នៅក្នុងរយៈពេល ៨ខែ ដើមឆ្នាំ ២០២៤នេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មជាង ១ពាន់ ៤រយលានដុល្លារអាមេរិក ជាមួយប្រទេសជប៉ុន ដោយមានការកើនឡើង ១៦% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យផ្លូវការដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ប្រភពដដែលនេះ បានគូសបញ្ជាក់ឱ្យដឹងថា ក្នុងទំហំពាណិជ្ជកម្មអំឡុងពេលនេះ កម្ពុជា សម្រេចបានការនាំចេញជាង ៩២៤ លានដុល្លារអាមេរិក ទៅកាន់ប្រទេសជប៉ុន ដែលកើនឡើង ២០% ខណៈកម្ពុជា នាំចូលពីប្រទេសជប៉ុនវិញ ប្រមាណ ៤៧៩ លានដុល្លារអាមេរិក កើនឡើង ១១% ហើយវាបានធ្វើឱ្យកម្ពុជា មានអតិរេកពាណិជ្ជកម្មប្រមាណ ៤៤៤ លានដុល្លារអាមេរិក។
ស្របគ្នានេះ រយៈពេល ៨ខែ ដើមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មជាង ៣៦ពាន់លានដុល្លារអាមេរិក ដោយមានការកើនឡើង ១៦% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។
ក្នុងឆ្នាំ ២០២៣កន្លងទៅនេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មជិត ១ពាន់ ៨រយលានដុល្លារអាមេរិក ជាមួយប្រទេសជប៉ុន ដោយមានការធ្លាក់ចុះ ៧% បើប្រៀបធៀបនឹងឆ្នាំ២០២២ ដោយកម្ពុជា សម្រេចបានការនាំចេញជាង ១ពាន់ ១រយលានដុល្លារអាមេរិក ទៅកាន់ជប៉ុន ដែលកើនឡើង ០,២% ខណៈកម្ពុជា នាំចូលពីប្រទេសជប៉ុនវិញ ប្រមាណ ៦២៣លានដុល្លារអាមេរិក ធ្លាក់ចុះ ១៨%។