(តូក្យូ) ថ្ងៃទី 4 ខែកញ្ញា ឆ្នាំ2024 សកម្មភាពវិស័យសេវាកម្មរបស់ប្រទេសជប៉ុន មានការកើនឡើងខ្ពស់នៅក្នុងខែសីហា ឆ្នាំ2024 នេះបើតាមការស្ទង់មតិលើផ្នែកឯកជនមួយ ដោយបានបង្ហាញកាលពីថ្ងៃពុធ សប្តាហ៍មុន ដោយសារការកើនឡើងនៃការលក់នៅក្រៅប្រទេស បើទោះបីជាទស្សនវិស័យនៃពិភពលោក មានសភាពមិនសូវល្អយ៉ាងណាក៏ដោយ។
ប៉ុន្តែការនាំចេញ បានស្ទុះងើបឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះនៅក្នុងខែកក្កដា។ ដោយឡែក ក្នុងរយៈពេលបីខែជាប់គ្នានេះ អាជីវកម្មក្នុងវិស័យសេវាកម្មជាច្រើន មានការកើនឡើងគួរឱ្យកត់សម្គាល់។
ទិន្នន័យថ្មីដែលទើបតែធ្វើបច្ចុប្បន្នភាពពីរដ្ឋាភិបាល បានបង្ហាញថា មានកំណើនសេដ្ឋកិច្ចដោយការនាំចេញ របស់ប្រទេសជប៉ុន នៅក្នុងខែសីហា។ សញ្ញាបែបនេះ បានធ្វើឱ្យប្រទេសជប៉ុន បានឆ្លងផុតនូវចំណុចហានិភ័យ ដែលវាបានដាំក្បាលធ្លាក់ចុះ កាលពីប៉ុន្មានខែមុន។
សេដ្ឋវិទូ Usamah Bhatti នៅឯអ្នកចងក្រងការស្ទង់មតិ បាននិយាយថា "កំណើននៃវិស័យសេវាកម្មប្រកបដោយនិរន្តរភាព និងការពង្រីកជាថ្មីនៃទិន្នផលផលិតកម្ម ដោយបានចូលរួមចំណែកដល់ការកែលម្អកាន់តែរឹងមាំ នៅក្នុងសុខភាពនៃសេដ្ឋកិច្ចវិស័យឯកជនរបស់ប្រទេសជប៉ុន"។