ពាណិជ្ជកម្មអន្តរជាតិរបស់មហាអំណាចចិន ឈានដល់៥ទ្រីលានដុល្លារ ក្នុងរយៈពេល១០ខែ

បានផ្សាយចេញ | ១៣ វិច្ឆិកា ២០២៤

ពាណិជ្ជកម្មអន្តរជាតិរបស់មហាអំណាចចិន ឈានដល់៥ទ្រីលានដុល្លារ ក្នុងរយៈពេល១០ខែ

គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤នេះ មហាអំណាចសេដ្ឋកិច្ចចិន សម្រេចបាននូវទំហំពាណិជ្ជកម្មអន្តរជាតិជាង៥ទ្រីលានដុល្លារអាមេរិក កើនឡើង ៥% បើប្រៀបធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

តាមទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយចិន បានបង្ហាញថា ការនាំចេញរបស់ប្រទេសចិន បានកើនឡើង ៦% បើគិតជាទំហំទឹកប្រាក់ គឺឡើងជាង ២,៩ ទ្រីលានដុល្លារអាមេរិក ក្នុងអំឡុងខែមករា ដល់ខែតុលា ខណៈដែលការនាំចូល បានកើនឡើង៣% គិតជាទំហំទឹកប្រាក់ ស្មើនឹង ២,១ទ្រីលានដុល្លារអាមេរិក។

ការនាំចេញផលិតផលគ្រឿងម៉ាស៊ីន និងអគ្គិសនីរបស់ចិន បានឈានដល់១,៧ទ្រីលានដុល្លារ កើនឡើង ៨% ហើយស្មើនឹង ៥៩% នៃការនាំចេញសរុបរបស់ចិន។

ទន្ទឹមគ្នានេះ ការនាំចូលផលិតផលមេកានិក និងអគ្គិសនី បានឈានដល់ជាង៨០០ពាន់លានដុល្លារអាមេរិក កើនឡើង ៨% ជាពិសេសផ្នែកគ្រឿងបន្លាស់យន្តហោះ និងគ្រឿងបន្លាស់អេឡិចត្រូនិច កើនឡើងខ្ពស់ដូចគ្នា។

ប្រធាននាយកដ្ឋានវិភាគស្ថិតក្រោមអគ្គនាយកដ្ឋានគយចិន បានបញ្ជាក់ថា ក្នុងរយៈពេល១០ខែដំបូង ក្នុងឆ្នាំនេះ ពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសចិន បានកើនឡើងជាលំដាប់ ដោយមានការពង្រីកជាបន្តបន្ទាប់ក្នុងទំហំ ទឹកប្រាក់ដ៏ខ្ពស់បំផុត និងមានការបង្កើនប្រសិទ្ធភាពនៃរចនាសម្ព័ន្ធ ដែលធ្វើឱ្យចិន អាចសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ប្រកបដោយស្ថិរភាព ទាំងគុណភាព និងបរិមាណ។

សូមជម្រាបជូនថា ការស្ទុះងើបឡើងវិញនៃតម្រូវការទីផ្សារខាងក្រៅ បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញរបស់ប្រទេសចិន ហើយពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយ១៦០ប្រទេស និងតំបន់ជុំវិញពិភពលោក បានកើនឡើងក្នុងអំឡុងពេលនោះ៕