ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិស្សឆ្នើមប្រចាំថ្នាក់! ផល ចាន់សេរីវឌ្ឍន៍ ចែករំលែកគន្លឹះជោគជ័យក្នុងការរៀនសូត្រ

បានផ្សាយចេញ | ៣០ តុលា ២០២៦ 120

សិស្សឆ្នើមប្រចាំថ្នាក់! ផល ចាន់សេរីវឌ្ឍន៍ ចែករំលែកគន្លឹះជោគជ័យក្នុងការរៀនសូត្រ

ការខិតខំប្រឹងប្រែង ការសិក្សាជាប្រចាំ និងការមិនបោះបង់ចំពោះឧបសគ្គ គឺជាកត្តាសំខាន់ដែលជួយឱ្យសិស្សសម្រេចបានលទ្ធផលល្អក្នុងការសិក្សា។ ជាក់ស្តែង សិស្ស  ផល ចាន់សេរីវឌ្ឍន៍ សិស្សថ្នាក់ទី៥ «ខ» ឆ្នាំសិក្សា ២០២៦-២០២៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ ដែលទទួលបានជ័យលាភីលេខ១ ជាសិស្សឆ្នើមប្រចាំថ្នាក់ បានចែករំលែកថា ការរៀនសូត្រដោយមានវិន័យ ការស្រាវជ្រាវ និងការហ៊ានសួរនៅពេលមិនយល់ គឺជាគន្លឹះជួយឱ្យប្អូនឆ្លងកាត់ការលំបាក និងសម្រេចបានសមិទ្ធផលនេះ។


សិស្ស ផល ចាន់សេរីវឌ្ឍន៍ បានឱ្យដឹងថា «ខ្ញុំមានអារម្មណ៍រំភើប និងសប្បាយរីករាយយ៉ាងខ្លាំង នៅពេលទទួលបានការជ្រើសរើសជាសិស្សឆ្នើមប្រចាំថ្នាក់ និងទទួលបានជ័យលាភីលេខ១។» ផល ចាន់សេរីវឌ្ឍន៍  លទ្ធផលនេះមិនត្រឹមតែជាការសប្បាយចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចិត្តឱ្យប្អូនបន្តខិតខំរៀនសូត្រឱ្យកាន់តែប្រសើរឡើងផងដែរ។
ទន្ទឹមនឹងលទ្ធផលល្អ ប្អូនក៏ធ្លាប់ជួបការលំបាកក្នុងការសិក្សាផងដែរ។ ប៉ុន្តែ រាល់ពេលជួបបញ្ហា ប្អូនតែងព្យាយាមស្រាវជ្រាវ ស្វែងរកគន្លឹះ និងដំណោះស្រាយថ្មីៗ ព្រមទាំងសុំយោបល់ពីលោកគ្រូ អ្នកគ្រូ និងសិស្សច្បង
ដើម្បីឈ្វេងយល់ពីចំណុចដែលខ្លួនមិនទាន់យល់។ ប្អូនយល់ថា រាល់ការលំបាកអាចឆ្លងផុតបាន ប្រសិនបើយើងមានការតស៊ូ ព្យាយាម និងមិនបោះបង់។

ចំពោះវិធីសាស្ត្រសិក្សាដែលជួយឱ្យទទួលបានលទ្ធផលល្អ សិស្ស ផល ចាន់សេរីវឌ្ឍន៍ បានចែករំលែកថា ប្អូនតែងរំឭកមេរៀនជារៀងរាល់ថ្ងៃមុនទៅសាលារៀន រៀនឱ្យបានទៀងទាត់ និងបំពេញកិច្ចការដែលលោកគ្រូ អ្នកគ្រូដាក់ឱ្យនៅពេលត្រឡប់ទៅផ្ទះ។ លើសពីនេះ ប្អូនក៏ព្យាយាមសិក្សាមេរៀនថ្មីជាមុន រៀបចំសម្ភារសិក្សាឱ្យបានគ្រប់គ្រាន់តាមកាលវិភាគ និងកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទច្រើនម៉ោងពេក។ អ្វីដែលសំខាន់ ប្អូនមិនខ្លាចក្នុងការសួរអ្នកដែលមានចំណេះដឹង និងយល់ដឹងច្រើនជាងខ្លួន ដើម្បីបំពេញចំណុចខ្វះខាតក្នុងការសិក្សា។

