ការនាំចេញរបស់កម្ពុជាកើនឡើង 16.7% ក្នុងរយៈពេលប្រាំបីខែ

បានផ្សាយចេញ | ១១ កញ្ញា ២០២៤

ការនាំចេញរបស់កម្ពុជាកើនឡើង 16.7% ក្នុងរយៈពេលប្រាំបីខែ

ការនាំចេញរបស់កម្ពុជា បានឈានដល់ចំនួនទឹកប្រាក់ ១៧,៥៨ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ ខែដំបូង នៃឆ្នាំនេះ។ ការនាំចេញនេះ ធ្វើឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជា មានការកើនឡើងរហូតដល់ ១៦,៧ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពាណិជ្ជកម្ម ដែលបានចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) កាលពីម្សិលមិញ។

ពាណិជ្ជកម្មអន្តរជាតិរបស់ព្រះរាជាណាចក្រកម្ពុជា (ការនាំចេញ និងការនាំចូលរួមគ្នា) ឈានដល់ ៣៦,៤៨ ពាន់លានដុល្លារក្នុងរយៈពេល ៨ ខែដំបូង នៃឆ្នាំ ២០២៤ ដោយកត់ត្រាក្នុងកំណើន ១៦,៥ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងសមតុល្យពាណិជ្ជកម្មបង្ហាញពីឱនភាពចំនួន ១,៣២ ពាន់លានដុល្លារ។
ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន ពាណិជ្ជកម្មសរុបរបស់កម្ពុជា មានចំនួន ៣១.៣២ ពាន់លានដុល្លារ ដោយការនាំចេញបានរួមចំណែក ១៥.០៦ ពាន់លានដុល្លារ និងនាំចូល១៦.២៦ ពាន់លានដុល្លារ។ មួយវិញទៀត ដោយស្របតាមទិន្នន័យ ដូចកាលពីឆ្នាំមុនដែរនោះ ប្រទេសចិន នៅតែបន្តជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់ប្រទេសកម្ពុជា ក្នុងអំឡុងខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៤នេះ។ ដោយឡែក សហរដ្ឋអាមេរិកវិញ នៅតែជាគោលដៅចម្បង ដ៏ធំបំផុត នៃការនាំចេញរបស់ប្រទេសកម្ពុជា។

លោក គី សេរីវឌ្ឍន៍ សេដ្ឋវិទូ និងជាអគ្គនាយកនៃវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ការស្ទុះងើបឡើងមកវិញ ដែលធ្វើឡើងដោយសេដ្ឋកិច្ចពិភពលោក គឺពិតជាជួយដល់ការនាំចេញរបស់ប្រទេសកម្ពុជា ក្នុងចំណែកដ៏ធំបំផុត។

ដោយ : ឃី វុទ្ធី