ពីការចាប់ផ្តើមមួយក្នុងឆ្នាំ២០០៥ ដល់ការរីកចម្រើនជាបន្តបន្ទាប់អស់រយៈពេល២១ឆ្នាំ សាលារៀន អន្តរទ្វីប អាមេរិកាំង AIS បានពង្រីកវិសាលភាពការងាររបស់ខ្លួនក្នុងវិស័យអប់រំ និងបន្តរួមចំណែកបណ្តុះធនធានមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព និងសីលធម៌ សម្រាប់សង្គមកម្ពុជា។
ក្នុងឱកាសគម្រប់ខួប២១ឆ្នាំ គណៈគ្រប់គ្រង (មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាលារៀន អន្តរទ្វីប អាមេរិកាំង និង SOGO) រួមទាំងលោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក បានចូលរួមអបអរសាទរ និងគោរពជូនពរចំពោះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង លី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល និងក្តីរីករាយ។ ការជួបជុំក្នុងឱកាសនេះ ក៏ជាពេលវេលាមួយសម្រាប់សមាជិកទាំងអស់ បានរំលឹកពីការខិតខំប្រឹងប្រែង និងសមិទ្ធផលដែលបានសម្រេចរួមគ្នាក្នុងរយៈពេល២១ឆ្នាំកន្លងមក។

សាលារៀន អន្តរទ្វីប អាមេរិកាំង បានចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
ក្នុងរយៈពេល២១ឆ្នាំ សាលារៀន អន្តរទ្វីប អាមេរិកាំង បានបន្តពង្រឹងការងាររបស់ខ្លួនដោយផ្តោតលើ គុណភាពអប់រំ វិន័យ និងសេវាកម្ម។ គោលការណ៍ទាំងនេះបានក្លាយជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍស្ថាប័ន និងការបណ្តុះសិស្សឱ្យមានទាំងចំណេះដឹង ជំនាញ សមត្ថភាព និងសីលធម៌ ដើម្បីត្រៀមខ្លួនចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិ។
ពីក្រោយការរីកចម្រើនទាំងនេះ គឺជាការខិតខំប្រឹងប្រែងរួមគ្នារបស់មនុស្សជាច្រើន។ គណៈគ្រប់គ្រង សាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក បានចូលរួមចំណែកក្នុងការអភិវឌ្ឍស្ថាប័ន និងការផ្តល់សេវាអប់រំជារៀងរាល់ថ្ងៃ។ កម្លាំងរួមនេះបានក្លាយជាផ្នែកសំខាន់មួយនៅពីក្រោយការរីកចម្រើនរបស់AIS ក្នុងរយៈពេល២១ឆ្នាំកន្លងមក។
២១ឆ្នាំ គឺជារយៈពេលដែលពោរពេញដោយការរីកចម្រើន ការរៀនសូត្រ និងការប្តេជ្ញាចិត្ត។ ពីការចាប់ផ្តើមមួយ បានរីកធំឡើងជាប្រព័ន្ធស្ថាប័ន និងសេវាកម្មជាច្រើន ដែលមានគោលដៅរួមគ្នា គឺការរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងបណ្តុះធនធានមនុស្សសម្រាប់កម្ពុជា។
នៅថ្ងៃនេះ សមិទ្ធផលដែលបានកើតឡើងមិនមែនជាចំណុចបញ្ចប់នោះទេ ប៉ុន្តែជាមូលដ្ឋានសម្រាប់ការបន្តអភិវឌ្ឍទៅមុខ។ ជាមួយនឹងចក្ខុវិស័យពង្រីកសាលារៀនឱ្យបានទូទាំងប្រទេស ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានគោលបំណងបន្តរួមចំណែកលើកស្ទួយវិស័យអប់រំនៅ
កម្ពុជា និងបង្កើតឱកាសសិក្សាដែលមានគុណភាពសម្រាប់កុមារ និងយុវជនជំនាន់ក្រោយ៕

