ទិន្នន័យពាណិជ្ជកម្មចុងក្រោយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានបង្ហាញថា ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសជប៉ុន បានកើនឡើង២០ ភាគរយ ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ហើយឈានដល់៩២៤ លានដុល្លារ។
ការកើនឡើងនៃការនាំចេញនេះ ក៏បានធានាផងដែរថា ប្រទេសជប៉ុនឥឡូវនេះ គឺជាគោលដៅនៃការនាំចេញដ៏ធំជាងគេទីបួនរបស់កម្ពុជា ដែលស្មើនឹង ៥.៣ ភាគរយ នៃទីផ្សារនាំចេញរបស់ព្រះរាជាណាចក្រកម្ពុជា។
ឥឡូវនេះប្រទេសជប៉ុន ក៏ជាដៃគូពាណិជ្ជកម្មធំជាងគេទីប្រាំរបស់កម្ពុជាផងដែរ ដោយពាណិជ្ជកម្មទ្វេភាគី (ការនាំចេញ និងការនាំចូលរួមគ្នា) ឈានដល់ ១.៤ ពាន់លានដុល្លារក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ កើនឡើង ១៦.៩ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ការនាំចូលរបស់កម្ពុជា ពីប្រទេសជប៉ុន នៅក្នុងអំឡុងពេលនេះ មានដល់ទៅ ៤៨០ លានដុល្លារ ដែលអាចធានាបានថា កម្ពុជា អាចរក្សាអតិរេកពាណិជ្ជកម្មជាមួយជប៉ុនបាន ចំនួនទឹកប្រាក់ ៤៤៤ លានដុល្លារ នៅក្នុងអំឡុងពេលនេះ។