លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យប្រតិបត្តិករទឹកស្អាតទាំងអស់ រៀបចំអាជីវកម្មរបស់ខ្លួនឱ្យបានត្រឹមត្រូវ មានតម្លាភាព និងមានគណនេយ្យភាព ដើម្បីងាយស្រួលក្នុងការទទួលបានឥណទាន ពីព្រោះនៅក្នុងពេលថ្មីៗនេះ ធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានសម្រេចបញ្ចុះអត្រាការប្រាក់រហូតដល់ទៅ ៤.៧៥% ក្នុងមួយឆ្នាំ សម្រាប់ម្ចាស់អាជីវកម្មណា ដែលចង់ទទួលបានហិរញ្ញប្បទានយកទៅពង្រីកអាជីវកម្ម។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញបែបនេះ ធ្វើឡើងនៅក្នុងវេទិកាទឹកស្អាត ដែលរៀបចំឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតប្រមាណជាង៤០០រូប។
លោក ហែម វណ្ណឌី បានសង្កេតឃើញថា បញ្ហាប្រឈមដែលប្រតិបត្តិករទឹកស្អាតបាននិងកំពុងជួបប្រទះ គឺការពិបាកក្នុងការទទួលបានហិរញ្ញប្បទានពីធនាគារ ដើម្បីពង្រីកអាជីវកម្មទឹកស្អាតរបស់ខ្លួន ព្រោះហេតុដូច្នេះ ទើបក្រសួងឧស្សាហកម្ម បានធ្វើការជាមួយធនាគារមួយចំនួន ដោយលើកទឹកចិត្តឱ្យធនាគារទាំងនោះ ចាត់ទុកវិស័យទឹកស្អាត ជាវិស័យអទិភាព ក្នុងការផ្តល់ភាពងាយស្រួលលើការអនុម័តឥណទាន និងផ្តល់ឥណទានក្នុងអត្រាការប្រាក់សមរម្យ។ ព្រមជាមួយគ្នានេះ នៅថ្ងៃខាងមុខ ក្រសួងក៏នឹងបង្កើតមូលនិធិអភិវឌ្ឍន៍ទឹកស្អាត ដើម្បីឱ្យមូលនិធិនេះ ផ្តល់ការគាំទ្រដល់ប្រតិបត្តិករទឹកស្អាតផងដែរ។
លោករដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បានជំរុញឱ្យអាជីវកម្មដែលមិនទាន់បានចុះបញ្ជី សូមអញ្ជើញទៅចុះបញ្ជីឱ្យបានត្រឹមត្រូវស្របតាមផ្លូវច្បាប់។ ចំណែកអាជីវកម្ម ដែលមានបញ្ជីស្នាមមិនទាន់មានគណនេយ្យភាព សូមលាងសម្អាតអាជីវកម្មរបស់ខ្លួន និងបោះជំហានទៅមុខដោយភាពត្រឹមត្រូវ នោះទើបធនាគារ មានការជឿជាក់ ហើយទទួលបានការគាំទ្រ និងផ្តល់ឥណទានឱ្យបាន។ លើសពីនេះទៅទៀត អាជីវកម្មដែលមានលក្ខណៈត្រឹមត្រូវទាំងអស់ ក៏នឹងទទួលបានការគាំទ្រពីមូលនិធីទឹកស្អាតផងដែរ។
ប្រភពពី Fresh News :