សារៈសំខាន់នៃការអប់រំអំពីសុខភាពផ្លូវចិត្តតាមស្ថាប័នអប់រំ

បានផ្សាយចេញ | ០៦ កញ្ញា ២០២៤

សារៈសំខាន់នៃការអប់រំអំពីសុខភាពផ្លូវចិត្តតាមស្ថាប័នអប់រំ

ដូចដែលយើងអាចសង្កេតឃើញបានក្នុងសង្គមបច្ចុប្បន្ននេះ គឺមានការកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់ទៅលើការយល់ដឹងពីសុខភាពផ្លូវចិត្ត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងអំឡុងពេលដែលពិភពលោកឈានទៅរកយុគសម័យឌីជីថល ព្រមគ្នានេះ យើងក៏ចាប់ផ្តើមលុបបំបាត់ចោល នូវការមាក់ងាយក្នុងសង្គម និងការយល់ខុសអំពីប្រធានបទចម្រូងចម្រាសមួយចំនួនក្នុងសង្គម។ ការទទួលស្គាល់ថា បញ្ហាសុខភាពផ្លូវចិត្ត គឺពិតជាបញ្ហាសុខភាពដែលបង្កឱ្យមានភាពលំបាកក្នុងការរស់នៅប្រចាំថ្ងៃ ក៏មានការបង្កឱ្យមានការឈឺចាប់វេទនាថែមទៀតផង។ មនុស្សវ័យជំទង់គឺស្ថិតក្នុងដំណាក់កាលពិសេសមួយក្នុងជីវិតរបស់ពួកគេ ដែលពួកគេកំពុងជួបប្រទះនឹងការផ្លាស់ដូរទាំងផ្នែករាងកាយ និងផ្លូវចិត្ត។ ពួកគេគឺមិនទាន់យល់ច្បាស់អំពីការផ្លាស់ប្ដូរ និងបញ្ហាដែលពួកគេអាចប្រឈមមុខនៅអនាគតកាល។ ដូចបញ្ហាសុខភាពផ្សេងៗទៅលើរាងកាយដែរ បញ្ហាសុខភាពផ្លូវចិត្ត អាចបង្កឱ្យមានទុក្ខព្រួយ គ្រោះថ្នាក់ និងប៉ះពាល់ដល់រាងកាយ ​ព្រមទាំងអាយុជីវិត​។ ដូចច្នេះហើយ សាលារៀន និងស្ថាប័ន អប់រំផ្សេងៗ ត្រូវមានឆន្ទៈ និងផែនការក្នុងការផ្ដល់ការអប់រំអំពីសុខភាពផ្លូវចិត្តជូនដល់យុវវ័យ។

