សេដ្ឋកិច្ចសិង្ហបុរី បានកើនឡើង ២.៩ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ហើយកំណើន GDP របស់ខ្លួន ជាមធ្យម មានការកើនឡើង ៣.០ ភាគរយ នៅក្នុងឆមាសទីមួយ។ នេះបើយោងតាមការស្ទង់មតិសេដ្ឋកិច្ចប្រចាំត្រីមាស ដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ហៅកាត់ថា MTI កាលពីថ្ងៃអង្គារម្សិលមិញ។
កំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសទីពីរ ត្រូវបានជំរុញជាចម្បងដោយពាណិជ្ជកម្មលក់ដុំ ហិរញ្ញវត្ថុ ធានារ៉ាប់រង និងវិស័យព័ត៌មាន រួមទាំងការទំនាក់ទំនង។ទន្ទឹមនឹងនេះ វិស័យផលិតកម្មបានធ្លាក់ចុះ ១ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងត្រីមាសទីពីរ ដោយសារតែនៅក្នុងចង្វាក់ផលិតកម្មជីវវេជ្ជសាស្ត្រ មានការធ្លាក់ចុះ។
ដោយឡែក គ្រឿងអេឡិចត្រូនិក បែរជាត្រឡប់ហក់ឡើងខ្ពស់ទៅវិញ ដោយមានតម្រូវការខ្លាំង សម្រាប់ការផលិតស្មាតហ្វូន កុំព្យូទ័រយួរដៃ និងការផលិតបន្ទះឈីប ដែលទាក់ទងទៅនឹង AI បើទោះបីជាតម្រូវការសម្រាប់ការផលិតបន្ទះឈីបរថយន្ត នៅតែមានកម្រិតខ្សោយយ៉ាងណាក៏ដោយ។
MTI បានប៉ាន់ប្រមាណថា ទស្សនវិស័យនៃតម្រូវការខាងក្រៅរបស់សិង្ហបុរី នឹងអាចរក្សាភាពរឹងមាំបាន សម្រាប់ចង្វាក់ផលិតកម្មនៅក្នុងឆ្នាំនេះ។ ជាការពិតណាស់ វិស័យផលិតកម្ម ត្រូវបានគេរំពឹងថា នឹងឃើញមានការស្ទុះងើបឡើងវិញ ជាបន្តិចម្តងៗ នៅពាក់កណ្តាលត្រីមាសទីពីរ ដែលគាំទ្រដោយកំណើនដ៏រឹងមាំ នៃចង្វាក់ផលិតកម្មគ្រឿងអេឡិចត្រូនិក។
ការស្ទុះងើបឡើងវិញ នៃវិស័យផលិតកម្ម ត្រូវបានគេព្យាករថា នឹងផ្តល់អត្ថប្រយោជន៍ដល់វិស័យសេវាកម្មដែលទាក់ទងទៅនឹងពាណិជ្ជកម្មផងដែរ។ ជាងនេះទៅទៀត ការបន្តស្ទុះងើបឡើងវិញ នៃការធ្វើដំណើរតាមផ្លូវអាកាស និងតម្រូវការទេសចរណ៍ នោះនឹងមានការជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចបន្ថែមទៀត នៅក្នុងវិស័យដែលទាក់ទងនឹងទេសចរណ៍ និងអាកាសចរណ៍។
ហើយបើយោងតាម MTI បានឱ្យដឹងថា ដោយការពិចារណាទៅលើស្ថានភាពក្នុងស្រុក និងក្រៅស្រុក សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី នឹងមានការកើនឡើងពី ២ ទៅ ៣ ភាគរយ នៅក្នុងពេញមួយឆ្នាំ២០២៤នេះ៕
ប្រភព: Xinhua