ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី៖ បរាជ័យមិនមែនជាការបរាជ័យពិតប្រាកដទេ ប៉ុន្តែជាជំហានឆ្ពោះទៅជោគជ័យ

បានផ្សាយចេញ | ១៦ សីហា ២០២៦ 201

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី៖ បរាជ័យមិនមែនជាការបរាជ័យពិតប្រាកដទេ ប៉ុន្តែជាជំហានឆ្ពោះទៅជោគជ័យ

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកទឹកចិត្តដល់សិស្សានុសិស្សថា ការធ្វើខុស ការជួបការលំបាក ឬទទួលបានលទ្ធផលមិនដូចការរំពឹងទុក មិនមែនជាការបរាជ័យពិតប្រាកដនោះទេ ប៉ុន្តែជាឱកាសសម្រាប់ឱ្យខ្លួនឯងឈ្វេងយល់ពីចំណុចខ្វះខាត កែលម្អ និងរៀនសូត្រពីបទពិសោធ ដើម្បីឈានទៅរកភាពជោគជ័យនាពេលអនាគត។



ថ្លែងនៅក្នុងពិធីចែកវិញ្ញាបនបត្រដល់សិស្សានុសិស្សដែលបញ្ចប់ថ្នាក់ទី៩ កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានមានប្រសាសន៍ថា ក្នុងដំណើរសិក្សា និងជីវិត សិស្សានុសិស្សអាចជួបប្រទះការលំបាក ធ្វើខុស ឬទទួលបានលទ្ធផលមិនល្អ ប៉ុន្តែចំណុចទាំងនេះគួរត្រូវបានចាត់ទុកជាការឆ្លុះបញ្ចាំង ដើម្បីឱ្យដឹងថា ខ្លួនមានចំណុចណាដែលត្រូវកែលម្អបន្ថែម។


អ្នកឧកញ៉ាបានបន្តថា «បរាជ័យមិនមែនជាអ្វីដែលផ្ទុយពីជោគជ័យឡើយ ប៉ុន្តែវាអាចក្លាយជាគន្លឹះនាំទៅរកជោគជ័យ ព្រោះការជួបបញ្ហា និងការឆ្លងកាត់ឧបសគ្គជាច្រើនដង នឹងធ្វើឱ្យមនុស្សរៀនសូត្រពីកំហុស ស្គាល់វិធីកែលម្អ និងអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែប្រសើរ។»

ជាមួយគ្នានេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំឱ្យសិស្សានុសិស្សផ្តោតលើការពង្រឹងមូលដ្ឋានសិក្សា ជាពិសេសនៅកម្រិតថ្នាក់ទី១០ ទី១១ និងទី១២ ដែលជាមូលដ្ឋានសំខាន់សម្រាប់ការសិក្សាបន្ត និងការរៀបចំខ្លួនសម្រាប់អនាគត។ សិស្សគួរពង្រឹងភាសាអង់គ្លេស ចំណេះដឹងគណិតវិទ្យា វិទ្យាសាស្ត្រ ជំនាញឌីជីថល និងបង្កើតទម្លាប់អានជាប្រចាំ។
អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា ចំណេះដឹងទូលំទូលាយ ចំណេះដឹងសកល និងបទពិសោធអនុវត្តជាច្រើន អាចស្វែងរកបានតាមរយៈការអានសៀវភៅ។ ការអានមិនត្រឹមតែជួយបង្កើនចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យមនុស្សមានការគិតទូលំទូលាយ មានភាពវាងវៃ បត់បែន និងអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់។



