ប្រសិនបើយើងក្រឡេកមើលមួយភ្លែត គីមីវិទ្យាហាក់បីដូចជាមុខវិជ្ជាដែលធ្វើឡើងជាក់ស្ដែងនៅមន្ទីពិសោធ និងថ្នាក់រៀន ប៉ុន្តែវាលើសពីនោះទៅទៀត។ គីមីវិទ្យា គឺនៅជុំវិញខ្លួនយើង ចាប់តាំងពីអាហារដែលយើងបរិភោគរហូតដល់ខ្យល់ដែលយើងដកដង្ហើមចូល។ យ៉ាងណាម៉ិញ វាជាវិទ្យាសាស្ត្រដែលពន្យល់ពីរបៀបនៃសារធាតុមួយឬច្រើន មានអន្តរកម្ម មានការផ្លាស់ប្តូរ និងមានការបញ្ចូលគ្នា ដើម្បីបង្កើតជាសារធាតុថ្មីមួយទៀត។
ជាងនេះទៅទៀត ទិដ្ឋភាពដែលកម្របំផុតមួយនៃគីមីវិទ្យា គឺអាចត្រូវបាននាំយកមកជាមួយនូវការពិសោធដ៏សាមញ្ញ សុវត្ថិភាព និងរីករាយ ដែលយើងអាចសាកល្បងនៅតាមផ្ទះរបស់ខ្លួនបាន។ តាមរយៈការពិសោធ យើងអាចឃើញនូវប្រតិកម្មដ៏គួរឱ្យចាប់អារម្មណ៍ និងគួរឱ្យរីករាយក្នុងការទស្សនាផងដែរ។
ក្នុងចំណោមការពិសោធនានា មានដូចជា ការពិសោធចង្កៀងឡាវ៉ា ( Lava Lamp ) ដែលមានភាពលេចធ្លោដ៏ល្អឥតខ្ចោះនៃវិស័យវិទ្យាសាស្ត្រ និងការពិសោធ ដែលបង្ហាញពីការប្រតិកម្មដ៏គួរឱ្យចាប់អារម្មណ៍នៃវត្ថុរាវ ដែលមានដង់ស៊ីតេខុសៗគ្នា។ មុនពេលយើងចូលទៅក្នុងការពិសោធ វាជារឿងសំខាន់ក្នុងការបញ្ជាក់អំពីសារៈសំខាន់នៃសុវត្ថិភាព។
ចូរអនុវត្តតាមគន្លឹះសុវត្ថិភាពទាំងនេះជានិច្ច៖
-ប្រើកន្លែងធ្វើការដែលធំទូលាយ និងមានអនាម័យ ដើម្បីជៀសវាងការកំពប់ និងគ្រោះថ្នាក់ផ្សេងៗ
-ទុកដាក់សម្ភារៈឱ្យឆ្ងាយពីដៃកុមារតូចៗ និងសត្វចិញ្ចឹម
-ពាក់ឧបករណ៍ការពារដូចជា ស្រោមដៃ និងវ៉ែនតាសុវត្ថិភាព (ប្រសិនបើមាន)
-កុំពិសា ឬភ្លក្សជាតិគីមីដែលប្រើក្នុងការពិសោធ ទោះបីវាជារបស់ប្រើប្រាស់ក្នុងផ្ទះក៏ដោយ
-សម្អាតឱ្យហ្មត់ចត់បន្ទាប់ពីធ្វើការពិសោធរួច ដើម្បីជៀសវាងពីសំណល់ផ្សេងៗ ដែលអាចបង្កគ្រោះថ្នាក់។
ការពិសោធចង្កៀងឡាវ៉ា ( Lava Lamp )
ចង្កៀងឡាវ៉ា គឺជាគ្រឿងតុបតែងដ៏ពេញនិយមនៅក្នុងអំឡុងឆ្នាំ 1960 - 1970 ដែលត្រូវបានបង្កើតឡើងដោយសហគ្រិនជនជាតិ អង់គ្លេស ឈ្មោះ Edward Craven Walker ។ គេស្គាល់ “ចង្កៀងឡាវ៉ា” ដោយសារតែពណ៌ដ៏រស់រវើករបស់វា និងចលនា hypnotic នៃ wax blobs នៅខាងក្នុង។ ការពិសោធនេះមិនត្រឹមតែមានសុវត្ថិភាព និងងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់នូវចំណេះដឹងថ្មីៗ ក្នុងការឱ្យយើងសង្កេតមើលនូវគោលការណ៍ និងសកម្មភាពគីមីឱ្យកាន់តែច្បាស់លាស់ជាងមុន។
សម្ភារៈដែលត្រូវការ៖
-ដបប្លាស្ទិច ឬកញ្ចក់ថ្លា
-ទឹក
-ប្រេងបន្លែ
-ល័ក្ខ
-គ្រាប់ Alka-Seltzer
-ពិល (ជាជម្រើស)។