ក្រៅពីការរៀនសូត្រ ចាន់សេរីវឌ្ឍន៍ ក៏យកចិត្តទុកដាក់លើការគ្រប់គ្រងពេលវេលាផងដែរ ដោយបែងចែកម៉ោងសិក្សា និងម៉ោងលេងឱ្យបានច្បាស់លាស់។ ប្អូនតែងបំពេញកិច្ចការសាលា និងលំហាត់ផ្សេងៗឱ្យរួចរាល់ជាមុនសិន មុនចំណាយពេលធ្វើសកម្មភាពផ្សេងៗ។ ចំណែកឯការគាំទ្រដែលជួយជំរុញឱ្យប្អូនមានកម្លាំងចិត្តក្នុងការសិក្សា គឺបានមកពីឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងមិត្តភក្តិ។

ជាមួយគ្នានេះ ប្អូនក៏បានរំឭកពីពាក្យលើកទឹកចិត្តរបស់លោកគ្រូដែលតែងជំរុញឱ្យប្អូនខិតខំរៀនសូត្រ ដោយមានខ្លឹមសារថា «យើងខិតខំប្រឹងប្រែងរៀនសូត្រ នៅថ្ងៃខាងមុខពួកយើងនឹងមានអនាគតល្អ និងអាចជម្នះគ្រប់ឧបសគ្គទាំងអស់»។ ពាក្យលើកទឹកចិត្តនេះបានក្លាយជាកម្លាំងចិត្តដ៏សំខាន់មួយ ជួយឱ្យប្អូនមានភាពក្លាហាន តស៊ូ និងបន្តដំណើរលើមាគ៌ានៃការសិក្សា។
ចំពោះគោលដៅនាពេលអនាគត សិស្ស ផល ចាន់សេរីវឌ្ឍន៍ មានបំណងចង់ក្លាយជាអ្នកជំនួញ ដើម្បីផលិតឧបករណ៍ និងផលិតផលផ្សេងៗ សម្រាប់បំពេញតម្រូវការនៅក្នុងប្រទេសកម្ពុជា។ ប្អូនក៏ចង់ចែករំលែកសារលើកទឹកចិត្តទៅកាន់មិត្តភក្តិថា ការសិក្សាអាចជួយឱ្យយើងកសាងអនាគត បង្កើតឱកាសការងារជាច្រើន ក្លាយជាមនុស្សល្អ និងមានសមត្ថភាពចូលរួមធ្វើកិច្ចការដែលមានប្រយោជន៍ដល់សង្គម។

រឿងរ៉ាវរបស់ប្អូនប្រុស ផល ចាន់សេរីវឌ្ឍន៍ បានបង្ហាញថា លទ្ធផលល្អក្នុងការសិក្សាមិនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាផ្លែផ្កានៃការខិតខំប្រឹងប្រែង វិន័យ និងការតស៊ូជាប្រចាំ។ ការចេះស្វែងរកចំណេះដឹង ការហ៊ានសួរ និងការមិនបោះបង់ចំពោះឧបសគ្គ គឺជាគន្លឹះដែលសិស្សានុសិស្សអាចយកទៅអនុវត្ត ដើម្បីអភិវឌ្ឍសមត្ថភាព និងឆ្ពោះទៅសម្រេចក្តីស្រមៃរបស់ខ្លួននាពេលអនាគត៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/October/Pisal.jpg

ចេះគ្រប់គ្រងអារម្មណ៍ ជាគន្លឹះនៃការសិក្សា និងការរស់នៅប្រ...

https://theirrawaddydolphin.com/storage/photos/news/article/2026/October/Mean.jpg

«រៀនមុន លេងក្រោយ» ជាគន្លឹះជួយឱ្យសិស្សថ្នាក់ទី៣ ឫទ្ធីរ័ត...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Student of the Class1.jpg

សុបិនធំ ចាប់ផ្តើមពីជំហានតូច៖ រឿងរ៉ាវជោគជ័យរបស់សិស្សឆ្នើ...

https://theirrawaddydolphin.com/storage/photos/news/article/2026/November/piseth.jpg

សិស្សឆ្នើម ឈឹម សុខពិសិដ្ឋ ចែករំលែកគន្លឹះសិក្សា៖ តាំងចិត...