សិស្សានុសិស្សថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានចុះកម្មសិក្សានៅរមណីយដ្ឋាន
វត្តភ្នំ រាជធានីភ្នំពេញ ដើម្បីឈ្វេងយល់ពីប្រវត្តិសាស្ត្រ ទីតាំងភូមិសាស្ត្រ ស្លាកសញ្ញាចរាចរណ៍ និងបរិស្ថានជុំវិញ ព្រមទាំងអនុវត្តចំណេះដឹងដែលបានសិក្សាក្នុងថ្នាក់ទៅនឹងស្ថានភាពជាក់ស្តែង។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។

កញ្ញា ជា ចាន់ស្រីរ័ត្ន ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា នៃសាលារៀន អន្តរទ្វីប
អាមេរិកាំង សាខាផ្សារថ្មី បានឱ្យដឹងថា ការចុះកម្មសិក្សានេះជាឱកាសឱ្យសិស្សបានសិក្សាសង្កេតពីមនុស្ស និងបរិស្ថានជុំវិញខ្លួន ឈ្វេងយល់ពីរមណីយដ្ឋានវត្តភ្នំ ដែលជាទីតាំងប្រវត្តិសាស្ត្រមួយដែលមានទំនាក់ទំនងនឹងដើមកំណើតរាជធានីភ្នំពេញ ព្រមទាំងស្គាល់ស្លាកសញ្ញាចរាចរណ៍ និងមហាវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ។
ក្នុងអំឡុងពេលកម្មសិក្សា សិស្សបានចូលរួមស្តាប់ការពន្យល់ សង្កេតមើលរូបចម្លាក់ និងសកម្មភាពជាក់ស្តែង ព្រមទាំងសួរសំណួរដើម្បីឈ្វេងយល់បន្ថែម។
សកម្មភាពទាំងនេះបានជួយឱ្យសិស្សភ្ជាប់ចំណេះដឹងពីក្នុងថ្នាក់ទៅនឹងបទពិសោធជាក់ស្តែង និងយល់ពីមេរៀនបានកាន់តែច្បាស់។

ក្រៅពីការបង្កើនចំណេះដឹង សិស្សក៏បានរៀនពីការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរទៅកាន់ទីសាធារណៈ ការថែរក្សារបស់របរផ្ទាល់ខ្លួន និងការទុកដាក់ប្រាក់កាក់ឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ កម្មវិធីក៏ជួយពង្រឹងចំណងមិត្តភាព សាមគ្គីភាព ការធ្វើការជាក្រុម ភាពក្លាហាន ឯករាជ្យភាព និងការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ និងមហាជនផងដែរ។
កញ្ញា ជា ចាន់ស្រីរ័ត្ន បានបញ្ជាក់ថា ការសិក្សានៅទីតាំងជាក់ស្តែងមានអត្ថប្រយោជន៍ច្រើន ព្រោះសិស្សអាចមើលឃើញ និងសង្កេតអ្វីៗដោយផ្ទាល់ មិនមែនគ្រាន់តែស្តាប់ការពន្យល់របស់គ្រូ ឬអានសៀវភៅប៉ុណ្ណោះទេ។ បទពិសោធនេះជួយអភិវឌ្ឍសមត្ថភាពសង្កេត ការគិតវិភាគ ការសួរសំណួរ និងការដោះស្រាយបញ្ហា ព្រមទាំងធ្វើឱ្យសិស្សមានការចងចាំមេរៀនបានកាន់តែប្រសើរ។
ជាចុងក្រោយ កញ្ញាបានលើកទឹកចិត្តឱ្យសិស្សយកចំណេះដឹង និងបទពិសោធដែលទទួលបានពីកម្មសិក្សានេះទៅអនុវត្តក្នុងការសិក្សា និងជីវិតប្រចាំថ្ងៃ តាមរយៈការសង្កេត ស្រាវជ្រាវ គិតពិចារណាដោយមានហេតុផល ចែករំលែកចំណេះដឹងដល់អ្នកដទៃ គោរពវិន័យ ថែរក្សាបរិស្ថាន និងសម្បត្តិសាធារណៈ ព្រមទាំងមានស្មារតីទទួលខុសត្រូវចំពោះសង្គម។
កញ្ញាសង្ឃឹមថា បទពិសោធពីការសិក្សាក្រៅថ្នាក់នេះនឹងជំរុញឱ្យសិស្សមានចិត្តស្រឡាញ់ការសិក្សា ចង់ឈ្វេងយល់បន្ថែម និងចេះប្រើប្រាស់ចំណេះដឹងឱ្យមានប្រយោជន៍ក្នុងអនាគត។
សូមបញ្ជាក់ថា ដំណើរចុះកម្មសិក្សានៅ រមណីយដ្ឋានវត្ដភ្នំ របស់សិស្សានុសិស្សថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី27 ខែតុលា ឆ្នាំ2026 រួមមានសាខាទួលគោក ផ្សារថ្មី ជ្រោយចង្វារ សែនសុខ និងទួលសង្កែ៕
