មុខវិជ្ជារូបវិទ្យាមិនត្រឹមតែជួយឱ្យសិស្សយល់ពីបាតុភូតធម្មជាតិ និងច្បាប់វិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍការគិតដោយហេតុផល ការដោះស្រាយបញ្ហា និងការយកចំណេះដឹងទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃផងដែរ។ នេះបើតាមការលើកឡើងរបស់លោក សូ សុផាត គ្រូបង្រៀនរូបវិទ្យាសម្រាប់សិស្សវិទ្យាល័យនៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)។

លោកគ្រូបានពន្យល់ថា រូបវិទ្យាជាវិទ្យាសាស្ត្រគ្រឹះដែលជួយពន្យល់ពីបាតុភូតធម្មជាតិ និងច្បាប់ចក្រវាឡនិងការយល់ដឹងអំពីពិភពលោកជុំវិញខ្លួន ។ ចាប់ពីការប្រើប្រាស់ទូរសព្ទដៃ ប្រព័ន្ធអ៊ីនធឺណិត ឧបករណ៍អគ្គិសនី និងមធ្យោបាយធ្វើដំណើរ រហូតដល់បច្ចេកវិទ្យាក្នុងវិស័យវេជ្ជសាស្ត្រ សុទ្ធតែមានទំនាក់ទំនងនឹងគោលការណ៍រូបវិទ្យា។
មិនតែប៉ុណ្ណោះ មុខវិជ្ជានេះក៏ជួយឱ្យសិស្សយល់ដឹងអំពីពិភពលោកចាប់ពីកម្រិតតូចបំផុត ដូចជាអាតូម និងភាគល្អិត រហូតដល់ភព ផ្កាយ និងកាឡាក់ស៊ីក្នុងលំហអាកាស។ តាមរយៈការសិក្សារូបវិទ្យា សិស្សអាចឈ្វេងយល់ពីមូលហេតុនៃបាតុភូតផ្សេងៗ ជំនួសឱ្យការមើលឃើញត្រឹមតែលទ្ធផលដែលកើតឡើងនៅចំពោះមុខ។
ក្រៅពីជួយឱ្យសិស្សយល់ពីបាតុភូតធម្មជាតិ និងបច្ចេកវិទ្យាជុំវិញខ្លួន ការសិក្សារូបវិទ្យាក៏ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពគិត និងដោះស្រាយបញ្ហាផងដែរ។ តាមរយៈការសង្កេត ការចោទសួរ និងការស្វែងរកចម្លើយដោយផ្អែកលើភស្តុតាង។ នៅពេលជួបបញ្ហា ឬលំហាត់ដែលមានភាពស្មុគស្មាញ សិស្សត្រូវរៀនបំបែកបញ្ហាធំទៅជាផ្នែកតូចៗ ហើយដោះស្រាយតាមលំដាប់លំដោយ។
ជាមួយគ្នានេះ ការរៀនរូបវិទ្យាក៏បង្រៀនសិស្សឱ្យចេះគិតដោយហេតុផល មិនពឹងផ្អែកតែលើការស្មាន ព្រមទាំងចេះវិភាគលទ្ធផល ស្វែងរកចំណុចខ្វះខាត និងកែសម្រួលវិធីសាស្ត្រនៅពេលជួបកំហុសក្នុងការដោះស្រាយលំហាត់ ឬធ្វើពិសោធន៍។ ដំណើរការនេះជួយបណ្តុះភាពអត់ធ្មត់ ការតស៊ូ និងទម្លាប់ស្វែងរកដំណោះស្រាយដោយមានមូលដ្ឋានច្បាស់លាស់។
សមត្ថភាពទាំងនេះមិនត្រឹមតែមានប្រយោជន៍ក្នុងថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចយកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃជាច្រើន ។ឧទាហរណ៍ ការយល់ដឹងអំពីចរន្តអគ្គិសនីជួយឱ្យយើងប្រើប្រាស់ឧបករណ៍
អគ្គិសនីបានត្រឹមត្រូវ និងមានសុវត្ថិភាព។ ចំណែកច្បាប់ចលនា កម្លាំងកកិត និងល្បឿន ជួយឱ្យអ្នកធ្វើដំណើរយល់ពីសារៈសំខាន់នៃការបន្ថយល្បឿននៅពេលផ្លូវរអិល និងការពាក់ខ្សែក្រវាត់សុវត្ថិភាព។
ក្នុងការចម្អិនអាហារ គោលការណ៍នៃការផ្ទេរកម្ដៅជួយពន្យល់ពីមូលហេតុដែលឆ្នាំងលោហៈអាចផ្ទេរកម្ដៅទៅអាហារបានល្អ ខណៈដងឆ្នាំងដែលធ្វើពីឈើ ឬសម្ភារដែលចម្លងកម្ដៅមិនល្អ ជួយកាត់បន្ថយការផ្ទេរកម្ដៅទៅដៃ។ រីឯម៉ាស៊ីនសាមញ្ញ ដូចជា ឃ្នាស់ រ៉ក និងប្លង់ទេរ ក៏អាចជួយកាត់បន្ថយកម្លាំងដែលត្រូវប្រើក្នុងការលើក ឬរុញវត្ថុធ្ងន់ៗផងដែរ។
លើសពីនេះ គោលការណ៍អុបទិកទាក់ទងនឹងពន្លឺ និងកញ្ចក់ ក៏ត្រូវបានយកទៅប្រើប្រាស់ក្នុងឧបករណ៍ជាច្រើន ដូចជា វ៉ែនតាកែតម្រូវការមើលឃើញ និងកញ្ចក់មើលក្រោយរបស់យានយន្ត។ ឧទាហរណ៍ទាំងនេះបង្ហាញថា ចំណេះដឹងរូបវិទ្យាមិនមែនស្ថិតនៅតែក្នុងសៀវភៅសិក្សា ឬក្នុងថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែមានតួនាទីក្នុងការជួយឱ្យមនុស្សយល់ និងប្រើប្រាស់បច្ចេកវិទ្យាជុំវិញខ្លួនបានកាន់តែប្រសើរ។
ជាចុងក្រោយ លោក សូ សុផាត បានលើកទឹកចិត្តសិស្សឱ្យមានភាពអត់ធ្មត់ និងព្យាយាមបន្តិចម្តងៗក្នុងការសិក្សាមុខវិជ្ជានេះ ដោយលោកបានប្រៀបធៀបការរៀនរូបវិទ្យាទៅនឹងការហាត់ប្រាណខួរក្បាលថា «ចូរចាំថា ការរៀនរូបវិទ្យាប្រៀបដូចជាការហាត់ប្រាណខួរក្បាលអ៊ីចឹងដែរ ថ្ងៃដំបូងៗវាពិតជាឈឺក្បាល និងហត់នឿយ ប៉ុន្តែបើប្អូនអត់ធ្មត់ហ្វឹកហាត់បន្តិចម្តងៗ ខួរក្បាលប្អូននឹងកាន់តែរឹងមាំ និងឆ្លាតវៃជាងមុនជាមិនខាន»។
ដូច្នេះ ការយល់ដឹងពីសារៈសំខាន់នៃរូបវិទ្យា និងការខិតខំរៀនសូត្រជាប្រចាំ អាចជួយឱ្យសិស្សមានមូលដ្ឋានចំណេះដឹងរឹងមាំ បង្កើនសមត្ថភាពវិភាគ និងត្រៀមខ្លួនសម្រាប់ការសិក្សាកម្រិតខ្ពស់ ព្រមទាំងការដោះស្រាយបញ្ហាក្នុងជីវិតជាក់ស្តែងនាពេលអនាគត៕