អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ៖ “គន្លឹះស្វ័យសិក្សាទាំង៥”
អត្ថបទដកស្រង់ដោយ : ទ្រី សុខហៀង
#MJQE#AmericanInterconSchool
ជំនាញស្វ័យសិក្សា ឬការសិក្សាដោយខ្លួនឯង ជួយជំរុញឱ្យសិស្សនុសិស្ស ចេះបង្កើតវិធីសាស្រ្តរៀនដោយខ្លួនឯង និងចេះសិក្សាស្រាវជ្រាវ ដើម្បីទទួលបានចំណេះដឹងថ្មីៗ ដើម្បីសម្រួលដល់ការសិក្សារបស់ខ្លួន។ ទន្ទឹមគ្នានេះ ការសិក្សានៅក្នុងថ្នាក់រៀនក្ដី ឬការសិក្សាតាមប្រព័ន្ធអនឡាញក្ដី នោះទាមទារឱ្យសិស្សស្វ័យសិក្សានៅផ្ទះបន្ថែម ទើបអាចទទួលបានចំណេះដឹងថ្មីៗ មានលទ្ធផលនៃការសិក្សា និងការងារមានប្រសិទ្ធភាពខ្ពស់។ ខាងក្រោមនេះគឺជាគន្លឹះស្វ័យសិក្សាទាំង៥ ដែលអាចជួយឱ្យសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សា៖
១. ត្រូវរកទីកន្លែងសមស្របសម្រាប់សិក្សា
យើងត្រូវរកទីតាំងដែលសមស្របសម្រាប់ធ្វើការសិក្សាដោយខ្លួនឯង ព្រមទាំងអាចជួយសម្រួលខួរក្បាលរបស់អ្នកសម្រាប់ការរៀនសូត្រ។ យើងគួរតែរៀបចំកន្លែងសិក្សាឱ្យមានរបៀបរៀបរយ គ្មានការរំខាន និងបំពាក់ដោយសម្ភារសិក្សាដែលអ្នកត្រូវការប្រើប្រាស់ ព្រោះវាជួយជំរុញឱ្យមានការផ្តោតអារម្មណ៍ និងបង្កើនកម្លាំងចិត្តរាល់ពេលដែលអ្នកអង្គុយសិក្សា។
២. រៀបចំផែនការសម្រាប់សិក្សា :
ការសិក្សាដោយខ្លួនឯង ប្រកបដោយប្រសិទ្ធភាព ចាប់ផ្តើមពីការរៀបចំផែនការដ៏ច្បាស់លាស់។ យើងគួរបំបែកគោលដៅសិក្សាទៅជាកិច្ចការតូចៗ បែងចែកពេលវេលាជាក់លាក់សម្រាប់មុខវិជ្ជា ឬប្រធានបទនីមួយៗ ហើយធ្វើតាមកាលវិភាគដែលបានកំណត់ទុក។ វិធីសាស្រ្តនេះ ការពារការអស់កម្លាំង និងធានាបាននូវវឌ្ឍនភាពជាលំដាប់ ឆ្ពោះទៅរកគោលដៅដែលយើងរំពឹងទុក។
៣. ការប្រើវិធីសាស្រ្តសិក្សាចម្រុះ :
យើងត្រូវប្រើវិធីសាស្រ្តសិក្សាចម្រុះដូចជា សង្ខេបអ្វីដែលយើងបានរៀន បង្រៀនដល់នរណាម្នាក់ផ្សេងទៀត ឬអនុវត្តលំហាត់ជាច្រើន ដែលជួយឱ្យការយល់ដឹងរបស់យើង កាន់តែស៊ីជម្រៅទៅ និងកាន់តែល្អប្រសើរឡើង។
៤. កំណត់គោលដៅដែលអាចសម្រេចបាន :
យើងត្រូវចេះកំណត់គោលដៅជាក់ស្តែង និងច្បាស់លាស់សម្រាប់មុខវិជ្ជាសិក្សានីមួយៗ។ ជំនួសឱ្យការដាក់គោលដៅធំដែលមិនច្បាស់លាស់ ដូចជា ការសិក្សារូបមន្តគណិតវិទ្យាជាច្រើន យើងគួរបំបែកគោលបំណងទៅជាតូចៗ ឱ្យបានជាក់លាក់ដូចជា ការដោះស្រាយលំហាត់ពិជគណិតឱ្យបានចំនួន១០។ ការសម្រេចបាននូវគោលដៅតូចៗទាំងនេះ ធ្វើឱ្យយើងមានកម្លាំងចិត្ត ងាយស្រួលតាមដាន និងមានទំនុកចិត្តខ្ពស់មកលើខ្លួនឯង។
៥. ការកំណត់ពេលវេលាសម្រាកឱ្យបានទៀងទាត់ :
បើយើងធ្វើការសិក្សាជាច្រើនម៉ោងដោយគ្មានការសម្រាកនោះ វាអាចនឹងមានផលប៉ះពាល់ដល់សុខភាពជាមិនខាន។ យើងអាចកំណត់ពេលវេលាសម្រាកបាន ដោយប្រើប្រាស់វិធីសាស្ត្រប៉ូម៉ូដូរ៉ូ (Pomodoro) ដោយយើងសិក្សារយៈពេល២៥នាទី ហើយបន្ទាប់មក យើងសម្រាករយៈពេល០៥នាទី។ ការសម្រាករយះខ្លីៗ អាចជួយធ្វើឱ្យចិត្តរបស់យើងស្រស់ស្រាយ និងពង្រឹងទៅលើការផ្តោតអារម្មណ៍កាន់តែប្រសើរ សម្រាប់វគ្គសិក្សាបន្ទាប់។
អត្ថបទដកស្រង់ បកប្រែ និងកែសម្រួលចេញពី៖