ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យសិស្សានុសិស្ស ខិតខំរៀនសូត្រ ឱ្យបានពូកែ និងធ្វើជាកូនល្អ សិស្សល្អ ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់គ្រួសារ និងសង្គមជាតិ ស្របពេលប្រទេសជាតិ កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍ។
ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ រួមនឹងលោកជំទាវ ញ៉ែម សាខន ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកដំណើរការឱ្យប្រើប្រាស់អគារជួសជុល កែលម្អ និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាត្នោត ដែលស្ថិតនៅក្នុងឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី0៩ ខែកញ្ញា ឆ្នាំ២០២៤ ម្សិោលមិញនេះ។
សូមបញ្ជាក់ថា អគារសិក្សានៃសាលាបឋមសិក្សាត្នោត ដែលបានជួសជុល និងកែលម្អឡើងវិញនេះ ជាអំណោយរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម កាលលោកទាំងពីរ នៅមានជន្មាយុ។ ដោយឡែក ក្នុងឱកាសដាក់ឱ្យប្រើប្រាស់អគារសិក្សានេះដែរ លោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងឯឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក៏បានរៀបចំអាហារសាមគ្គីជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ៕