ភាពខុសគ្នារវាងមូលបត្រ (Stock)

បានផ្សាយចេញ | ០៨ កុម្ភៈ ២០២៣

ភាពខុសគ្នារវាងមូលបត្រ (Stock)

មូលបត្រ​កម្មសិទ្ធិ​ (​Stock​)

​ផលិតផល​ទ្រព្យកម្ម​សិទ្ធិ​ ​គឺជា​មូលបត្រ​ដែល​បាន​បោះផ្សាយ​ដោយ​ក្រុមហ៊ុន​សាធារណៈ​ ​ដើម្បី​កៀង​គរ​មូលនិធិ​ពី​សាធារណៈ​ជន​។​ ​វា​រួមបញ្ចូល​ទាំង​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​ ​ដែល​តំណាង​ឱ្យ​ភាពជា​ម្ចាស់​របស់​វិនិ​យោគិន​នៅ​ក្នុង​ក្រុមហ៊ុន​នោះ​។​ ​ភាពជា​ម្ចាស់​នៃ​ទ្រព្យកម្ម​សិទ្ធិ​ ​នឹង​ផ្តល់​សិទ្ធិ​ដល់​ភាគ​ហ៊ុនិ​ក​នូវ​ចំណែក​នៃ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​តាមរយៈ​ភាគ​លាភ​។​ ​ភាគ​ហ៊ុនិ​ក​គឺជា​ម្ចាស់​នៃ​អាជីវកម្ម​ ​ព្រមទាំង​ចូលរួម​ទទួល​ ​នូវ​ការ​ចែករំលែក​ភាព​ជោគជ័យ​ ​ឬ​បរាជ័យ​នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន​។​ ​លទ្ធផល​ដំណើរការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ចុះបញ្ជី​ ​ជា​ធម្មតា​អាច​វាយ​តម្លៃ​បាន​ ​តាមរយៈ​ភាគ​លាភ​ដែល​ភាគ​ហ៊ុនិ​ក​បាន​ទទួល​ ​និង​តាមរយៈ​ថ្លៃ​ភាគ​ហ៊ុន​ដែល​បាន​ដាក់​ថ្លៃ​នៅ​លើ​ទី​ផ្សារ​។​ ​មាន​មូលបត្រ​២​ប្រភេទ​ ​ដែល​អាច​ដាក់​ជួញ​ដូរ​ ​នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា​ (​ផ​មក​)​៖​

​១​. ​ភាគ​ហ៊ុន​ធម្មតា​

​ភាគ​ហ៊ុន​ធម្មតា​គឺជា​ភាគ​ហ៊ុន​ដែល​មានការ​លើកទឹកចិត្ត​ដោយ​ផ្ទាល់​ដល់​អ្នកកាន់កាប់​ភាគ​ហ៊ុន​តាមរយៈ​ ​ភាគ​លាភ​ដែល​ទទួល​បាន​ពី​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ ​ការ​ចំណេញ​លើ​មូលធន​ ​និង​សិទ្ធិ​ក្នុង​ការ​ទិញ​ភាគ​ហ៊ុន​ថ្មី​របស់​ក្រុមហ៊ុន​ ​នៅពេលដែល​ក្រុមហ៊ុន​សម្រេច​ក្នុង​ការ​បង្កើន​ដើមទុន​ចុះបញ្ជី​របស់​ខ្លួន​។​

​២​. ​ភាគ​ហ៊ុន​បុរិ​មា​

​ភាគ​ហ៊ុន​បុរិ​មា​ក៏​ជា​ផ្នែក​មួយ​នៃ​ទ្រព្យកម្ម​សិទ្ធិ​ផង​ដែរ​។​ ​ភាព​ខុសគ្នា​រវាង​ភាគ​ហ៊ុន​បុរិ​មា​ ​និង​ភាគ​ហ៊ុន​ធម្មតា​គឺ​ ​អ្នកកាន់កាប់​ភាគ​ហ៊ុន​បុរិ​មា​នឹង​មាន​សិទ្ធិ​ទទួល​បាន​មូលនិធិ​ ​ឬ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​មុន​ភាគ​ហ៊ុន​ធម្មតា។​

