តួនាទីនៃបច្ចេកវិទ្យាក្នុងការអប់រំបែបទំនើប

បានផ្សាយចេញ | ០៤ កញ្ញា ២០២៤

តួនាទីនៃបច្ចេកវិទ្យាក្នុងការអប់រំបែបទំនើប

បច្ចុប្បន្ននេះ បច្ចេកវិទ្យាកំពុងតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ មិនថាការងារ ឬការធ្វើអាជីវកម្ម និងវិស័យផ្សេងៗទៀតនោះឡើយ។  ក្នុងនោះ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ នៃសតវត្សរ៍ ទី២១នេះ ក៏កំពុងតែជួយបង្កើនប្រសិទ្ធភាពក្នុងការបង្រៀនរបស់គ្រូ អ្នកគ្រូ ក៏ដូចជាការរៀនសូត្ររបស់សិស្សានុសិស្សផងដែរ។

 

គុណសម្បត្តិ និងបញ្ហាប្រឈមនៃបច្ចេកវិទ្យាក្នុងការអប់រំបែបទំនើប៖ 

  • បង្កើនលទ្ធភាពទទួលបានព័ត៌មាន

អត្ថប្រយោជន៍ដ៏សំខាន់បំផុតមួយនៃបច្ចេកវិទ្យា គឺការទទួលបានព័ត៌មានយ៉ាងងាយស្រួល។ បើគ្មាន   បច្ចេកវិទ្យាទេ ការទទួលបាន និងការយល់ដឹងអំពីប្រធានបទ មានភាពស្មុគ្រស្មាញ និងចំណាយពេលវេលាច្រើន។ អ៊ីនធឺណិត គឺជាប្រភពផ្តល់ចំណេះដល់សិស្ស  បណ្ណាល័យអនឡាញ គេហទំព័រការអប់រំ

និងសៀវភៅសិក្សាឌីជីថល បានធ្វើឱ្យសិស្សានុសិស្សកាន់តែមានភាពងាយស្រួលសម្រាប់សិក្សា និងការចូលទៅមើលឯកសារយោងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនចាំបាច់មកកាន់ទីតាំងដោយផ្ទាល់។ 

  • ឱកាសសិក្សារួមគ្នា

បច្ចេកវិទ្យា បានពង្រឹងការរៀនសូត្ររបស់សិស្សដោយសហការគ្នា ដោយរួមបញ្ចូលនូវវេទិកា និងឧបករណ៍ដូចជា Google Classroom, Microsoft Teams និង Zoom ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺបច្ចេកវិទ្យា លើសពីការរំពឹងទុកនាពេលអនាគត រួមមាន (AI) Artificial Intelligence និងបច្ចេកវិទ្យា blockchain ដែលអាចជួយដល់ការរៀនសូត្រ និងធ្វើកិច្ចការរដ្ឋបាល កាន់តែសម្បូរ    បែប។ កម្មវិធីទាំងនេះ អាចឱ្យសិស្សធ្វើការពិភាក្សា ចែករំលែកគំនិតរួមគ្នា និងមានទំនាក់ទំនងជាមួយគ្នាប្រកបដោយប្រសិទ្ធភាព ដោយមិនខ្វល់ពីទីតាំងជាក់ស្តែងរបស់ពួកគេនោះឡើយ។

ក្រៅពីនោះ គ្រូបង្រៀន ក៏មានភាពងាយស្រួលក្នុងការផ្តល់នូវមតិកែលម្អពីចំណុចខ្វះខាតរបស់សិស្សយ៉ាងមានប្រសិទ្ធភាពជាងមុនផងដែរ។

  • ការរៀបចំសិស្សសម្រាប់អនាគត 

នៅពេលប្រើប្រាស់បានត្រឹមត្រូវ បច្ចេកវិទ្យាអាចជាអត្ថប្រយោជន៍យ៉ាងពិតប្រាកដសម្រាប់សិស្ស ដោយបំពាក់ឱ្យពួកគេនូវជំនាញសំខាន់ៗសម្រាប់អនាគត។ ក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ ភាពស្ទាត់ជំនាញផ្នែកបច្ចេកវិទ្យា មានសារៈសំខាន់ណាស់​ សម្រាប់ភាពជោគជ័យក្នុងអាជីពស្ទើរតែទាំងអស់។ តាមរយៈការបញ្ចូលបច្ចេកវិទ្យាទៅក្នុងកម្មវិធីសិក្សា។

  • បញ្ហាប្រឈមនៃបច្ចេកវិទ្យាក្នុងការអប់រំ៖ 

ខណៈពេលដែលមានគុណសម្បត្តិជាច្រើននៃបច្ចេកវិទ្យាក្នុងការអប់រំ វាក៏នាំមកនូវបញ្ហាប្រឈមផងដែរ។ មិនមែនសិស្សគ្រប់រូបសុទ្ធតែមានលទ្ធភាព និងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបទាំងនោះទេ សិស្សមួយចំនួន នៅមានចំណុចខ្វះខាតលទ្ធភាព និងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបទាំងអស់នោះ។ គ្រូត្រូវដោះស្រាយរឿងនេះដោយចាត់ចែងការងារដែលមិនពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យា ដោយធានាថា សិស្សទាំងអស់អាចចូលរួមបាន។ លើសពីនេះ គ្រូបង្រៀន ត្រូវតែរៀនប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព ដើម្បីជួយសិស្សឱ្យយល់អំពីគោលគំនិត និងទទួលបានអត្ថប្រយោជន៍ជាអតិបរមានៅក្នុងថ្នាក់រៀន។

 

សរុបមក បច្ចេកវិទ្យា កំពុងធ្វើបដិវត្តវិស័យអប់រំបែបទំនើបតាមរបៀបដែលមិនធ្លាប់មានពីមុនមក។ ក្នុងនាមយើងជាអ្នកអប់រំ យើងត្រូវតែទទួលយកភាពជឿនលឿននៃបច្ចេកវិទ្យាទាំងនេះ និងធ្វើការអភិវឌ្ឃខ្លួន ដើម្បីធានាថា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំបែបឌីជីថលសម័យថ្មី។ ដូច្នេះ យើងអាចបង្កើតប្រព័ន្ធអប់រំប្រកបដោយ គុណភាព សមធម៌ ការចូលរួមដោយមានប្រសិទ្ធភាពខ្ពស់ជាងមុន ដែលអាចបំពេញនូវតម្រូវការសិក្សារបស់សិស្សានុសិស្សបានទាំងអស់។