ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

អត្ថប្រយោជន៍នៃការសិក្សាភាសាអង់គ្លេសសម្រាប់សិស្សក្នុងសតវត្សទី២១

បានផ្សាយចេញ | ២៧ សីហា ២០២៦ 336

អត្ថប្រយោជន៍នៃការសិក្សាភាសាអង់គ្លេសសម្រាប់សិស្សក្នុងសតវត្សទី២១

សរសេរដោយ៖ ពុទ្ធ ណារ៉ែន
គ្រូភាសាអង់គ្លេស កម្រិត E.6A និង H.10A

ក្នុងសតវត្សទី២១ ដែលពិភពលោកកាន់តែមានការតភ្ជាប់គ្នា និងការរីកចម្រើនយ៉ាងឆាប់រហ័ស ភាសាអង់គ្លេសបានក្លាយជាជំនាញដ៏សំខាន់មួយសម្រាប់សិស្សានុសិស្ស។ ភាសាអង់គ្លេសមិនត្រឹមតែជាមុខវិជ្ជាសិក្សានៅក្នុងថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានភ្ជាប់សិស្សទៅកាន់ពិភពចំណេះដឹង ឱកាសសិក្សា ការងារ និងការទំនាក់ទំនងជាមួយមនុស្សមកពីជុំវិញពិភពលោក។
លោកស្រី ពុទ្ធ ណារ៉ែន ក្នុងនាមជាគ្រូបង្រៀនភាសាអង់គ្លេស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ «ខ្ញុំយល់ឃើញថា ការផ្តល់ឱកាសឱ្យសិស្សរៀន និងប្រើប្រាស់ភាសាអង់គ្លេសតាំងពីវ័យក្មេង គឺជាការរៀបចំមូលដ្ឋានដ៏សំខាន់សម្រាប់ការសិក្សា និងការរស់នៅរបស់ពួកគេនាពេលអនាគត។»
លោកស្រីបានបញ្ជាក់បន្ថែម៖ ភាសាអង់គ្លេស ជាស្ពានទៅកាន់ពិភពចំណេះដឹង
ភាសាអង់គ្លេសត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការទំនាក់ទំនង ការសិក្សា ការស្រាវជ្រាវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស័យអាជីពជាច្រើន។ ដូច្នេះ ការមានចំណេះដឹងភាសាអង់គ្លេសល្អ អាចជួយឱ្យសិស្សចូលទៅកាន់ប្រភពចំណេះដឹងជាច្រើនដែលមានជាភាសាអង់គ្លេស និងឈ្វេងយល់ពីពិភពលោកបានកាន់តែទូលំទូលាយ។
ជាមួយគ្នានេះ ភាសាអង់គ្លេសក៏ជួយបើកទ្វារឱ្យសិស្សទទួលបានឱកាសបន្តការសិក្សានៅក្រៅប្រទេស តាមរយៈកម្មវិធីអាហារូបករណ៍ និងស្ថាប័នអប់រំអន្តរជាតិជាច្រើន។ ក្នុងករណីមួយចំនួន សិស្សត្រូវបំពេញលក្ខខណ្ឌផ្នែកភាសាអង់គ្លេស ដូចជា IELTS ឬ TOEFL ដើម្បីដាក់ពាក្យសិក្សា ឬទទួលបានអាហារូបក
រណ៍។ ដូច្នេះ ការចាប់ផ្តើមអភិវឌ្ឍជំនាញភាសាអង់គ្លេសឱ្យបានល្អតាំងពីវ័យសិក្សា គឺជាការត្រៀមខ្លួនដ៏មានតម្លៃសម្រាប់ឱកាសនាពេលអនាគត។
ពង្រឹងទំនុកចិត្ត និងសមត្ថភាពទំនាក់ទំនង
អត្ថប្រយោជន៍មួយទៀតដែលខ្ញុំសង្កេតឃើញពីការសិក្សាភាសាអង់គ្លេស គឺការជួយបង្កើនទំនុកចិត្តរបស់សិស្ស។ នៅពេលសិស្សអាចប្រើប្រាស់ភាសាអង់គ្លេសបានកាន់តែប្រសើរ ពួកគេចាប់ផ្តើមមានភាពក្លាហានក្នុងការនិយាយ បញ្ចេញមតិ និងចែករំលែកទស្សនៈរបស់ខ្លួន ទាំងនៅក្នុងថ្នាក់រៀន ការធ្វើបទបង្ហាញ ការប្រកួតប្រជែង និងវេទិកាផ្សេងៗ។
លើសពីនេះ ភាសាអង់គ្លេសអាចជួយឱ្យសិស្សប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ និងមនុស្សមកពីប្រទេសផ្សេងៗ។ តាមរយៈការទំនាក់ទំនងនេះ សិស្សមិនត្រឹមតែទទួលបានចំណេះដឹងថ្មីៗពីវប្បធម៌ផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចចែករំលែកអំពីវប្បធម៌ ប្រពៃណី និងអរិយធម៌ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។
អភិវឌ្ឍជំនាញសតវត្សទី២១
