សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានរៀបចំកម្មវិធីអបអរទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និងគ្រូបង្រៀន នៅតាមសាខានីមួយៗ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។

ជារៀងរាល់ឆ្នាំ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បង ដើម្បីលើកទឹកចិត្ត និងផ្ដល់ក្តីស្រឡាញ់ ក្តីសង្ឃឹមទៅកាន់កុមារគ្រប់រូប និង ជំរុញឱ្យមានការអភិវឌ្ឍទាំងផ្នែកស្មារតី និងបញ្ញា ព្រមទាំងបណ្តុះភាពក្លាហាន ផ្តល់នូវសុខភាព ផ្លូវចិត្ត រឹងមាំ ដល់កុមារថែមទៀតផង។
លោកស្រី អ៊ុន ច័ន្ទនិមល ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាជ្រោយចង្វារ បានប្រាប់ឱ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ ជាការកត់សម្គាល់ឃើញថា ការយកចិត្តទុកលើកុមារគឺមានការកើនឡើងកាន់តែល្អប្រសើរ ពីសំណាក់មជ្ឈដ្ឋានជុំវិញ មានសាលារៀន គ្រួសារ និងសង្គមជាតិទាំងមូល បានយកចិត្តទុកដាក់ខ្ពស់ទៅលើការអប់រំកុមារតូច។
ជាសាផ្តាំផ្ញើនៅក្នុងទិវាកុមារកម្ពុជា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) «សូមមាតាបិតា និងអ្នកអាណាព្យាបាលគ្រប់រូប យកចិត្តទុកដាក់ឱ្យបានខ្ពស់លើការអប់រំកុមារ ដោយបំបាត់នូវរាល់អំពើហិង្សាលើកុមារ ការគំរាមកំហែងគ្រប់រូបភាព ជួយជំរុញលើកទឹកចិត្ត និងផ្តល់ការអប់រំឱ្យបានពេញលេញដល់កុមារ បណ្តុះរុញច្រានសុខភាពផ្លូវចិត្តកុមារឱ្យបានរឹងមាំ ផ្តល់សិទ្ធិពេញលេញដល់កុមារ ព្រោះកុមារមានសិទ្ធិពេញលេញ តែងមានការរីកចម្រើនទាំងផ្នែកសតិបញ្ញា ស្មារតី សមត្ថភាព ចំណេះដឹង ចំណេះធ្វើ និងសុខភាពផ្លូវចិត្តរឹងមាំ ដើម្បីបន្តវេនដឹកនាំសង្គមជាតិទៅថ្ងៃអនាគត។»
កុមារជាកោសិកានៃសង្គម កុមារល្អនាំឱ្យមានយុវជនល្អ នាំឱ្យសង្គមជាតិ រីកចម្រើន!៕
(៨៥៥) ៩៣ ២១៧ ២១៧
(៨៥៥) ២៣ ២២១ ២២២
info@ais.edu.kh