 ​សញ្ញា​ប​ណ្ណ(​Bond​)

សញ្ញា​ប​ណ្ណ ​គឺជា​ប្រភេទ​មូលបត្រ​បំណុល​ ​ដែល​តំណាង​ឱ្យ​កិច្ចសន្យា​ខ្ចីប្រាក់​រវាង​បុគ្គល​បោះផ្សាយ​មូលបត្រ​បំណុល​ (​រូ​ម​មាន​សាជីវកម្ម​ ​សហ​-​គ្រាស​រដ្ឋ​ ​ឬ​រាជរដ្ឋាភិបាល​) ​និង​វិនិ​យោគិន​ (​ម្ចាស់​មូលបត្រ​បំណុល​)​។​ ​តាមរយៈ​កិច្ចសន្យា​នេះ​ ​បុគ្គល​បោះផ្សាយ​មូលបត្រ​បំណុល​មាន​កាតព្វកិច្ច​បង់​ឱ្យវិនិ​យោគិន​នូវ​ទឹកប្រាក់​ជាក់លាក់​មួយ​ជា​ទៀងទាត់​ដែល​ហៅថា​ “​គូ​ប៉ុង​” ​ឬ​ “​ការប្រាក់​” (​លើកលែង​សម្រាប់​សញ្ញា​ប​ណ្ណ​គ្មាន​ការប្រាក់​) ​ព្រមទាំង​បង់​ប្រាក់ដើម​នៅពេលដែល​សញ្ញា​ប​ណ្ណ​នោះ​ដល់​កាល​កំណត់​សង​ ​ដែល​ហៅថា​ “​ឥណ​ប្រ​ទិ​ទាន​”​។​ ​ជំនួស​ឱ្យ​ការ​ខ្ចីប្រាក់​ពី​ធនាគារ​ ​ក្រុមហ៊ុន​ឬ​អង្គភាព​មួយ​អាច​បោះផ្សាយ​សញ្ញា​ប​ណ្ណ​ទៅ​ឲ្យ​វិនិ​យោគិន​ដោយ​ផ្ទាល់​ ​នៅពេលដែល​ក្រុមហ៊ុន​នោះ​ត្រូវការ​សាច់ប្រាក់​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ថ្មីៗ​, ​បន្ត​ប្រតិបត្ដិការ​ក្រុមហ៊ុន​ ​ឬ​ដើម្បី​ទូទាត់​បំណុល​។​

​លក្ខណៈ​ខុសគ្នា​ចម្បង​មួយ​រវាង​ភាគ​ហ៊ុន​និង​សញ្ញា​ប​ណ្ណ ​គឺថា​សញ្ញា​ប​ណ្ណ​តំណាង​ឱ្យ​ភាពជា​ម្ចាស់បំណុល​ ​រីឯ​ភាគ​ហ៊ុន​តំណាង​ឱ្យ​ភាពជា​ម្ចាស់កម្មសិទ្ធិ​នៃ​ក្រុមហ៊ុន​មួយ​។​ ​ថ្លៃ​ភាគ​ហ៊ុន​អាច​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​ ​ប្រសិនបើ​ក្រុមហ៊ុន​នោះ​មានការ​រីក​ចម្រើន​ ​និង​មាន​ប្រាក់ចំណេញ​ច្រើន​។​ ​ផ្ទុយទៅវិញ​ ​សញ្ញា​ប​ណ្ណ​ធ្វើការ​ទូទាត់​តែ​ការប្រាក់​ដែល​បាន​កំណត់​ជាមុន​ ​ហើយ​ថ្លៃ​របស់​វា​ប្រែប្រួល​នៅ​ក្នុង​ដែន​ដែល​កំណត់​ដោយ​អត្រា​ការប្រាក់​ ​ពោល​គឺ​មិនមែន​កំណត់​ដោយ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​នោះ​ឡើយ​។​

