ពាក់ព័ន្ធនឹងបញ្ហានេះ លោក អ៊ី ប៊ុនលី ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ សាខាទួលគោក បានឱ្យដឹងថា ទស្សនកិច្ចសិក្សាលើកទី១៦២នេះ គឺជាឱកាសដ៏ល្អមួយសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់មានដូចជា ឈ្វេងយល់ពីទីតាំងប្រវត្តិសាស្រ្តសម័យនគរភ្នំ នាសតវត្សរ៍ទី១ ដែលទាក់ទងនឹងដើមកំណើត អាណាចក្រខ្មែរ ផ្សារភ្ជាប់កម្មវិធីសិក្សាប្រវត្តិសាស្រ្ត យល់ដឹងពីទីតាំងប្រវត្តិសាស្រ្ត ដែលទាក់ទងនឹងភ្នំឈើកាច់ ដែលមានប្រវត្តិល្បីល្បាញតាំងពីបុរាណកាលមក និងឈ្វេងយល់ពីទីវត្តអារាម ដែលមានជាប់ទាក់ទងទៅនឹងប្រវត្តិនៃទីកន្លែងរបស់តួអង្គទុំ ក្នុងរឿងទុំទាវ ផ្សាភ្ជាប់នឹងកម្មវិធីសិក្សាអប់រំអក្សរសិល្ប៍ផងដែរ។
លោក បញ្ជាក់ថា សិស្សនឹងយល់ដឹងពីការប្រកបមុខរបរប្រចាំថ្ងៃ កម្រិតជីវភាពរស់នៅ និងស្មារតីឧស្សាហ៍ព្យាយាមរបស់ប្រជាកសិករនៅតាមទីជនបទ រួមទាំងបានគយគន់ទេសភាពភូមិឋាន ស្រែចម្ការច្បារដំណាំនៅអមសងខាង ដងវិថី និងនៅជុំវិញកំពូលភ្នំឈើកាច់ ដែលលាតសន្ធឹងនៅលើផ្ទៃដីកសិកម្មដ៏ធំ ល្វឹងល្វើយក្នុងខេត្ដព្រៃវែង យល់ដឹងបន្ថែមអំពីរឿងរ៉ាវ និងព្រឹត្ដិការណ៍ប្រវត្តិសាស្រ្ត ដោយផ្សារភ្ជាប់ទៅនឹងទិដ្ឋភាពជាក់ស្ដែងនៃតំបន់ប្រវត្តិសាស្រ្ត ធនធានធម្មជាតិ ធនធានវប្បធម៌ និងទេសចរណ៍ ទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែម និងមានស្មារតីចូលរួមលើកស្ទួយវិស័យវប្បធម៌ សាសនា ទេសចរណ៍ និងប្រវត្តិសាស្រ្ត។
លោក អ៊ី ប៊ុនលី បានប្រាប់MJQTV ថា៖ «គោលបំណងចម្បងបំផុតរបស់យើង គឺពាក់ព័ន្ធទៅនឹងការសិក្សាមេរៀនប្រវត្តិសាស្ត្រ ហើយនឹងអក្សរសាស្ត្រខ្មែរ គឺរៀនប្រវត្តិសាស្ត្រដែលគាត់រៀននៅក្នុងថ្នាក់ទី១០ ហ្នឹងគឺពាក់ព័ន្ធទៅនឹងអាណាចក្រភ្នំជានរគដំបូងរបស់ខ្មែរ ហើយក្រៅពីការស្គាល់ប្រវត្តិទីកន្លែងនេះ គឺយើងចង់ឱ្យសិស្សានុសិស្សថ្នាក់ទី១០ហ្នឹងបានសម្រាកពីការសិក្សាកម្សាន្តសប្បាយខ្លះផង ជាមួយនឹងមិត្តរួមថ្នាក់របស់គាត់ ចឹងគាត់មានឱកាសក្នុងការជួបជុំគ្នា ធ្វើដំណើររួមគ្នា សង្កេតពីទិដ្ឋភាពតាមដងផ្លូវ ឃើញទិដ្ឋភាពវាលស្រែចម្ការស្រូបខ្យល់អាកាសបរិសុទ្ធជាដើម។ មិនត្រឹមតែការលេងសប្បាយ ការសិក្សាឈ្វេងយល់ សិស្សមានឱកាសបានចែករំលែកអំណោយទៅដល់សិស្សដែលរៀននៅវត្ថព្រះវិហារធំ ដែលសុទ្ធសឹងជាក្មេងកំព្រាជាង៦០នាក់ ចឹងគាត់បានចែកអំណោយសម្ភារៈសិក្សាដល់សិស្សដែលក្រីក្រខ្វះខាត ម្យ៉ាងទៀតបណ្តុះឱ្យសិស្សចេះធ្វើបុណ្យទាន ចឹងពួកគាត់ក៏មានរៀបចំសាដកសម្រាប់ប្រគេនដល់ព្រះសង្ឃ ចំនួន៣៣អង្គ ដែលគង់នៅវត្តវិហារធំនេះ។»
