សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានចាប់ផ្តើមកម្មវិធីសិក្សាជំនាញបន្ថែមនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការអភិវឌ្ឍសមត្ថភាព ទេពកោសល្យ និងចំណង់ចំណូលចិត្តខ្លួន តាមរយៈការសិក្សាជំនាញកីឡា សិល្បៈ តន្ត្រី និងជំនាញអនុវត្តនានា ក្រៅពីកម្មវិធីសិក្សាស្នូល។

កម្មវិធីសិក្សាជំនាញបន្ថែមថ្ងៃសុក្រ សម្រាប់ជំនាញកីឡាហែលទឹក ដល់សិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យ បានចាប់ផ្តើមនៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧។ ចំណែកកម្មវិធីសិក្សាជំនាញថ្ងៃសៅរ៍ និងកីឡា សម្រាប់សិស្សចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦។
តាមរយៈកម្មវិធីនេះ សិស្សអាចជ្រើសរើសជំនាញដែលស្របតាមចំណង់ចំណូលចិត្ត និងសមត្ថភាពរបស់ខ្លួន ដោយផ្នែកកីឡាមានជម្រើសដូចជា កីឡាហែលទឹក បាល់ទាត់ បាល់បោះ បាល់ទះ វាយសី វាយកូនឃ្លីលើតុ អប់រំកាយ ការ៉ាតេ ល្បុក្កតោ និងតេក្វាន់ដូ។

ក្រៅពីជំនាញកីឡា សិស្សក៏មានឱកាសអភិវឌ្ឍទេពកោសល្យ និងជំនាញច្នៃប្រឌិត តាមរយៈមុខជំនាញផ្សេងៗ រួមមាន គំនូរ តន្ត្រី របាំ គេហវិទ្យា និងការគិតលេខរហ័ស IAMA ដែលអាចជួយបង្កើនទំនុកចិត្ត សមត្ថភាពអនុវត្ត និងការច្នៃប្រឌិតរបស់សិស្ស។

កម្មវិធីសិក្សាជំនាញបន្ថែមនេះ មិនត្រឹមតែជាការបំពេញពេលវេលាទំនេររបស់សិស្សប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសឱ្យសិស្សស្វែងរក និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនតាមរយៈការអនុវត្តជាក់ស្តែង។ តាមរយៈការចូលរួមក្នុងកីឡា សិល្បៈ តន្ត្រី និងជំនាញផ្សេងៗ សិស្សអាចរៀនពីការសហការជាក្រុម វិន័យ ការទទួលខុសត្រូវ ការតស៊ូ និងការបង្កើតទំនុកចិត្តលើខ្លួនឯង។

ការរៀបចំកម្មវិធីសិក្សាជំនាញបន្ថែមនេះ ក៏ជាផ្នែកមួយនៃការផ្តល់បរិយាកាសសិក្សាដែលមានភាពចម្រុះ ដោយផ្តល់ឱ្យសិស្សនូវឱកាសរៀនសូត្រលើសពីមេរៀនក្នុងថ្នាក់ និងជំរុញឱ្យពួកគេអភិវឌ្ឍសមត្ថភាពបានកាន់តែទូលំទូលាយ ស្របតាមចំណង់ចំណូលចិត្ត និងក្តីស្រមៃរបស់ពួកគេ៕


