គណៈកម្មការកីឡា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានប្រារព្ធពិធីបិទការប្រកួតកីឡាបុគ្គលិកជ្រើសរើសជើងឯក ពានរង្វាន់ម៉េងលី ជេ. គួច ជំនាន់ទី១៩ ប្រចាំឆ្នាំ២០២៦ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក រឿង សុភាព អនុប្រធាន នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង។

លោក សែម ពេជ្រ នាយកកីឡា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប
អាមេរិកាំង បានឱ្យដឹងថា ការប្រកួតកីឡាបុគ្គលិកជ្រើសរើសជើងឯក ពានរង្វាន់ម៉េងលី ជេ. គួច ជំនាន់ទី១៩ ប្រចាំឆ្នាំ២០២៦ បានបិទបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល ៧សប្តាហ៍ ដោយមានកីឡាករ កីឡាការិនីចូលរួមសរុប ២០៩នាក់ ចំនួន៤ វិញ្ញាសា រួមមាន ទី១ វិញ្ញាសាអត្តពលកម្មមានពីរវិញ្ញាសា រត់ល្បឿនបុរស នារី និងរត់បណ្តាក់បុរស នារី មានកីឡាករ កីឡាការិនីចំនួន៥៤នាក់ ហើយធ្វើការប្រកួតជម្រុះយកចំណាត់ថ្នាក់តែម្តង។ ទី២ វិញ្ញាសាបាល់ទាត់ មានចំនួន៧ក្រុម ប្រកួតវិលជុំសន្សំពិន្ទុយកចំណាត់ថ្នាក់ មានកីឡាករចូលរួម១១៩នាក់។ ទី៣ វិញ្ញាសាវាយសី វាយឯកត្តជន ផ្នែកបុរស និងនារី មានកីឡាករ កីឡាការិនីចំនួន២៤នាក់ ធ្វើការប្រកួត ជម្រុះយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។ ទី៤ វិញ្ញាសាប៉េតង់ ឯកត្តជន និងគូ មានកីឡាករចំនួន១២នាក់ ធ្វើការប្រកួតជម្រុះយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។

ថ្លែងក្នុងឱកាសនោះ លោក រឿង សុភាព អនុប្រធាន នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង បានអបអរសាទរដល់ក្រុមកីឡាករដែលទទួលបានជ័យលាភីទាំងអស់ និងលើកទឹកចិត្តដល់ក្រុមដែលមិនទាន់ទទួលបានជោគជ័យឱ្យបន្តខិតខំប្រឹងប្រែងសម្រាប់ការប្រកួតនៅពេលក្រោយទៀត។

លោកបានបន្ថែមថា វិស័យកីឡា ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងបង្កើនសាមគ្គីភាព សុខភាព ដល់បុគ្គលិក និងសិស្សានុសិស្ស ប្រាកដមែន ដែលទាំងអស់នេះ គឺជាកត្តាកំណត់ដ៏សំខាន់ក្នុងការអនុវត្តការងារ និងការសិក្សារបស់សិស្សានុសិស្ស ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការរៀបចំការប្រកួត និងចូលរួមការប្រកួតកីឡាពិតជាបង្កើនការរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែជិតស្និតរវាងកីឡាករទាំងអស់ ជាងនេះទៅទៀត កីឡា ក៏រួមចំណែកក្នុងការកាត់បន្ថយភាពតានតឹង ក្នុងអារម្មណ៏ បញ្ចៀសបានរាល់ការប្រព្រឹត្តបញ្ហាក្នុងសង្គមនានា ដូចជាការប្រើប្រាស់ថ្នាំញៀន អំពើហិង្សា រក្សានូវកម្លាំងកាយ រឹងមាំ និងការលើកកម្ពស់សុខមាលភាពល្អ ដែលជាកត្តាកំណត់ដ៏សំខាន់។ ជាមួយគ្នានេះ លោកក៏បានកោតសរសើរចំពោះគណៈកម្មការរៀបចំ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំការប្រកួតឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

ក្នុងឱកាសដ៏សប្បាយរីករាយនោះដែរ ជ័យលាភី កីឡាករ កីឡាការិនី ទទួលបានរង្វាន់រួមមាន មេដាយ និងថវិកា ដោយឡែកសម្រាប់ជ័យលាភីវិញ្ញាសាបាល់ទាត់ទទួលបានពានរង្វាន់ មេដាយ និងថវិកា៕
