាន់តែច្បាស់ពីជីវភាព និងបរិយាកាសសិក្សារបស់សិស្សនៅតំបន់ជនបទ។

ប្រធានក្រុមប្រឹក្សាសិស្សបានឱ្យដឹងបន្ថែមថា ថវិកា និងសម្ភារដែលបានយកមកឧបត្ថម្ភដល់សាលាបឋមសិក្សាព្រៃពាយ គឺបានមកពីថវិកាដែលទទួលបានតាមរយៈការលក់សម្រាប់សប្បុរសធម៌របស់ក្រុមប្រឹក្សាសិស្សកន្លងមក ក៏ដូចជាបានមកពីកម្មវិធី The Prom Night និងការឧបត្ថម្ភបន្ថែមពីគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និងសិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង។

អំណោយដែលបានប្រគល់ជូននាពេលនេះ រួមមាន កញ្ចប់សម្ភារសិក្សាចំនួន ១០០កញ្ចប់ នំសម្រាប់សិស្ស ទូរទស្សន៍ចំនួន ៣គ្រឿង និងថវិកាចំនួន ១លានរៀល សម្រាប់បម្រើតម្រូវការរបស់សាលារៀន។



លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានមានប្រសាសន៍ថា ក្រុមប្រឹក្សាសិស្ស AIS ជំនាន់ទី៦ បានបន្តចូលរួមក្នុងសកម្មភាពសង្គម ដោយសហការជាមួយមូលនិធិ ម៉េងលី ជេ. គួច។ ការចូលរួមនេះក៏ស្របតាមគំនិតផ្តួចផ្តើមរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលលោកតែងតែយកចិត្តទុកដាក់ និងចូលរួមក្នុងសកម្មភាពសង្គម ដូចជា ការជួយដល់មនុស្សចាស់ជរា ការឧបត្ថម្ភដល់អ្នកដែលកំពុងជួបបញ្ហាសុខភាព ឬការលំបាកក្នុងជីវភាពគ្រួសារ ព្រមទាំងការបរិច្ចាគឈាម និងសកម្មភាពសង្គមផ្សេងៗទៀត។

លោកស្រីបានបន្តថា អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី តែងមានជំនឿថា នៅពេលយើងរស់នៅក្នុងសង្គម និងទទួលបានការគាំទ្រពីសង្គម យើងក៏គួរចេះចែករំលែក និងចូលរួមចំណែកជួយសង្គមវិញ តាមរយៈការងារមនុស្សធម៌ និងសកម្មភាពសង្គមនានា ដើម្បីជួយដល់អ្នកដែលកំពុងជួបការលំបាក និងត្រូវការជំនួយ។



លោកស្រី រស់ យ៉ាណា បានបញ្ជាក់ថា ស្មារតីនៃការចូលរួមសង្គមនេះត្រូវបានបន្តពីមួយឆ្នាំទៅមួយឆ្នាំ ដោយសិស្សជំនាន់មុនបានចូលរួមជាគំរូ និងបន្តជំរុញសិស្សជំនាន់ក្រោយឱ្យចូលរួមជាមួយគ្នា។ តាមរយៈសកម្មភាពនេះ សិស្ស AIS បានចុះទៅចូលរួមក្នុងសកម្មភាពសង្គមនៅតាមបណ្តាខេត្តនានា ហើយខេត្តកំពត ក៏ជាខេត្តមួយដែលសិស្សបានមកចូលរួមចែករំលែក និងជួយដល់សហគមន៍នាពេលនេះ។
លោកស្រីបានបន្តថា ទោះបីជាជំនួយនេះមិនអាចឆ្លើយតបបានទាំងស្រុងចំពោះតម្រូវការរបស់សាលារៀនក៏ដោយ ក៏វាអាចជាចំណែកមួយក្នុងការជួយសម្រួល និងកាត់បន្ថយការខ្វះខាត ដើម្បីគាំទ្រដល់ដំណើរការរៀន និងបង្រៀន។

លោកស្រី រស់ យ៉ាណា បានសង្កត់ធ្ងន់ថា ការអប់រំគឺជាមូលដ្ឋានសំខាន់ដែលអាចជួយឱ្យមនុស្សផ្លាស់ប្តូរ ជីវិត ស្វែងរកក្តីសង្ឃឹម និងឆ្ពោះទៅរកភាពរីកចម្រើន ព្រមទាំងជួយឱ្យមនុស្សចេះពិចារណាអ្វីត្រូវ អ្វីខុស និងអ្វីគួរ ឬមិនគួរប្រព្រឹត្ត។

លោក ញេប វណ្ណថន នាយកសាលាបឋមសិក្សាព្រៃពាយ បានថ្លែងអំណរគុណដល់សាលារៀន អន្តរទ្វីប អាមេរិកាំង និងជាពិសេសលោកស្រី រស់ យ៉ាណា ដែលបានអញ្ជើញចូលរួមជាមួយសិស្ស AIS និងនាំយកអំណោយមកចែកជូនសិស្ស និងសាលាបឋមសិក្សាព្រៃពាយ។

លោកបានចាត់ទុកសកម្មភាពនេះថា ជាកាយវិការដ៏ល្អប្រកបដោយមនុស្សធម៌ និងសប្បុរសធម៌ ដែលអាចក្លាយជាគំរូដល់សិស្សជំនាន់ក្រោយ។ លោកបានបន្តថា ការចែករំលែក និងការជួយគ្នានេះ ក៏អាចជាកម្លាំងលើកទឹកចិត្តឱ្យសិស្សខិតខំប្រឹងប្រែងរៀនសូត្រ ផ្តោតលើការកសាងចំណេះដឹង និងអភិវឌ្ឍខ្លួនឱ្យក្លាយជាធនធានដ៏មានប្រយោជន៍សម្រាប់សង្គម៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/_Donation to siem reap  (4).jpg

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អា...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/_ Donation1 to Refugee6.jpg

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អញ្ជើញចុះសួរសុខទុក្ខ ន...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Charity 2025.jpg

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អា...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Blood Donation.jpg

«បរិច្ចាគឈាម ក៏ជាការបរិច្ចាគទានដ៏ថ្លៃថ្លា» យុទ្ធនាការធន...