សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់មត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ការិយាល័យកណ្តាល បានចូលរួមកម្មវិធីបោះតែនតិ៍ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីផ្សារភ្ជាប់ចំណេះដឹងដែលបានសិក្សាក្នុងថ្នាក់រៀនទៅនឹងបទពិសោធជាក់ស្តែង ព្រមទាំងបណ្តុះទម្លាប់ល្អ ការសហការគ្នា និងការប្រុងប្រយ័ត្នក្នុងការរស់នៅប្រចាំថ្ងៃ។

អ្នកគ្រូ ស៊ុន ចន្ធូ គ្រូបង្គោលមត្តេយ្យសិក្សាខ បានមានប្រសាសន៍ថា កម្មវិធីនេះមានលក្ខណៈប្រហាក់ប្រហែលនឹងមុខវិជ្ជាអង្កេត ដែលផ្តោតលើការឱ្យកុមារសង្កេត និងឈ្វេងយល់ពីអ្វីៗនៅជុំវិញខ្លួន។ ទោះបីជាសិស្សមិនទាន់មានឱកាសចេញទៅបោះតង់នៅតំបន់ធម្មជាតិខាងក្រៅក៏ដោយ ក៏សាលាអាចរៀបចំសកម្មភាពបោះតង់នៅក្នុងបរិវេណសាលា ដើម្បីឱ្យកុមារបានស្គាល់ និងឈ្វេងយល់ពីបទពិសោធថ្មីៗ។
អ្នកគ្រូបានបន្តថា គោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះ គឺដើម្បីឱ្យកុមារយកចំណេះដឹងដែលបានរៀនក្នុងថ្នាក់មកអនុវត្តជាមួយសកម្មភាពជាក់ស្តែង ដោយឈ្វេងយល់ពីការរៀបចំសម្ភារ ការត្រៀមខ្លួន និងអ្វីៗដែលត្រូវយកចិត្តទុកដាក់នៅពេលទៅបោះតង់នៅខាងក្រៅ។

ដើម្បីឱ្យកុមារមានភាពងាយស្រួលក្នុងការឈ្វេងយល់ គ្រូបានរៀបចំសម្ភារប្រើប្រាស់ជាច្រើនសម្រាប់បង្ហាញ ដូចជា តង់ តុ កៅអី និងសម្ភារចម្អិនអាហារ រួមទាំងកំសៀវ និងសម្ភារចាំបាច់ផ្សេងៗដែលតែងប្រើក្នុងការបោះតង់។ ក្រៅពីនេះ ក៏មានការរៀបចំល្បែងសិក្សា ដើម្បីឱ្យកុមារបានរៀនផង និងលេងផង ក្នុងបរិយាកាសរីករាយ និងទាក់ទាញ។
ជាមួយគ្នានេះ កម្មវិធីក៏មានគោលបំណងបណ្តុះទម្លាប់ល្អដល់កុមារ ជាពិសេស ការគោរពវិន័យក្នុងពេលធ្វើដំណើរ និងការយល់ដឹងពីសុវត្ថិភាពនៅពេលទៅដល់ទីតាំងបោះតែនតិ៍។ កុមារត្រូវបានណែនាំឱ្យចេះប្រុងប្រយ័ត្ន សង្កេតមើលអ្វីៗនៅជុំវិញខ្លួន និងស្គាល់ពីការត្រៀមខ្លួនឱ្យបានត្រឹមត្រូវ នៅពេលចូលទៅក្នុងតំបន់ធម្មជាតិ។

លើសពីនេះ ការបោះតែនតិ៍ ក៏ជាឱកាសឱ្យកុមាររៀនសហការ និងជួយគ្នាទៅវិញទៅមក តាមរយៈសកម្មភាពដូចជា ការរៀបចំសម្ភារ ការជួយដំឡើងតង់ និងការរៀបចំសម្ភារសម្រាប់ធ្វើម្ហូប។ សកម្មភាពទាំងនេះជួយបណ្តុះស្មារតីសាមគ្គីភាព ការចេះចែករំលែក និងការស្រឡាញ់រាប់អានគ្នាតាំងពីវ័យកុមារ។
អ្នកគ្រូ ស៊ុន ចន្ធូ បានបញ្ជាក់ថា ក្នុងការបង្រៀនកុមារតូចៗ គ្រូផ្តោតលើវិធីសាស្ត្រ «លេងផង រៀនផង» ដោយប្រើល្បែងសិក្សា សកម្មភាពបង្កើនការចាប់អារម្មណ៍ និងសម្ភារបង្រៀនដែលមានភាពទាក់ទាញ ដើម្បីជំរុញឱ្យកុមារចូលរួមយ៉ាងសកម្ម និងរីករាយក្នុងការសិក្សា។

កម្មវិធីបោះតែនតិ៍នេះមិនត្រឹមតែផ្តល់បទពិសោធថ្មីដល់កុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យពួកគេអភិវឌ្ឍចំណេះដឹង ជំនាញរស់នៅ ការប្រុងប្រយ័ត្ន និងស្មារតីសហការគ្នា តាមរយៈការរៀនសូត្រដែលភ្ជាប់ជាមួយសកម្មភាពជាក់ស្តែង៕