​បច្ចុប្បន្ន​ ​មានតែ​ប្រភេទ​សញ្ញា​ប​ណ្ណ​សាជីវកម្ម​មួយ​ប៉ុណ្ណោះ​ ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចុះបញ្ជី​នៅ​ ​ផ​មក​ ​ដោយសារតែ​មិនទាន់​មាន​ ​សញ្ញា​ប​ណ្ណ​រដ្ឋ​។​ ​សញ្ញា​ប​ណ្ណ​សាជីវកម្ម​ ​ជា​ប្រភេទ​មួយ​នៃ​មូលបត្រ​បំណុល​ដែល​បោះផ្សាយ​ដោយ​ក្រុមហ៊ុន​មហាជន​ទទួលខុសត្រូវ​មាន​ក​ម្រិ​ត​ ​ឬ​នីតិ​-​បុគ្គល​ប្រតិស្រុត​។​ ​យោង​តាម​ប្រកាស​ស្តីពី​ការបោះផ្សាយ​លក់​មូលបត្រ​បំណុល​ជា​សាធារណៈ​ចេញ​ដោយ​គ​.​ម​.​ក​. ​សញ្ញា​ប​ណ្ណ​សាជីវកម្ម​អាច​ចែកចេញជា​៖​

​១​. ​សញ្ញា​ប​ណ្ណ​ធម្មតា​ ( ​Plain​ ​Vanilla​ ​Bond​) ​សំដៅ​ដល់​សញ្ញា​ប​ណ្ណ​ដែល​មាន​អត្រា​គូ​ប៉ុង​ថេរ​ ​មានកំណត់​ឥណប្រតិទាន​ជាមុន​នៅ​ ​កាលបរិច្ឆេទ​បោះផ្សាយ​ ​មិន​មានការ​លើក​ក​ម្ពស់ (​Enhancement​) ​និង​/​ឬ​លក្ខណៈ​បន្ថែម​ដូចជា​សិទ្ធិ​ទិញ​ត្រលប់​ (​Call Option​) ​ឬ​ សិទិ្ធ​លក់​ (​Put Option​) ​និង​មិន​មាន​ការធានា​។​

​២​. ​សញ្ញា​ប​ណ្ណ​មាន​បុគ្គល​ធានា​ (​Guarantee​d​ ​Bond​) ​សំដៅ​ដល់​សញ្ញា​ប​ណ្ណ​ដែល​ផ្ដល់​ការធានា​ថា​ការប្រាក់​ ​និង​ប្រាក់ដើម​នឹង​ត្រូវ​បាន​ទូទាត់​សង​ដោយ​ភាគី​ទីបី​ ​ដែល​ជា​នីតិបុគ្គល​ ​ករណី​ដែល​បុគ្គល​បោះផ្សាយ​មិន​មានលទ្ធភាព​សងបំណុល​ (​D​e​fault​) ​ដោយ​មូលហេតុ​ដូចជា​

​អសាធនភាព​ ​ឬ​ក្ស័យធន​។​

​៣​. ​សញ្ញា​ប​ណ្ណ​មាន​វត្ថុ​ធានា​ (​Secured​ ​Bond​) ​សំដៅ​ដល់​សញ្ញា​ប​ណ្ណ​ដែល​មាន​ដាក់​ទ្រព្យ​សកម្ម​ជា​វត្ថុ​ធានា​ ​លើកលែងតែ​ ​មូលបត្រ​បំណុល​ដែល​មានទ្រព្យ​ធានា​ (​As​set Back​e​d​ ​Securities​) ​ដែល​ត្រូវ​កំណត់​នៅ​ក្នុង​បទ​ប្បញ្ញត្តិ​ដោយឡែក​៕