ការលើកឡើងរបស់រាជរដ្ឋាភិបាលកម្ពុជារូបនេះ ធ្វើឡើងក្នុងពេលពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» និងសំណេះ សំណាលជាមួយកម្មករសំណង់ប្រមាណ ១,២០០ នាក់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៣។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ៖ «សមត្ថភាពនៅទីនេះ ទទួលរហូតទៅដល់ជិត ១ម៉ឺនគ្រែ ដែលអាចចាត់ទុកថា ជាមន្ទីរពេទ្យ បើនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺមន្ទីរពេទ្យនេះធំជាងគេបង្អស់ ហើយវាស្មើនឹង បើនិយាយ ពីមន្ទីរពេទ្យខ្មែរ-សូវៀត គឺមានចំនួនសមត្ថភាពទទួលបានអ្នកជំងឺនៅទីនេះ គឺស្មើនឹង ១០ដង នៃចំនួនមន្ទីរពេទ្យខ្មែរ-សូវៀត»។
អគារ«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»មានចំនួន១១អគារដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់(E)មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ,អគារព្យាបាលកម្រិតធ្ងន់(H1និង H2)មានគ្រែសរុបចំនួន៥២៧គ្រែ, អគារព្យាបាលកម្រិតស្រាល(H3,H4,H5,H6និងH7)មានគ្រែសរុប៨,៩៦៩ គ្រែ,គ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន៤៦គ្រែនិងគ្រែបុគ្គលិកស្នាក់នៅចំនួន២០៦ គ្រែ,អគារបច្ចេកទេស(T1),អគារបច្ចេកទេស (T2),អគារផ្គត់ផ្គង់និងព័ត៌មាន(A)មានទំហំ២,៨៣៥ ម៉ែត្រការ៉េ,អគារស្នាក់នៅសម្រាប់បុគ្គលិក (S)មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួនច្បារពណ៌បៃតងទំហំ ៤,៤៩០ ម៉ែត្រការ៉េ។
មន្ទីរពេទ្យជាតិដ៏ធំមួយនេះគ្រោងនឹងបញ្ចប់ការសាងសង់ រួចជាស្ថាពរនិងដាក់ឱ្យដំណើរការជាផ្លូវការនៅខែមិថុនាឆ្នាំ២០២៣។ ក្នុងករណីមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំមន្ទីរពេទ្យជាតិដ៏ធំមួយនេះអាចមានលទ្ធភាពទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ភនោះទេដោយមន្ទីរពេទ្យនេះបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ។
សូមជម្រាបថា មន្ទីរពេទ្យជាតិតេជោសន្ដិភាព ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ ដោយត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយក៏នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេស កម្ពុជាដែលផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ ជូនប្រជាពលរដ្ឋទូទាំងប្រទេស៕