ការរៀនភាសាអង់គ្លេសមិនមែនផ្តោតតែលើការចេះពាក្យសព្ទ វេយ្យាករណ៍ ឬការសរសេរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយអភិវឌ្ឍជំនាញសំខាន់ៗសម្រាប់សតវត្សទី២១ ឬ 4Cs រួមមាន ការគិតបែបស៊ីជម្រៅ (Critical Thinking) ភាពច្នៃប្រឌិត (Creativity) ការសហការ (Collaboration) និងការទំនាក់ទំនង (Communication)។
ជំនាញទាំងនេះត្រូវបានអភិវឌ្ឍតាមរយៈសកម្មភាពជាច្រើន ដូចជា ការធ្វើការងារជាក្រុម កិច្ចការស្រាវជ្រាវ ការធ្វើបទបង្ហាញ ការពិភាក្សា និងការចូលរួមក្នុងកម្មវិធីប្រកួតប្រជែង។ តាមរយៈសកម្មភាពទាំងនេះ សិស្សរៀនចេះគិត វិភាគ បង្កើតគំនិតថ្មី សហការជាមួយអ្នកដទៃ និងបង្ហាញគំនិតរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព។
បើកទ្វារទៅកាន់ឱកាសសិក្សា និងអាជីព
ក្នុងពិភពការងារដែលកាន់តែមានលក្ខណៈអន្តរជាតិ ភាសាអង់គ្លេសក៏ជាជំនាញដែលអាចបង្កើនឱកាសរបស់យុវជនក្នុងការចូលទៅកាន់វិស័យអាជីពជាច្រើន។ សិស្សដែលមានជំនាញភាសាអង់គ្លេសល្អ អាចមានភាពងាយស្រួលក្នុងការស្វែងរកព័ត៌មានអំពីការសិក្សា កម្មវិធីអាហារូបករណ៍ ការងារ និងឱកាសអភិវឌ្ឍខ្លួនដែលមានជាលក្ខណៈអន្តរជាតិ។
ជាពិសេស សម្រាប់សិស្សដែលមានបំណងបន្តការសិក្សានៅក្រៅប្រទេស ឬធ្វើការនៅក្នុងស្ថាប័នដែលមានបរិយាកាសអន្តរជាតិ ភាសាអង់គ្លេសអាចក្លាយជាជំនាញមូលដ្ឋានដ៏សំខាន់មួយសម្រាប់ការសម្រេចគោលដៅរបស់ពួកគេ។
រៀនភាសាអង់គ្លេសនៅ AIS មិនមែនសម្រាប់តែប្រឡង
ដើម្បីឱ្យសិស្សអាចយកភាសាអង់គ្លេសទៅប្រើប្រាស់បានជាក់ស្តែង ការរៀនភាសាអង់គ្លេសមិនគួរផ្តោតតែលើការប្រឡងនោះទេ។ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ការរៀនភាសាអង់គ្លេសត្រូវបានភ្ជាប់ជាមួយសកម្មភាពអនុវត្តជាច្រើន ដើម្បីឱ្យសិស្សអាចប្រើប្រាស់ភាសាដែលពួកគេបានរៀនក្នុងស្ថានភាពជាក់ស្តែង។
សិស្សត្រូវបានផ្តល់ឱកាសធ្វើកិច្ចការស្រាវជ្រាវលើប្រធានបទផ្សេងៗ ធ្វើបទបង្ហាញ ធ្វើការជាដៃគូ និងធ្វើការងារជាក្រុមតូច ឬក្រុមធំ។ ការប្រើប្រាស់បច្ចេកវិទ្យា និងសម្ភារៈគាំទ្រការបង្រៀន ដូចជា ឧបករណ៍បញ្ចាំង អេក្រង់ទូរទស្សន៍ និងកម្មវិធីអប់រំផ្សេងៗ ក៏ត្រូវបានបញ្ចូលក្នុងដំណើរការបង្រៀន និងរៀន ដើម្បីធ្វើឱ្យការរៀនភាសាអង់គ្លេសកាន់តែមានភាពរស់រវើក និងទាក់ទាញ។
ក្រៅពីការរៀននៅក្នុងថ្នាក់ សិស្សក៏មានឱកាសចូលរួមក្នុងសកម្មភាព និងការប្រកួតប្រជែងនានា ដូចជា Storytelling ការធ្វើបទបង្ហាញ និងការតាំងពិព័រណ៍ស្នាដៃសិស្ស ដែលជួយឱ្យពួកគេយកជំនាញភាសាអង់គ្លេសទៅអនុវត្តដោយផ្ទាល់។
បរិយាកាសរៀនដែលជំរុញឱ្យសិស្សប្រើប្រាស់ភាសាអង់គ្លេស

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/October/Music Key1.jpg

«Music Keyboard» ជាជំនាញជួយសិស្សអភិវឌ្ឍការច្នៃប្រឌិត កា...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Children day.jpg

AIS បង្កើតបរិយាកាសសប្បាយរីករាយសម្រាប់សិស្ស អបអរសាទរ ទិវ...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Mr Kong Heng.jpg

«មោទនភាព AIS! លោកគ្រូ ស៊ុំ គង់ហេង ដណ្តើមមេដាយ ៤ ពីជើងឯក...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/EYE.jpg

សុខភាពភ្នែក៖ កត្តាប៉ះពាល់ និងវិធីការពារដែលមិនគួរមើលរំលង