អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “តើការអប់រំសីលធម៌មានអត្ថន័យដូចម្តេចខ្លះ?”
អត្ថបទដកស្រង់ដោយ : ជី សុខវ៉ាន់
#MJQE #AmericanInterconSchool
អត្ថន័យនៃការអប់រំសីលធម៌ :
ដើម្បីយល់ន័យនៃការអប់រំសីលធម៌ យើងត្រូវយល់ន័យនៃពាក្យ ការអប់រំ និងសីលធម៌ជាមុនសិន។
“ការអប់រំ” និង “សីលធម៌” ត្រូវបានគេផ្ដល់នូវអត្ថន័យជាច្រើនដូចខាងក្រោម៖
“ការអប់រំ” មានន័យថា ការបង្ហាត់ចិត្ត ឬបង្វឹកចិត្ត ជួសជុលចំណេះវិជ្ជា កិរិយាមារយាទ ហ្វឹកហាត់ឱ្យស្ទាត់ជំនាញជាងមុន កែឱ្យបានល្អជាងមុនជាលំដាប់ មិនឱ្យមានថ្នាំងថ្នាក់។ “ការអប់រំ” គឺជាសកម្មភាពមួយផ្សារភ្ជាប់គ្នារវាងអ្នកអប់រំ និងអ្នកដែលត្រូវគេអប់រំ តាំងពីបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា ដើម្បីអភិវឌ្ឍផ្នែកគំនិត និងសីលធម៌ក្នុងការកសាងបុគ្គលិកលក្ខណៈរបស់សិស្ស ហើយក៏ជាកម្លាំងចលករ មួយជម្រុញឱ្យអ្នកបង្រៀនធ្វើសកម្មភាពលើសិស្សម្មាក់ៗ ដើម្បីឱ្យសិស្សមានសកម្មភាពកសាងសមត្ថភាព មនសិការ បំពាក់បំប៉នមនោសញ្ចេតនា ការហឹ្វកហាត់សមត្ថភាពយល់ដឹងរបស់សិស្ស ហើយវាទាក់ទងទៅនឹងការបង្រៀន និងការរៀន។ ន័យម៉្យាងទៀត “ការអប់រំ” ជាដំណើរការសិក្សាដើម្បីការអភិវឌ្ឍន៍ខាងបុគ្គលិកលក្ខណៈ ចិត្តសម្បទា ប្រាជ្ញាសម្បទា និងកាយសម្បទា តាមរយៈសកម្មភាពដែលធ្វើឱ្យអ្នកសិក្សាទទួលបានចំណពដឹង ជំនាញ សមត្ថភាព បំណិនជីវិត បំណិនការងារ រួមទាំងការបញ្ចេញទស្សនៈផ្ទាល់ខ្លួន និងទស្សនសិក្សា ប្រកបដោយសេចក្តីថ្លៃថ្នូរ និងគុណធម៌។
“សីលធម៌” ត្រូវបានកំណត់ន័យជាច្រើនដូចជា តាមន័យធម្មតា “សីលធម៌” សំដៅលើឥរិយាបថ ដែលស្ដែងឱ្យឃើញនូវការគោរពចំពោះខ្លួនឯង និងចំពោះអ្នកដទៃ។ សីលធម៌សម្រាប់អប់រំកាយ វាចារ និង ចិត្តរបស់មនុស្សឱ្យមានរបៀបរៀបរយល្អ ជាពិសេសស្គាល់នូវតម្លៃជីវិតពិតនៅលើភពផែនដី។ សីលធម៌អាចបង្ហាញឱ្យឃើញកាន់តែច្បាស់ថែមទៀត តាមរយៈការរស់នៅក្នុងសង្គមដែលមនុស្សស្ដែងឡើង ដោយផ្ទាល់ ឬដោយប្រយោលរបស់គេ។ ន័យម៉្យាងទៀត “សីលធម៌” គឺជាចំណេះដឹងសម្រាប់មនុស្ស ដែលមិនចូលចិត្តអំពើទុច្ចរិត រីករាយប្រព្រឹត្តតែសុចរិត បម្រើផលប្រយោជន៍មនុស្ស និងអភិវឌ្ឍសង្គម។មួយវិញទៀត “សីលធម៌” ត្រូវបានគេយល់ឃើញថា គឺជាធម៌របស់សត្វលោក ឬជាកិរិយាមារយាទ សណ្ដាប់ធ្នាប់ ដំបូន្មាន ដែលនាំឱ្យចៀសវាងអំពើអាក្រក់ ហើយប្រព្រឹត្តតែអំពើល្អជានិច្ច។
សរុបមក “ការអប់រំសីលធម៌” គឺសំដៅលើការកែប្រែរបៀបជាមូលដ្ឋាន នៃបុគ្គលិកលក្ខណៈរបស់បុគ្គលក្នុងការរស់នៅប្រកបដោយហេតុ និងផល។ ប្រសិនបើគ្មានសីលធម៌ ពិតជាការរស់នៅរបស់សមាជិកក្នុងសង្គមនោះ រស់បែបអណាធិបតេយ្យ។ លើសពីនេះទៀត សង្គមនឹងគ្មានសណ្ដាប់ធ្នាប់ គ្មានវប្បធម៌ច្បាស់លាស់។ ដូច្នេះការអប់រំសីលធម៌ជាគ្រឹះនៃការបង្កើតសង្គម ការអប់រំសីលធម៌ជាអាទិភាពក្នុងចំណោមនៃការអប់រំទាំងឡាយ។ ការអប់រំសីលធម៌មានអត្ថន័យធំធេងណាស់ សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ក្នុងន័យសំខាន់នេះគឺដើម្បីអភិវឌ្ឍសមត្ថភាព និងការរស់នៅរបស់មនុស្សឱ្យបានប្រសើរ៕