អ្នកជំនួញ និងអ្នកសេដ្ឋកិច្ច បានអះអាងថា ការបង្កើតឱ្យមានគណនីជាប្រាក់រៀល សម្រាប់គ្រប់អាជីវកម្មដែលបានចុះបញ្ជីស្របច្បាប់នៅកម្ពុជា នឹងចូលរួមចំណែកជួយធ្វើឱ្យការប្រើប្រាស់ប្រាក់រៀល មានការកើនឡើងកាន់តែច្រើន នៅលើទីផ្សារ ដោយអាចជួយរក្សាស្ថិរភាពថ្លៃ ព្រមទាំងជួយឱ្យវិស័យហិរញ្ញវត្ថុកម្ពុជា មានភាពរឹងមាំជាងមុន។
ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រាប់ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ចូលរួមសហការសម្របសម្រួលក្នុងការបង្កើតគណនីធនាគារជាប្រាក់រៀល ជូនដល់គ្រប់អាជីវកម្មដែលចុះបញ្ជីស្របច្បាប់នៅប្រទេសកម្ពុជា។
សេចក្តីជូនដំណឹងបានលើកឡើងថា ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងវិស័យធុរកិច្ច ក៏ដូចជាចូលរួមរក្សាស្ថិរភាពហិរញ្ញវត្ថុស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងមុំទី៥ នៃបញ្ចកោណទី៣ របស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម សូមស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ចូលរួមសហការសម្របសម្រួលក្នុងការបង្កើតគណនីធនាគារជាប្រាក់រៀល ជូនគ្រប់អាជីវកម្មដែលចុះបញ្ជីស្របច្បាប់នៅកម្ពុជា។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា៖”ការប្រើប្រាស់ប្រាក់រៀលមានសារៈសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពការអនុវត្តនយោបាយម៉ាក្រូសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងការរក្សាស្ថិរភាពថ្លៃនៅក្នុងទីផ្សារ កាត់បន្ថយចំណាយប្រតិបត្តិការដុល្លារូបនីយកម្ម គាំទ្រការនាំចេញ និងការវិនិយោគ គរពូនទុនបម្រុងអន្តរជាតិ បង្កើនសុខុមាលភាពសង្គម ទទួលចំណូលពីការបោះពុម្ពក្រដាសប្រាក់ ព្រមទាំងពង្រឹងអត្តសញ្ញាណជាតិ និងអធិបតេយ្យជាតិ ជាដើម”។