ការបង្កើតឡានបញ្ជាពិសេសនៃក្លឹបស្ទីម

បានផ្សាយចេញ | ០៤ កញ្ញា ២០២៤

ការបង្កើតឡានបញ្ជាពិសេសនៃក្លឹបស្ទីម

មនុស្សគ្រប់រូបតែងតែមានបំណងប្រាថ្នា ឬចំណង់ចំណូលចិត្តរៀងៗខ្លួន ​​​​ដូចនេះហើយ ទើបក្រុមប្រឹក្សាសិស្សរបស់ពួកយើង បានបង្កើតក្លឹបជាច្រើន រួមទាំងក្លឹប​ STEAM ផងដែរ។ ​​ក្លឹបទាំងនេះ បានជួយជំរុញឱ្យសិស្សានុសិស្ស មានឱកាសក្នុងការបញ្ចេញសមត្ថភាព ពង្រីក និងបង្កើនចំណេះដឹងរបស់ពួកគេ។ ​STEAM ​តំណាងឱ្យ Science, Technology, ​​​Engineering, Art, Mathematic ។​ គោលបំណងនៃក្លឹបនេះ គឺដើម្បីលើកទឹកចិត្តឱ្យសមាជិករបស់យើង ស្វែងយល់សិក្សា និងការបង្កើតវត្ថុថ្មីៗ ដូចជា​ឡានបញ្ជាជាដើម។

​          ឡានបញ្ជា គឺជាគំនិតថ្មីមួយដែលក្លឹបរបស់យើងមិនដែលមានពីមុនមក និងជាគម្រោងការមួយដែលអាចអនុញ្ញាតឱ្យសមាជិកក្លឹបរបស់យើង ចូលរួមបង្កើតឡានបញ្ជាដោយប្រើប្រាស់គំនិតច្នៃប្រឌិតរបស់ខ្លួន។ នៅក្នុងកម្មវិធីនេះផងដែរ សមាជិកតាមសាខានីមួយៗ ត្រូវបង្កើតឡានបញ្ជាមួយតាមពេលកំណត់ដែលបានផ្តល់ឱ្យ ហើយយើងនឹងមានការប្រណាំងឡានបញ្ជានោះ នៅថ្ងៃទស្សនកិច្ចសិក្សា។សម្រាប់ការធ្វើឡានបញ្ជានេះ​ ពួកយើងមានគោលបំណងជាច្រើនដូចជា​​ យល់ដឹងអំពីវិស្វកម្មមេកានិច​​ និងវិស្វកម្មអគ្គិសនី យល់ដឹងបន្ថែមទៅលើចំណេះដឹងមុខវិជ្ជារូបវិទ្យា ធ្វើការយល់ដឹងអំពីការផ្សារភ្ជាប់រវាងមេរៀន និងបម្រើបម្រាស់ប្រចាំថ្ងៃ។ ការទាក់ទាញចំណាប់អារម្មណ៍ និងប្រជាប្រិយភាពមកកាន់     ក្លឹបទាំងមូល បណ្តុះគំនិតក្នុងការច្នៃប្រឌិត និងក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើង ជាសមិទ្ធផលដ៏គួរឱ្យទាក់ទាញនៅថ្ងៃតាំងពិព័រណ៍ និងទៅដល់ជំនាន់ក្រោយ​ ការបំផុសគំនិតថ្មីដែលទាក់ទងទៅនឹងភាពច្នៃប្រឌិតខ្ពស់។ល។

ក្នុងដំណើរការនៃការធ្វើឡានបញ្ជានេះ សិស្សានុសិស្សគ្រប់រូបដែលមកពីសាខាផ្សេងៗ ត្រូវបានជួបប្រជុំគ្នាជាក្រុមនៅសាខានីមួយៗ ដែលក្រុមប្រឹក្សាសិស្សបានដាក់ឱ្យសម្រាប់ក្រុមនីមួយៗត្រូវទទួលបានសម្ភារៈជាច្រើនដើម្បីបង្កើតឡើងនូវឡានបញ្ជាទៅតាមចំណង់ចំណូលចិត្ត ដែលពួកគេប្រាថ្នាជាមួយនឹងភាពច្នៃប្រឌិត និងការសាមគ្គីគ្នារវាងសមាជិកក្រុមនីមួយៗ ពួកគេត្រូវធ្វើរចនាបទការតុបតែងឡានបញ្ជារបស់ពួកគេឱ្យទៅជាឡានមួយដែលផ្ដល់ប្រយោជន៍សម្រាប់សង្គម ដោយប្រើដៃ​ និងភាពច្នៃប្រឌិតរបស់សមាជិកគ្រប់រូប​។ ឧទាហរណ៍ ដូចជាឡានពេទ្យ​ ឡានពន្លក់អគ្គីភ័យ ឡានប៉ូលីស។ល។បន្ថែមពីលើនេះទៅទៀត ការធ្វើឡានបញ្ជានេះ បានបង្កើនឱកាសឱ្យសិស្សានុសិស្សគ្រប់រូប ទទួលបានចំណេះដឹង និងសមត្ថភាពថ្មីៗ ហើយបានជួយពង្រឹងភាពជាអ្នកដឹកនាំ និងការទទួលខុសត្រូវក្នុងការធ្វើការងារជាដើម។ មិនតែប៉ុណ្ណោះ គម្រោងនេះ បានធ្វើឱ្យសិស្សានុសិស្សរបស់យើង មានសាមគ្គីភាព និងមិត្តភាពជាមួយនឹងសមាជិកក្រុមកាន់តែល្អថែមទៀតផង។ ក្លឹបរបស់ពួកយើង មិនត្រឹមតែជួយជំរុញឱ្យសិក្សានុសិស្សទទួលបានឱកាសបញ្ចេញសមត្ថភាព និងរៀនអំពីមុខវិជ្ជាដែលខ្លួនចូលចិត្តតែប៉ុណ្ណោះទេ តែពួកយើងក៏បានជំរុញឱ្យសមាជិកក្នុងក្លឹប ចូលរួមក្នុងកម្មវិធីសង្គមជាច្រើន ដើម្បីសិក្សា និងជួបមនុស្ស  ថ្មីៗដែលមានសមត្ថភាព និងចំណេះដឹងខ្ពស់ ដើម្បីជាការអភិវឌ្ឍដល់សង្គម និងសមាជិកក្នុងក្លឹបរបស់ពួកយើងឱ្យរីកចម្រើននៅថ្ងៃអនាគត។ ដូចនេះហើយ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ទៅលើផ្នែកណាមួយដែលទាក់ទងជាមួយនឹង Science, Technology, ​​​Engineering, Art and even Mathematic ក្រុមប្រឹក្សាសិស្សរបស់ពួកយើង នឹងបើកការចុះឈ្មោះធ្វើជាសមាជិករបស់ក្លឹប STEAM ឆាប់ៗនេះ។