ទន្ទឹមនឹងនេះ អ្នកឧកញ៉ាបានលើកឡើងថា ភាសាអង់គ្លេសជាជំនាញសំខាន់ដែលអាចបើកទ្វារទៅកាន់ចំណេះដឹងសកល ខណៈបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) អាចជួយឱ្យសិស្សរៀនសូត្រ និងបំពេញការងារបានកាន់តែមានប្រសិទ្ធភាព។ លោកក៏បានណែនាំឱ្យសិស្សចាប់អារម្មណ៍លើការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ដែលមានសារៈសំខាន់សម្រាប់ទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់ថា ការជ្រើសរើសជំនាញសម្រាប់អនាគត គួរផ្អែកលើចំណុចខ្លាំង និងចំណាប់អារម្មណ៍របស់ខ្លួន ព្រមទាំងត្រូវសិក្សាពីតម្រូវការទីផ្សារការងារ និងនិន្នាការនាពេលអនាគត។ អ្នកឧកញ៉ា បានព្យាករណ៍ថា កម្ពុជានឹងបន្តត្រូវការធនធានមនុស្សជាច្រើនផ្នែក ដូចជា វេជ្ជបណ្ឌិត គ្រូបង្រៀន វិស្វករ អ្នកជំនាញបច្ចេកវិទ្យា សហគ្រិន និងអ្នកមានជំនាញបច្ចេកទេសផ្សេងៗ ដោយត្រូវភ្ជាប់ជាមួយសុចរិតភាព និងការទទួលខុសត្រូវ។



អ្នកឧកញ៉ា ក៏បានរំលឹកដល់សិស្សានុសិស្សថា ពិភពលោកនាពេលអនាគតនឹងមានការផ្លាស់ប្តូរខុសពីបច្ចុប្បន្ន ដូច្នេះការត្រៀមខ្លួនមិនគួរផ្តោតតែលើចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងសមត្ថភាពគិត វិភាគ និងដោះស្រាយបញ្ហាឱ្យបានស៊ីជម្រៅ។ លោកបានចាត់ទុកការគិតវិភាគត្រឹមត្រូវថា ជាចំណុចសំខាន់មួយដែលអាចជួយឱ្យសិស្សក្លាយជាអ្នកដឹកនាំដែលមានសមត្ថភាព និងមានចិត្តគំនិតគួរឱ្យគោរព។
លើសពីនេះ សិស្សានុសិស្សគួរអភិវឌ្ឍជំនាញប្រាស្រ័យទាក់ទង ជំនាញដោះស្រាយបញ្ហា ជំនាញច្នៃប្រឌិត និងសមត្ថភាពសម្របខ្លួន។ ការចេះបត់បែនតាមកាលៈទេសៈ និងមានទម្លាប់រៀនសូត្រពេញមួយជីវិត ក៏ជាចំណុចសំខាន់ដែលនឹងជួយឱ្យយុវជនអាចត្រៀមខ្លួនបានល្អសម្រាប់ពិភពការងារ និងសង្គមនាពេលអនាគត។

តាមរយៈសារលើកទឹកចិត្តនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានផ្តល់ជាគន្លឹះដល់សិស្សានុសិស្សថា រាល់ឧបសគ្គ និងកំហុសដែលកើតឡើងក្នុងដំណើរជីវិត មិនគួរធ្វើឱ្យបោះបង់ក្តីស្រមៃឡើយ ប៉ុន្តែគួរយកវាជាមេរៀន ដើម្បីកែលម្អខ្លួន និងបន្តដំណើរទៅមុខ ព្រោះការរៀនពីបរាជ័យ គឺជាផ្នែកមួយនៃដំណើរឆ្ពោះទៅរកជោគជ័យ៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/June/sport 5.jpg

សិស្សតូចៗបង្ហាញសមត្ថភាពល្អក្នុងទិវាកីឡា នៃសាលារៀន អន្តរ...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Graduation.jpg

AIS សាខាសៀមរាប ប្រគល់វិញ្ញាបនបត្រដល់សិស្សថ្នាក់មត្តេយ្យ...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Teacher TK.jpg

ក្រសួងអប់រំ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សហការរៀបចំ...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/G12.jpg

AIS ប្រគល់វិញ្ញាបនបត្រលើកទី៥០ ជូនសិស្សថ្នាក់ទី១២ ប្រមាណ...