ចាងហ្វាងរងដដែល កត់សម្គាល់ថា ទស្សនកិច្ចសិក្សានេះ ក៏ជាឱកាសឱ្យសិស្សរឹតចំណងមិត្ដភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធន៍ក្នុងការបកស្រាយ ការសហការ ការដឹកនាំ ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់ តែប្រសើរ។ ហើយជាពិសេសបានឆ្លុះបញ្ចាំងខ្លឹមសារមេរៀន ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងទស្សនកិច្ចនៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។
បើតាម លោក ទឹម ទេពវង្សា អនុប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែង បានឱ្យដឹងផងដែរថា តំបន់បាភ្នំជារមណីយដ្ឋាន ទេសចរណ៍ដែលមានសក្តានុពលជាងគេបំផុតនៅខេត្តព្រៃវែង។ លោក បាននិយាយថា៖ «តំបន់ទេសចរណ៍នៅព្រៃវែងមានតែបានភ្នំហ្នឹងហើយដែលមានកន្លែងប្រវត្តិសាស្ត្រ មានប្រាសាទបុរាណ ហើយមានគេទៅលេងច្រើន...។ ក្រៅពីនេះ មានទួលបារាយ៍អណ្តែត ដែលជាកន្លែងកម្សាន្តមួយដែរ តែមិនមែនជាតំបន់ទេសចរណ៍អីទេ គ្រាន់តែមានគេទៅលេងច្រើន ព្រោះមានជំនឿ...ហើយបឹងស្នេហ៍ក៏ជាកន្លែងកម្សាន្តមួយដែលមានសត្វស្លាបច្រើន ក៏អាចនិយាយថាជាកន្លែងដែលមានសក្តានុពលដែរ។»
ចំណែកលោក ម៉ម កាយ អភិបាលរងស្រុកបាភ្នំ ក៏បានបញ្ជាក់ថា រមណីយដ្ឋានបាភ្នំស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរដែនដី និងមានជំនួយពីសប្បុរសជនមួយចំនួនក្នុងការកសាងសមិទ្ធផលនានាលើកំពូលភ្នំ។ លោក បន្តថា ជារៀងរាល់ឆ្នាំ មានអ្នកទៅលេងឈើកាច់បាភ្នំរាប់ម៉ឺននាក់ ជាពិសេសគឺក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងបុណ្យឡើងអ្នកតាមេស ដែលមានប្រវត្តិល្បីល្បាញតាំងពីបុរាណកាលមក។ ទោះបែបនេះក្តី លោកបានបញ្ជាក់ថា ថ្ងៃធម្មតាមិនសូវមានមនុស្សទភលេងឡើយ ដោយសារតែការហូបចុក និងស្នាក់នៅ ប៉ុន្តែក្រុមការងារក្នុងមូលដ្ឋានកំពុងប្រឹងប្រែងគិតគូរលើបញ្ហានេះ។
យោងតាមសៀវភៅប្រវត្តិស្រុកបាភ្នំ ដែលស្រាវជ្រាវដោយលោក ឡុង គារ បានកត់ត្រាថា ទីក្រុងវ្យាធបុរៈ (ឬបុរីនៃស្តេចទាក់ដំរីសម័យហ្វូណន) អាចស្ថិតនៅម្តុំបាភ្នំ និងបាណាម ក្នុងខេត្តព្រៃវែងនេះឯង។ ប្រសិនបើនោះជាការពិតមែនមានន័យថា បាភ្នំជាទឹកដីរាជធានីខ្មែរដំបូងបង្អស់ ដែលមានឈ្មោះថា នរគភ្នំ ឬហ្វូណន កសាងឡើងនៅក្នុងរដ្ឋកាលព្រះបាទ ហ៊ុន ទៀន នៅក្នុងសតវត្សរ៍ទី១។ ទោះជាយ៉ាងណាក្តី មិនមានប្រភពហ៊ានអះអាងច្បាស់ពីប្រវត្តិដើមនៃទឹកដីបាភ្នំនេះឡើយ៕