ការណែនាំជាជំហានៗ
1.ជាដំបូងចាក់ទឹកចូលទៅក្នុងដបឱ្យបានពេញ ១ភាគ៤នៃដបទឹកនោះ។ វានឹងដើរតួជាមូលដ្ឋានមួយ នៅពេលដែលមានប្រតិកម្មគីមី។
2.រួចចាក់ប្រេងបន្លែចូលទៅក្នុងដបនោះរហូតដល់វាជិតពេញ ដោយទុកលំហតូចមួយនៅខាងលើ។ យើងនឹងឃើញថាប្រេង និងទឹកមិនលាយចូលគ្នាឡើយ ពីព្រោះប្រេងមានដង់ស៊ីតេទាបជាងទឹក នោះវានឹងអណ្តែតឡើងលើ។
3.បន្ទាប់មកដាក់ល័ក្ខ៥ ទៅ១០ ដំណក់ចូលទៅក្នុងដប។ ដោយល័ក្ខជាធាតុដែលមានទឹករួចស្រេច នោះធ្វើឱ្យវាលិចទៅក្រោម ហើយលាយជាមួយនឹងទឹក ដែលស្ថិតនៅក្រោមប្រេង បង្កើតបានជាទឹកដែលមានពណ៌ស្រស់។
4.បំបែកគ្រាប់ Alka-Seltzer ជាបំណែកតូចៗ បន្ទាប់មក យកគ្រាប់នោះទម្លាក់ចូលទៅក្នុងដបទឹក ហើយរងចាំមើលប្រតិកម្មកើតឡើង។ នៅពេលដែលគ្រាប់នោះរលាយ វានឹងបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត បង្កើតឱ្យមានពពុះដែលអណ្តែតឡើងលើ ហើយនាំមកនូវទឹកល័ក្ខមកជាមួយ។ នៅពេលដែលពពុះនោះអណ្តែតឡើងដល់ស្រទាប់ប្រេង វានឹងផ្ទុះបែក រួចទឹកល័ក្ខលេចចុះក្រោម បង្កើតបានជា ចង្កៀងឡាវ៉ា។
5.នៅពេលដែលពពុះត្រូវបានបញ្ឈប់ យើងអាចបន្ថែមគ្រាប់មួយដុំទៀត ដើម្បីបន្តនូវសកម្មភាពនៃចង្ក្រៀងឡាវ៉ា។ នៅពេលដែលយើងបំភ្លឺពិលក្នុងទីងងឹតណាមួយ ចង្កៀងនោះនឹងភ្លឺ ហើយយើងនឹងឃើញពពុះចម្រុះពណ៌ផ្សេងៗដែលអណ្តែតឡើងលើ រួចរសាត់ចុះក្រោមវិញ។
ការពិសោធនេះគឺជាវិធីដ៏ល្អមួយក្នុងការបង្ហាញពីគោលគំនិតនៃដង់ស៊ីតេ និងភាពមិនរលាយចូលគ្នានៃអង្គធាតុរាវ។ ប្រេង និងទឹកដាច់ដោយឡែកពីគ្នា ពីព្រោះម៉ូលេគុលប្រេងជាម៉ូលេគុលមិនប៉ូលែដែលពុំអាចលាយជាមួយនឹងម៉ូលេគុលប៉ូលែនៃទឹក។ គ្រាប់ Alka-Seltzer ធ្វើឱ្យមានប្រតិកម្មនៅក្នុងទឹក បង្កើតបានជាឧស្ម័នកាបូនឌីអុកស៊ីត។ ឧស្ម័ននេះនាំឱ្យកើតមានពពុះ ដែលអណ្តែតឡើងលើ ព្រោះវាមានដង់ស៊ីតេទាបជាងទឹក។ នៅពេលដែលពពុះទាំងនេះឡើងដល់ស្រទាប់ប្រេង វានាំយកនូវទឹកល័ក្ខទៅជាមួយ ហើយនៅពេលដែលពពុះនោះបានផ្ទុះបែក នោះវានឹងលិចមកក្រោមវិញ ដោយសារទឹកមានដង់ស៊ីតេខ្ពស់ជាងទឹកល័ក្ខ។
សរុបសេចក្តីមក ការពិសោធចង្កៀងឡាវ៉ា គឺជាវិធីដ៏រីករាយ និងមានសុវត្ថិភាព ដើម្បីឱ្យយើងស្វែងយល់ពីដំណើរការពិសោធនៃគីមីវិទ្យាឱ្យកាន់តែច្បាស់លាស់ជាងមុន។ ដូច្នេះចូរប្រមូលសម្ភារៈរបស់អ្នក ហើយត្រៀមខ្លួន ដើម្បីទទួលបានភាពភ្ញាក់ផ្អើលជាមួយនឹងភាពស្រស់ស្អាតដ៏អស្ចារ្យនៃចង្កៀងឡាវ៉ា ដែលយើងទាំងអស់គ្នាអាចផលិតដោយខ្លួនឯងផ្ទាល់។
រៀបរៀងដោយ យុវសិស្ស ឥន ហេរិកា និង ពិទាយ លីនណាផាត់