លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត និយាយថា AI ជាកត្តាសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច

បានផ្សាយចេញ | ១១ ធ្នូ ២០២៤

លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត និយាយថា AI ជាកត្តាសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច

លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត មានប្រសាសន៍ថា ប្រទេសកម្ពុជា គួរតែអភិវឌ្ឍឧស្សាហកម្ម AI របស់ខ្លួន ជាឧបករណ៍ដ៏មានឥទ្ធិពល សម្រាប់កំណើនសេដ្ឋកិច្ច។

លោកបានប្រាប់សន្និសីទស្តីពី កិច្ចសហប្រតិបត្តិការចិន-អាស៊ាន លើការអភិវឌ្ឍន៍ និងអភិបាលកិច្ច AI កាលពីថ្ងៃចន្ទថា AI បានក្លាយជាកត្តាជំរុញថ្មី សម្រាប់កំណើន និងវិបុលភាព ហើយថែមទាំងអាចជួយសង្គ្រោះជីវិតមនុស្សតាមរបៀបដែលយើងមិនធ្លាប់ឃើញពីមុនមក។

លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ដែលជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បាននិយាយថា រដ្ឋាភិបាល កំពុងបង្កើតក្របខណ្ឌថ្មី សម្រាប់ឧស្សាហកម្មនេះ រួមទាំងការការពារកម្មសិទ្ធិបញ្ញា និងការការពារពី "ព័ត៌មានក្លែងក្លាយ" និងផលប៉ះពាល់ដែលអាចមានអស្ថិរភាពដល់សង្គមផងដែរ។

លោកបានមានប្រសាសន៍បន្តថា យើងត្រូវការអភិបាលកិច្ចល្អ និងស្តង់ដាសីលធម៌។ រាជរដ្ឋាភិបាល បានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាអាទិភាពមួយ ក្នុងចំណោមអាទិភាពសេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។

ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល២០២១-២០៣៥ របស់រដ្ឋាភិបាល មានគោលបំណង កសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក ដោយដាក់មូលដ្ឋានគ្រឹះ ដើម្បីលើកកម្ពស់ការទទួលយក និងការផ្លាស់ប្តូរឌីជីថល នៅក្នុងតួអង្គសង្គមទាំងអស់ រួមទាំងរដ្ឋ ប្រជាពលរដ្ឋ និងអាជីវកម្ម ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់ដល់សុខុមាលភាពសង្គម។

ផែនទីបង្ហាញផ្លូវឌីជីថលរបស់រដ្ឋាភិបាល កំណត់កាលវិភាគសម្រាប់ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមទាំងប្រព័ន្ធទូទាត់ឌីជីថល និងសុវត្ថិភាព និងការបង្កើតក្របខ័ណ្ឌច្បាប់ដ៏រឹងមាំមួយ។ លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល កំពុងធ្វើការដើម្បីធ្វើឱ្យមានតុល្យភាពផ្នែកបច្ចេកវិទ្យា សេដ្ឋកិច្ច និងសង្គមរបស់ AI ។