អង្គការអុកស្វាម បានរៀបចំវេទិកាប្រចាំឆ្នាំថ្នាក់ជាតិ រវាងបេឡាជាតិសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត ក្រោមប្រធានបទ គាំពារសង្គមសម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌នៅកម្ពុជា នៅភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ មុនឈានដល់ការរៀបចំវេទិកាថ្នាក់ជាតិនេះ អង្គការ អុកស្វាម បានរៀបចំថ្នាក់តំបន់៣លើករួចទៅហើយ គឺនៅខេត្តព្រះសីហនុ ស្វាយរៀង និងសៀមរាប។
តាមរយៈពេលវេទិកាទាំង៤លើកនេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម បានសង្កេតឃើញថា មានភាគីពាក់ព័ន្ធចូលរួមជាច្រើន ជាពិសេស អាជីវករលក់ដូរ និងកសិករ។ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បានឃើញពួកគេ មានការឈ្វេងយល់អំពីអត្ថប្រយោជន៍ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) យ៉ាងផុសផុល តាមរយៈការឆ្លើយឆ្លងជាមួយវាគ្មិនជំនាញ។
នៅលើវេទិកាប្រចាំឆ្នាំថ្នាក់ជាតិនៅថ្ងៃអង្គាម្សិលមិញនេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បានថ្លែងថា ក្នុងវេទិកាទាំង៤លើក គឺតែងតែទទួលបានការស្នើសុំឱ្យបញ្ចុះតម្លៃនៃការបង់វិភាគទាន សម្រាប់បុគ្គលស្វ័យនិយោគ នៅពេលពួកគេ មានសមាជិកគ្រួសារច្រើនរូប។ ជាមួយគ្នានេះដែរ លោកឃើញមានការទាមទារឱ្យ ប.ស.ស និងក្រសួងសុខាភិបាល ពង្រឹងការផ្ដល់សេវាដល់អ្នកប្រើប្រាស់ប័ណ្ណ ប.ស.ស។ ចំណុចចម្បងមួយទៀត ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ឃើញភាគីចូលរួមក្នុងវេទិកា មិនចង់ឱ្យទុកនរណាម្នាក់ ឃ្លាតឆ្ងាញពីប្រព័ន្ធគាំពារសង្គមឡើយ។