ការអប់រំសីលធម៌ និងសុជីវធម៌ដល់យុវជនជាកត្តាសំខាន់ ដែលត្រូវយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ

បានផ្សាយចេញ | ៣០ ធ្នូ ២០២៤

ការអប់រំសីលធម៌ និងសុជីវធម៌ដល់យុវជនជាកត្តាសំខាន់ ដែលត្រូវយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ

អត្ថបទព័ត៌មានស្តីពីការអប់រំ

ក្រោមប្រធានបទ “ការអប់រំសីលធម៌ និងសុជីវធម៌ដល់យុវជនជាកត្តាសំខាន់ ដែលត្រូវយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ”

អត្ថបទដកស្រង់ដោយ : ហ៊ាង បុប្ផារិទ្ធ

#MJQE#AmericanInterconSchool

 

បច្ចុប្បន្ននេះ ការរីកចម្រើនផ្នែកបច្ចេកវិទ្យា វិទ្យាសាស្រ្តកំពុងវិវត្តយ៉ាងលឿនរហ័ស ហាក់មានការប្រកួតប្រជែងគ្នាច្រើន ដើម្បីដើរឱ្យទាន់ការប្រែប្រួលនៃសកលលោក។ ទន្ទឹមនឹងភាពរីកចម្រើននេះ គេក៏មើលឃើញដែរថា សីលធម៌ និងសុជីវធម៌របស់មនុស្សពេលខ្លះ មានការធ្លាក់ចុះ ហើយទាមទារឱ្យមានដំណោះស្រាយផ្សេងៗ ដើម្បីចូលរួមស្ដារសីលធម៌ និងសុជីវធម៌ឡើងវិញ។ ការអប់រំសីលធម៌ និងសុជីវធម៌យុវជន ជាកត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ។

សីលធម៌ គឺជាកិរិយាមារយាទ សណ្ដាប់ធ្នាប់ ដំបូន្មានដែលនាំឱ្យចៀសវាងនូវអំពើអាក្រក់ ហើយឱ្យប្រព្រឹត្តតែអំពើល្អ។ ចំណែកសុជីវធម៌មានន័យថា ការរស់នៅដោយល្អ គឺចំណេះ សណ្ដាប់ធ្នាប់ ការដឹងប្រមាណ គួរសមក្នុងកិច្ចការប្រាស្រ័យជាមួយនឹងអ្នកដទៃ។ ស្របគ្នានេះ បើមនុស្សរស់នៅមានសីលធម៌ សុជីវធម៌ និងគុណធម៌ខ្ពស់ នឹងទទួលបានតម្លៃដោយការគោរពស្រឡាញ់ពីអ្នកដទៃពីមនុស្សជុំវិញខ្លួន ព្រមទាំងនាំឱ្យសង្គមជាតិមានសេចក្ដីថ្លៃថ្នូរ ព្រោះមានពលរដ្ឋល្អ។

ការអប់រំសីលធម៌ និងសុជីវធម៌របស់យុវជន មានសារៈសំខាន់ណាស់ ដែលយើងមិនអាចមើលរំលងបាន មានន័យថា សីលធម៌ និងសុជីវធម៌ បានចារឹកនូវជាតិសាសន៍ ប្រពៃណី ទំនៀមទម្លាប់របស់ជាតិសាសន៍ ដែលមានវប្បធម៌ប្រជាជាតិរបស់ខ្លួន ត្រូវប្រកាន់យក។ ប្រសិនបើយុវជនបាត់បង់សីលធម៌ និងសុជីវធម៌ក្នុងការរស់នៅនឹងធ្វើឱ្យយុវជនមានកាយវិការមិនសមរម្យ ភ្លើតភ្លើន និងប្រព្រឹត្តរឿងមិនល្អផ្សេងៗ ដែលបង្កបញ្ហាដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ការអប់រំសីលធម៌ និងសុជីវធម៌ដល់យុវជន គឺជារឿងសំខាន់ ប៉ុន្តែការអប់រំដែលមានប្រសិទ្ធភាព គឺត្រូវតម្រង់ទិសពីកុមារ ព្រោះវ័យយុវជន ជាវ័យរីកចម្រើនទាំងរាងកាយ ប្រាជ្ញា ស្មារតី ចង់សាកល្បង ចង់ដឹង និងមិនសូវស្ដាប់បង្គាប់ឪពុកម្ដាយ។ ដូច្នេះ ទើបត្រូវបង្កើនការអប់រំនៅក្នុងគ្រួសារ សាលារៀន ដោយធ្វើយ៉ាងណា ឱ្យកម្រិតនៃការអប់រំ អាចទប់ទល់ជាមួយភាពទំនើងតាមអំពើចិត្តរបស់យុវជនបាន។

 

កត្តាដែលជួយឱ្យកុមារ ឬយុវជនមានសីលធម៌ និងសុជីវធម៌រស់នៅល្អគឺ៖

ទី១. ឪពុកម្ដាយត្រូវជាមនុស្សដែលមានសីលធម៌ សុជីវធម៌គុណធម៌ ហើយត្រូវតម្រង់កូនតាំងពីតូច រហូតកូនធំហើយត្រូវព្យាយាមតម្រង់ទិស និងធ្វើការសហការជាមួយលោកគ្រូ អ្នកគ្រូនៅសាលារៀនបន្ថែមទៀត។

ទី២. សាលារៀន លោកគ្រូ អ្នកគ្រូ មានបង្រៀនសៀវភៅសិក្សាគោលមុខវិជ្ជាសីលធម៌-ពលរដ្ឋវិជ្ជា ហើយក្រៅពីការបង្រៀនតាមសៀវភៅ លោកគ្រូ អ្នកគ្រូ អាចអប់រំតាមបែបប្រពៃណី ជំនឿ ទំនៀមទម្លាប់ សាសនា ដែលជាមនសិកា និងគុណធម៌របស់គ្រូម្នាក់ៗ ក៏អាចរួមចំណែកអប់រំសីលធម៌ និងសុជីវធម៌ដល់យុវជនដែរ៕