យុវជនមានភារកិច្ចចម្បងតែមួយគត់ដែលត្រូវបំពេញ គឺការទទួលបាននូវការអប់រំ និងការបណ្តុះបណ្តាល។  ប៉ុន្តែការអប់រំរបស់សិស្សានុសិស្ស នឹងអាចប្រឈមនឹងឧបសគ្គ ប្រសិនបើពួកគេកំពុងជួបប្រទះបញ្ហាសុខភាពផ្លូវចិត្ត ជាពិសេសប្រសិនបើពួកគេមិនអាចទទួលបានការព្យាបាលត្រឹមត្រូវសម្រាប់បញ្ហារបស់ពួកគេ។ តាមការអត្ថាធិប្បាយរបស់អង្គការ​សប្បុរសធម៌​អង់គ្លេស Shawmind ការធ្លាក់ចំណាត់ថ្នាក់អាចជារោគសញ្ញានៃបញ្ហាសុខភាពផ្លូវចិត្តក្នុងចំណោមយុវជនវ័យសិក្សា។ នៅពេលយើងស្រមៃទៅដល់រូបភាពសិស្សដែលបរាជ័យក្នុងការសិក្សា ជាធម្មតាយើងតែងស្រមៃឃើញសិស្សដែលឧស្សាហ៍គេងក្នុងថ្នាក់ មិនផ្តោតអារម្មណ៍ ឬមិនមានឆន្ទៈក្នុងការរៀន។ ជាធម្មតាយើងសំដៅទៅលើពួកគេថាជា "សិស្សខ្ជិល" ប៉ុន្តែបញ្ហាក្នុងការសិក្សារបស់ពួកគេ អាចមានកត្តាផ្សេងទៀតនៅពីក្រោយ។ រោគសញ្ញាទាំងអស់ដែលបានរៀបរាប់ខាងលើ គឺជារោគសញ្ញាមួយចំនួនក្នុងចំណោមរោគសញ្ញានៃជំងឺបាក់ទឹកចិត្ត​ ឬជំងឺផ្លូវចិត្តផ្សេងទៀត។ បញ្ហាសុខភាពផ្លូវចិត្តមួយទៀតដែលសិស្សានុសិស្សងាយប្រឈមមុខ គឺភាពតានតឹងដែលផ្តើមពីសម្ពាធការសិក្សា។ សិស្ស​ខ្លះ ​ត្រូវ​ក្រុម​គ្រួសារ​ដាក់​សម្ពាធ​ឱ្យខំ​រៀន​រហូត​ដល់​ហត់នឿយហួសកំណត់។ អ្នកផ្សេងទៀត អាចមានអារម្មណ៍ថា បង្ខំចិត្តឱ្យសិក្សាដើម្បីយកឈ្នះលើអ្នកដទៃ ហើយក្លាយជាសិស្សល្អបំផុត។ នៅក្នុងសង្គមដែលយើងតែងសរសើរមនុស្សដែលខិតខំធ្វើការ យើងមានគំនិតថា ការខិតខំប្រឹងប្រែងគឺជារឿងល្អ ប៉ុន្តែត្រូវចាំថា ការធ្វើការងារច្រើនពេក លើសពីកម្លាំង នាំឱ្យអស់កម្លាំងបណ្តាលឱ្យសុខភាពធ្លាក់ចុះ ឬគេហៅថា “ Burn Outs "

