វិធី៤យ៉ាងងាយៗដែលអាចផ្តល់សុភមង្គលដល់ជីវិតរបស់អ្នក

បានផ្សាយចេញ | ២៤ មករា ២០២៥

វិធី៤យ៉ាងងាយៗដែលអាចផ្តល់សុភមង្គលដល់ជីវិតរបស់អ្នក

អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ

ក្រោមប្រធានបទ៖ “វិធី៤យ៉ាងងាយៗដែលអាចផ្តល់សុភមង្គលដល់ជីវិតរបស់អ្នក”

 អត្ថបទដកស្រង់ដោយ : លាង សត្យា

#MJQE#AmericanInterconSchool

 

តាមពិត ជីវិតនេះ អ្វីៗគ្រប់យ៉ាង គឺត្រូវបានកំណត់ដោយខ្លួនយើងផ្ទាល់។ ប្រសិនបើអ្នកចង់បានសុភមង្គល អ្នកត្រូវបង្កើតវាឡើងដោយខ្លួនឯង ព្រោះលើលោកនេះ គ្មានសុភមង្គលណា កើតឡើងដោយឯកឯងទេ វាត្រូវតែចេញពីសកម្មភាពរបស់យើងផ្ទាល់។ ហេតុនេះ អ្នកគួរតែស្វែងយល់ពីវិធី៤យ៉ាង ដើម្បីគ្រប់គ្រងសុភមង្គលរបស់ខ្លួន ដោយមិនបាច់រស់នៅរំពឹងលើអ្នកដទៃ៖

 

១. បំភ្លេចទុក្ខព្រួយ :

នៅពេលដែលអ្នកមានគំនិតអវិជ្ជមាន ចូរព្យាយាមបំភ្លេចវាចេញពីខួរក្បាលរបស់អ្នក ហើយចងចាំថា រឿងអាក្រក់មិនមែននៅជាមួយយើងរហូតនោះទេ។ ដូច្នេះ វិធីដ៏ល្អបំផុត គឺរក្សាភាពស្ងប់ស្ងាត់ និងពិចារណាគ្រប់យ៉ាងដោយសន្តិវិធី។ ការចិញ្ចឹមបីបាច់អារម្មណ៍វិជ្ជមាន គឺជាវិធីដ៏មានប្រសិទ្ធភាពបំផុត ដើម្បីបំបាត់ទុក្ខព្រួយ។

 

២. បង្កើតភាពរីករាយសម្រាប់ខ្លួនអ្នក :

ញញឹមឱ្យបានញឹកញាប់ចំពោះខ្លួនអ្នក និងអ្នកដទៃ ឱ្យពួកគេយល់ថា អ្នកជាមនុស្សរីករាយ។ នៅពេលដែលអ្នកឃើញនរណាម្នាក់មានបញ្ហា សូមផ្តល់ជំនួយដល់ពួកគេ ទោះបីជាវាគ្រាន់តែជាជំនួយតិចតួចក៏ដោយ។ ជាឧទាហរណ៍ អ្នកផ្តល់ទិសដៅដល់ភ្ញៀវទេសចរ ដូច្នេះ គាត់អាចទៅដល់គោលដៅរបស់គាត់បានយ៉ាងរហ័ស និងរលូន។ ពីភាពរីករាយរបស់អ្នកដទៃ អ្នកប្រាកដជាមានអារម្មណ៍រីករាយជាងពួកគេទៅទៀត។

 

៣. គ្រប់គ្រងអារម្មណ៍របស់អ្នក :

កុំភ្លេចមនុស្សដែលបានធ្វើឱ្យជីវិតរបស់អ្នកកាន់តែភ្លឺស្វាង និងសម្បូរសប្បាយ ចំណាយពេលជាមួយពួកគេឱ្យបានច្រើន។ ព្យាយាមមិនសូវរិះគន់ទង្វើរបស់អ្នកដទៃ នោះវាអាចនឹងជួយអ្នកក្នុងការចៀសវាងពីអារម្មណ៍អវិជ្ជមានជាច្រើនក្នុងជីវិតអ្នក ពេលនោះ ផ្លូវចិត្តរបស់អ្នក ក៏នឹងកាន់តែធូរស្រាលទៅតាមនោះ។

 

៤.បំភ្លេចការច្រណែន :

យកល្អគួរតែសប្បាយចិត្តជាមួយរឿងតូចតាច ជាជាងរង់ចាំអ្វីដែលធំ។ បំភ្លេចការច្រណែន ព្រោះវាអាចបំផ្លាញជីវិតរបស់អ្នកទាំងមូលបាន។ មនុស្សជាច្រើន មានអារម្មណ៍ថា មិនសប្បាយចិត្តដោយសារតែការរំពឹងទុករបស់ពួកគេ គឺមិនបានដូចចិត្តទាំងស្រុង តែសូមអ្នកចងចាំថា ពេលខ្លះ របស់ដែលអ្នកកំពុងមាន ក៏ជាក្តីស្រមៃរបស់អ្នកដទៃដូចគ្នា ដូច្នេះហើយ អ្នកត្រូវចេះពេញចិត្ត និងឱ្យតម្លៃទៅលើអ្វីដេលអ្នកមាន៕