យើងអាចមើលឃើញថា សុខភាពផ្លូវចិត្ត មានឥទ្ធិពលលើការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ដូច្នេះ តើ​យើង​អាច​ធ្វើ​ដូចម្តេច ​ដើម្បី​ចូលរួម​ក្នុង​ការ​កែលម្អ​សុខភាព​ផ្លូវចិត្ត​របស់​សិស្ស? ដើម្បីចាប់ផ្តើមដោះស្រាយបញ្ហាណាមួយ យើងត្រូវផ្តល់ការអប់រំអំពីបញ្ហានោះ។ នៅក្នុងបរិវេណសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសាលាគ្រប់រូប ត្រូវតែអាចសម្គាល់រោគសញ្ញាធំៗ ដែលបង្ហាញថា សិស្សមួយណាអាចនឹងកំពុងជួបប្រទះបញ្ហាជាមួយនឹងបញ្ហាសុខភាពផ្លូវចិត្ត។ យុវជនចំណាយពេលវេលាច្រើនក្នុងសាលារៀន ហើយដូច្នេះ វាក៏ជាទំនួលខុសត្រូវរួមគ្នារវាងគ្រួសាររបស់សិស្ស និងលោកគ្រូ អ្នកគ្រូ ក្នុងការស្វែងរកបញ្ហាដែលសិស្សលាក់ទុក​ មិនហ៊ានប្រាប់ដល់គ្រួសារ ​ដោយហេតុអៀនខ្មាស់ ឬក៏តាមមូលហេតុផ្សេងៗទៀត។ ជំហាន​មួយ​ទៀត ​គឺ​ការណែនាំអំពី​ប្រធានបទ​សុខភាព​ផ្លូវចិត្ត​ដល់​សិស្សានុសិស្ស។ នេះអាចត្រូវបានធ្វើតាមវិធីជាច្រើន។ ឧទាហរណ៍៖ តាមរយៈសិក្ខាសាលាជាមួយអ្នកជំនាញ ការណែនាំអំពីប្រធានបទនៅក្នុងថ្នាក់រៀនជាមួយនឹងមេរៀនទាក់ទងនឹងសុខភាពផ្លូវចិត្ត។ នៅក្នុងវគ្គសិក្សាទាំងអស់នោះ គឺត្រូវការសង្កត់ធ្ងន់ដល់សិស្សានុសិស្សឱ្យមានភាពក្លាហាន និងមានទំនុកចិត្ត ក្នុងការនិយាយអំពីបញ្ហារបស់ពួកគេទៅកាន់ឪពុកម្តាយ គ្រួសារ លោកគ្រូ អ្នកគ្រូ បុគ្គលិកសាលា និងមិត្តភក្តិជាដើម។ ជំហានដំបូងដើម្បីព្យាបាលបញ្ហាសុខភាពផ្លូវចិត្ត ភាគច្រើនចាប់ផ្តើមដោយអាចចែករំលែកបញ្ហាទាំងនោះ ជាមួយមនុស្សដែលគួរឱ្យទុកចិត្ត ដោយគ្មានការមើលងាយ ឬការរិះគន់។ នៅក្នុងស្ថាប័នអប់រំមួយចំនួន គឺមានអ្នកប្រឹក្សាសាលា ដើម្បីជួយសិស្សដោះស្រាយបញ្ហាដែលពួកគេកំពុងជួបប្រទះ។ នៅក្នុងសាលារៀនផ្សេងទៀត គ្រូបង្រៀនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលអំពីបញ្ហាសុខភាពផ្លូវចិត្ត ដើម្បីផ្ដល់ការគាំទ្រ និងការលើកទឹកចិត្តដល់សិស្ស ពេលដែលពួកគេបើកចិត្តប្រាប់អំពីបញ្ហារបស់ពួកគេ។ នេះគ្រាន់តែជាវិធានការមួយចំនួនដែលសាលារៀន និងស្ថាប័ន អប់រំ អាចអនុវត្តដើម្បីដោះស្រាយតម្រូវការសុខភាពផ្លូវចិត្តរបស់សិស្ស។ មានវិធីជាច្រើនទៀតដែលសាលារៀនអាចអនុវត្ត ដើម្បីជួយដោះស្រាយបញ្ហាមួយនេះបាន។ អ្វី​ដែល​សំខាន់ ​គឺ​សាលារៀន និងស្ថាប័នអប់រំ​ មាន​ឆន្ទៈ​ក្នុង​ការ​ដាក់ចិត្តស្តាប់ អំពីបញ្ហារបស់​សិស្សានុសិស្ស និងចូលរួមស្វែង​រក​វិធានការដោះស្រាយ។

វិធានការទាំងអស់នេះ នឹងត្រូវការពេលវេលា និងធនធានដើម្បីអនុវត្ត ប៉ុន្តែវាជាជំហានដ៏សំខាន់ក្នុងការធានាថា សិស្សានុសិស្សគ្រប់រូប មានការគាំទ្រគ្រប់គ្រាន់ ដើម្បីបន្តការសិក្សារបស់ពួកគេ ដោយមិនមានការរារាំងដោយបញ្ហាផ្លូវចិត្ត។  ការអប់រំសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសាលារៀន អំពីសុខភាពផ្លូវចិត្ត នឹងចូលរួមចំណែកកាត់បន្ថយការមាក់ងាយ និងការយល់ខុសអំពីបញ្ហាសុខភាពផ្លូវចិត្ត។ នៅពេលប្រធានបទសុខភាពផ្លូវចិត្តត្រូវបានយកមកពិភាក្សាដោយបើកចំហ សិស្សានុសិស្ស អាចមានមានភាពក្លាហានជាងមុន ក្នុងការស្វែងរកជំនួយ និងការគាំទ្រពីអ្នកជុំវិញខ្លួន។ ការអប់រំអំពីសុខភាពផ្លូវចិត្ត ផ្តល់ឱ្យសិស្សនូវជំនាញ និងយុទ្ធសាស្ត្រដើម្បីទប់ទល់នឹងភាពតានតឹង ការថប់បារម្ភ និងបញ្ហាប្រឈមផ្សេងៗទៀត។ វិធីសាស្រ្តនេះ ជួយសិស្សគ្រប់គ្រងអារម្មណ៍របស់ពួកគេ និងដោះស្រាយភាពលំបាកតាមរបៀបដែលមានសុវត្ថិភាព។ សាលារៀនដែលផ្តល់អាទិភាពដល់សុខភាពផ្លូវចិត្ត គឺសាលាដែលមានបរិយាកាសវិជ្ជមាន និងភាពរីករាយ។ ការអប់រំសុខភាពផ្លូវចិត្ត លើកទឹកចិត្តសិស្សានុសិស្សឱ្យប្រកាន់យកនូវទម្លាប់នៃការរស់នៅប្រកបដោយសុខភាពល្អ ដែលមានដូចជាការគេងគ្រប់គ្រាន់ អាហាររូបត្ថម្ភល្អ និងលំហាត់ប្រាណគ្រប់គ្រាន់ ដែលមានសារៈសំខាន់សម្រាប់សុខុមាលភាពទូទៅ។ ការបង្កើនការយល់ដឹងអំពីបញ្ហាសុខភាពផ្លូវចិត្ត ឪពុកម្តាយ និងអ្នកអាណាព្យាបាយ ក៏ដូចជាក្រុមគ្រួសាររបស់សិស្សានុសិស្ស និងផ្តល់ឱ្យពួកគាត់នូវចំណេះដឹង ដើម្បីគាំទ្រដល់ផ្លូវចិត្តរបស់សិស្សានុសិស្សនៅផ្ទះ។ នេះនឹងបង្កើតបានជាបណ្តាញនៃការគាំទ្រដ៏ស្អិតរមួតរវាងសាលា និងគ្រួសារ ដែលសិស្សានុសិស្ស អាចរំពឹងទុកបាននៅពេលពួកគេមានការត្រូវការ។ សិស្សដែលបានថែទាំសុខភាពផ្លូវចិត្តរបស់ពួកគេ អាចផ្តោតការយកចិត្តទុកដាក់ និងអនុវត្តបានល្អ ក្នុងការសិក្សារៀនសូត្រ។ សុខុមាលភាពផ្លូវអារម្មណ៍ ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ទៅនឹងមុខងារនៃការយល់ដឹង និងសមត្ថភាពសិក្សា។

សរុបសេចក្ដីមក ការផ្តល់អាទិភាពលើការយល់ដឹងអំពីសុខភាពផ្លូវចិត្តនៅក្នុងសាលារៀន គឺចាំបាច់សម្រាប់ភាពជោគជ័យរបស់សិស្សានុសិស្ស។ តាមរយៈការដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត និងផ្តល់ការគាំទ្រដល់សិស្សានុសិស្ស សាលារៀន អាចកាត់បន្ថយការមាក់ងាយ ហើយបង្កើនការយល់ដឹងអំពីបញ្ហាសុខភាពផ្លូវចិត្ត និងលើកកម្ពស់សុខុមាលភាពទូទៅ។ ការអប់រំសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកសាលារៀន និងក្រុមគ្រួសារ អំពីបញ្ហាសុខភាពផ្លូវចិត្ត គឺនឹងបង្កើតបណ្តាញនៃការគាំទ្រដែលជួយសិស្សគ្រប់គ្រង និងដោះស្រាយបញ្ហាដែលពួកគេប្រឈម និងបន្តការសិក្សារៀនសូត្រឱ្យកាន់តែប្រសើរឡើង។ ការរៀបចំ និងអនុវត្តនូវវិធានការដើម្បីអប់រំ និងដោះស្រាយអំពីបញ្ហាសុខភាពផ្លូវចិត្ត គឺជាគន្លឹះដើម្បីធានាថា សិស្សទាំងអស់អាចរីកចម្រើនក្នុងការសិក្សាបាន។